ប្រាក់បៀវត្ស​មន្ត្រីរាជការ​និង​កម្លាំង​ប្រដាប់​វុ​ធ​ត្រូវបាន​ដំឡើង​ចាប់ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០២០​តទៅ​

01-01-2020 11:50 am 2866
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​លេខ​១៩២ អនក្របក ស្តី​ពី​ការកែប្រែ​តម្លៃ​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ ក្នុង​ឆ្នាំ​២០២០​។​អនុក្រឹត្យ​នេះ បានសម្រេច​កែប្រែ​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន​ពី​ចំនួន​២,៣៤០​រៀល ទៅ​ចំនួន​២,៥០០​រៀល ក្នុង​មួយ​ស​ន្ទ​ស្សន៍ ដែល​ចាប់​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០​នេះ​តទៅ​។​

​ការដំឡើង​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន​នេះ បាន​ធ្វើឲ្យ​កម្រិត​ប្រាក់​បៀវត្សទាប​បំផុត​របស់​មន្ត្រីរាជកា​រ​ស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និង​យោធិន ចាប់ពី​ខែ​មករា ឆ្នាំ​២០២០​មាន​ដូចខាងក្រោម​៖

​សម្រាប់​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ​ស៊ីវិល នៅ​ឆ្នាំ​២០២០​នេះ គឺ​ទទួលបាន  ១,១៤២,៥០០​រៀល ខណៈ​ដែល​ឆ្នាំ​២០១៩ មាន​ត្រឹមតែ ១,១០០,១០០​រៀល​ប៉ុណ្ណោះ​។​ចំពោះ​គ្រូបង្រៀន និង​គ្រូពេទ្យ គឺ​ឡើង​ពី​ប្រមាណ​១,២០០,១០០​រៀល ឆ្នាំ​២០១៩ ដល់​ប្រមាណ​១,២៤២,៥០០​រៀល នៅ​ខែ​មករា ឆ្នាំ​២០២០​។​រីឯ​នគរបាលជាតិ (​ពលបាលត្រី​)​គឺ​ប្រមាណ​ពី​១,១៨៤,៥៧៧​រៀល (​ដោយ​គិត​បញ្ចូល​របប​អង្ករ​) ឆ្នាំ​២០១៩ ដល់​ប្រមាណ​១,២២៦,៩៧៧​រៀល (​គិត​បញ្ចូល​របប​អង្ករ​) នៅ​ខែ​មករា ឆ្នាំ​២០២០ និង​យោធិន (​ពល​ទោ​) ប្រមាណ​១,០៥៥,៩០០​រៀល ឆ្នាំ​២០១៩ ដល់​ប្រមាណ​១,០៩៣,៥០០​រៀល នៅ​ខែ​មករា ឆ្នាំ​២០២០ (​មិន​គិត​បញ្ចូល​របប​អង្ករ​)​។​ចំពោះ​មន្ត្រី​ជាប់​កិច្ចសន្យា​នឹង​ត្រូវ​បាន​ដំឡើង​ដល់​ចំនួន ៦៧០,០០០​រៀល​សម្រាប់​ឆ្នាំ​២០២០​។​

​ដោយឡែក​សម្រាប់​ការដំឡើង ប្រាក់​ដំណាច់​មុខងារ នៅ​ខែ​មេសា ឆ្នាំ​២០២០​វិញ នឹង​ធ្វើឲ្យ​កម្រិត​ប្រាក់​បៀវត្សទាប​បំផុត​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​កើនឡើង​ដល់​១,១៧២,៥០០​រៀល​សម្រាប់​មន្ត្រីរាជកា​រ​ស៊ីវិល និង​គ្រូ​បង្រៀន​រួម​ទាំង​គ្រូពេទ្យ​ចាប់ពី​ខែ​មេសា ឆ្នាំ​២០២០ ឡើងដល់​១,២៧២,៥០០​រៀល​។​ចំណែក​នគរបាលជាតិ (​ពលបាលត្រី​) នឹង​ឡើង​ដល់​១,២៥៦,៩៧៧​រៀល (​គិត​បញ្ចូល​របប​អង្ករ​)​ហើយ​យោធិន (​ពល​ទោ​) នឹង​កើន​ដល់​១,១២៣,៥០០​រៀល​(​មិន​គិត​បញ្ចូល​របប​អង្ករ​)​តែ​បើ​គិត​បញ្ចូល​របប​អង្ករ​នឹង​ទទួល​បាន​ប្រមាណ ១,១៨១,៩៧៧​រៀល​។​

​សូម​ជម្រាប​ជូន​ដែរ​ថា កាលពីពេល​កន្លង​មក​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​ថា ក្រៅពី​ដំឡើង​ប្រាក់បៀវត្ស លោក​ក៏​បាន​កែសម្រួល​មិនឲ្យ​ជាប់​ពន្ធលើប្រាក់បៀវត្ស​នោះឡើ​យ ទាំង​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​កម្មករ​និយោជិត​។​លោក​បន្តថា នៅ​ឆ្នាំ​២០២០ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ដែល​មាន​ប្រាក់បៀវត្ស​ចាប់ពី ១​លាន​៣​សែន​រៀល​ឡើង​ទៅ​ទើប​ជាប់​ពន្ធ​៕

 

 

ព័ត៌មានផ្សេងទៀត