​លោក​សម រង្ស៊ី​​​ជូនពរ​ពលរដ្ឋ​ក្នុងឱកាស​ឆ្នាំ​ថ្មី​​ដោយ​ភ្ជាប់​ជាមួយ​រឿង​EBA​

01-01-2020 11:14 am 1019

​ក្នុងឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២០​នេះ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​ផ្ញើរ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ភ្ជាប់​ជាមួយ​រឿង​នយោបាយ ជាពិសេស​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ខណៈ​ដៃគូ​នយោបាយ​របស់លោក​គឺ​លោក កឹម សុខា បាន​ផ្ញើរ​សារ​ជូនពរ​ពលរដ្ឋ​ខ្មែរ ដែរ​។ ចំណែក​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​ដែលជា​គូប្រកួត​នយោបាយ​របស់​លោក សម រង្ស៊ី វិញ ក៏​ផ្ញើរ​សារ​ជូនពរ​ពលរដ្ឋ​ខ្មែរ​ផងដែរ​។ តើ​មាន​សារ​អ្វី​ទៀត​ដែល​អ្នកនយោបាយ​ខ្មែរ​ផ្ញើរ​ជូន​ជនរួមជាតិ​ក្នុងឱកាស​ឆ្នាំ​ថ្មី​២០២០​នេះ​? 

​លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២០​នេះ លោក​បាន​ផ្ញើរ​សារ​ជូនពរ​ប្រជាជន​កម្ពុជា ឲ្យមាន​សុខភាព​ល្អ មាន​សុភមង្គល​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន ហើយ​សូមឲ្យ​ទទួលបាន​ជោគ​ជ័យ ដូច​សេចក្តីប្រាថ្នា ក្នុង​គម្រោង​ការងារ គម្រោង​សិក្សា និង​គម្រោង​ដ៏​សុច្ចរិត​គ្រប់បែបយ៉ាង​ទាំងអស់​។ ជាមួយគ្នានេះ លោក​ថែមទាំង​ជូនពរ​ប្រទេស​កម្ពុជា ទទួលបាន​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន ដូច​អ្វីដែល​ប្រជារាស្ត្រ​ខ្មែរ​ភាគច្រើន​លើសលប់​ប្រាថ្នា​ចង់បាន គឺ​ការគោរព​ឆន្ទៈ​របស់​ប្រជារាស្ត្រ ដែល​ស្រលាញ់​សេរីភាព និង​យុត្តិធម៌ ហើយ​ចង់​រស់នៅ​ក្រោម​របប​ប្រជាធិបតេយ្យ​ដ៏​ពិតប្រាកដ​។​

​ចំណែក​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ដៃគូ​នយោបាយ​របស់លោក សម រង្ស៊ី វិញ លោក​បាន​ផ្ញើរ​សារ​ជូនពរ​ប្រជាជន​កម្ពុជា​យ៉ាង​ដូច្នេះ​ថា «​សួស្តី​ឆ្នាំ​ថ្មី​២០២០! សូមឲ្យ​ទស្ស​វត្តន៍​ថ្មី​នេះ​នាំមក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​នាំ​កម្ពុជា​ឆ្ពោះទៅរក​សន្តិភាព​ពិតប្រាកដ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យទទួល​បានសេចក្តីសុខ​ទាំងកាយ​និង​ចិត្ត​។​

​ដោយឡែក​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​ដែលជា​គូប្រកួត​នយោបាយ​របស់​លោក សម រង្ស៊ី វិញ លោក​បាន​ផ្ញើរ​សារ​ជូនពរ​ប្រជាជន​កម្ពុជា យ៉ាង​ដូច្នេះ​ថា «​សួស្តី​ឆ្នាំ​ថ្មី​២០២០ បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​សកល​ថ្មី​២០២០ កាលពី​យប់មិញ​ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​។ ឱកាស​នៃ​ការចូលរួម​អបអរសាទរ និង​កំសាន្ត​សប្បាយ​នៅក្នុង​ពិធីបុណ្យ​តូចធំ​ទាំងអស់នេះ​បាន គឺ​ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​។ លោក ហ៊ុន សែន ថា​គ្មាន​សន្តិភាព គឺ​គ្មានអ្វីៗ​ទាំងអស់ ហើយ​លោក​ថែមទាំង​អរគុណ​ជនរួមជាតិ និង​កូនក្មួយ​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​នៅក្នុង​ប្រទេសជាតិ​យើង និង សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ជា​ទីស្រឡាញ់​ទាំងអស់ នៅក្នុង​ឆ្នាំ​ថ្មី ២០២០​នេះ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ ជាមួយនឹង​ពុទ្ធពរ​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា សារ​ជូនពរ​របស់លោក សម រង្ស៊ី បាន​ភ្ជាប់​ជាមួយនឹង​រឿង​នយោបាយ​ផងដែរ ដោយ​ក្នុងនោះ​លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា «​សូមឲ្យ​ប្រទេស​កម្ពុជា​រក្សាបាន​នូវ​ប្រ​ព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដើម្បី​រក្សា​ទីផ្សារ​នៅ​ទ្វីបអឺរ៉ុប និង​រក្សា​ការងារ​និង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​កម្មការិនី​រាប់សែន​នាក់​។ សូមឲ្យ​ជនរងគ្រោះ​ដោយ​អំពើអ​យុត្តិធម៌​គ្រប់បែប​យ៉ាង​ទាំង​អស់ពី​អតីតកាល ទទួលបាន​នូវ​យុត្តិធម៌​ត្រឹមត្រូវ ក្នុងអំឡុង​ឆ្នាំ​ថ្មី​នេះ​។ សូមឲ្យ​យុវជន យុវតី​ខ្មែរ អាយុ​ក្រោម​៣៥​ឆ្នាំ ដែល​តាំងពី​កើតមក មិនដែល​ស្គាល់​អ្វី ក្រៅពី​អំណាច​ផ្តាច់ការ និង​ភាពព្រៃផ្សៃ ក្រោម​របប​សព្វថ្ងៃ ដឹកនាំ​ដោយ​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែលជា​ជន​អវិជ្ជា អសីលធម៌ និង​អសមត្ថភាព ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​ពុករលួយ​ជាងគេ ក្រីក្រ​ជាងគេ និង​អន់ថយ​ជាងគេ​ក្នុង​ពិភពលោក សូមឲ្យ​យុវជន យុវតី​ទាំងនោះ ចាប់ផ្តើម​ឃើញ​ពន្លឺ​សេរីភាព ប្រកបដោយ​យុត្តិធម៌ និង​បញ្ញាញាណ ដែល​នឹង​នាំ​ផ្លូវ​ឲ្យ​យុជន យុវតី​ទាំងនោះ ធ្វើដំណើរ​ឆ្ពោះទៅរក​អនាគត​ដ៏​ភ្លឺ​ថ្លា​រុងរឿង ដូច​យុវជន យុវតី ក្នុង​អរិយ​ប្រទេស លើ​ពិភពលោក ដែល​ថ្នាក់ដឹកនាំ​គេ​មាន​លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​»​។​

​ជាមួយគ្នា​នោះ​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ក៏បាន​ទទូច​សូមឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ចេះ​ភ្ញាក់ខ្លួន និង​ចេះ​កែ​ខ្លួន បើ​អាច​ធ្វើទៅបាន ហើយ​សូមឲ្យ​មាន​ឆន្ទៈ​កែលម្អ​នយោបាយដ៏​អាក្រក់​របស់ខ្លួន ជាពិសេស​សូមឲ្យ​ចេះ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដើម្បី​បញ្ចៀស​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។ 
​លោក សម រង្ស៊ី ក៏​សូមឲ្យ​កម្លាំង​ប្រជារាស្ត្រ គឺ​កម្លាំង​ជនជាតិខ្មែរ ដែល​ស្រលាញ់​ជាតិ ស្រលាញ់​ទឹកដី ស្រលាញ់​សេរីភាព និង​ស្រលាញ់​យុត្តិធម៌ ទន្ទឹមនឹង​មាន​ឆន្ទៈ​ប្រឆាំង​អំពើពុករលួយ និង​គំនិត​បក្ខពួកនិយម និង​គ្រួសារនិយម សូមឲ្យ​កម្លាំង​អ្នកស្នេហាជាតិ​និង​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​ទាំងនោះ ទទួលបាន​ជ័យជំនះ​ជា​ស្ថាពរ​ផងដែរ​។​

​ទាក់ទង​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះដែរ កន្លងទៅ​ថ្មីៗ​នេះ លោក សម រង្ស៊ី បាន​លើកឡើងថា ប្រសិនបើ​មាន​ការដក ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នៅក្រោយ​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ មែន​នោះ លោក​នឹង​បំផុស​ឲ្យ​កម្មករ និង​ប្រជាពលរដ្ឋ​ខ្មែ ឲ្យ​ងើប​តវ៉ា​ប្រឆាំងនឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​ងើប​តវ៉ា​ប្រឆាំង​ដោយ​លោក​យល់ថា​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​នាំឲ្យ​ប៉ះពាល់​ដល់​ការងារ​កម្មករ និង​ធ្វើឲ្យ​ពួកគេ​ជួប​ការលំបាក​នៅក្នុង​ជីវភាព តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ចំអក​ឱ្យ​ថា ការប្រកាស​នេះ​វា​គឺជា​វប្បធម៌​នយោបាយ​ចាស់​ដដែលៗ ដូចជា​ការប្រកាស​វិល​ចូល​ស្រុក​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា គឺ​គាត់​មិនមាន​សង្ឃឹមលើ​កម្លាំង​ខ្លួនឯង​ទេ បែរជា​បំផុស​ឲ្យ​កងទ័ព និង​កម្មករ​ក្រោក​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល ដើម្បី​បើកផ្លូវ​ឲ្យ​ខ្លួន​បាន​ចូល​ស្រុក​ទៅវិញ​។​

​លោក សុខ ឥសាន តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម (Telegram) ធ្លាប់​លើកឡើងថា អ្នក​តាំងខ្លួន​ថា​ព្រួយបារម្ភ​ពី​ការបាត់ EBA គឺ​កំពុង​បំភិតបំភ័យ​សង្គម និង ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​។ លោក សុខ ឥសាន ថែមទាំង​បញ្ជាក់ទៀតថា អ្នក​ដែល​ដក​ប្រព័ន្ធ​EBA ពី​កម្ពុជា គឺជា​អ្នករំលោភ​សិទ្ធិមនុស្ស​លើ​កម្មករនិយោជិត​កម្ពុ​ជា និង​ប្រជាជន​កម្ពុជា ដែល​រង​ផលប៉ះពាល់​ផងដែរ​។​

​សូម​ជម្រាបជូន​ដែរថា សហភាព​អឺរ៉ុប​បាន​ផ្ញើ​របាយការណ៍​របស់ខ្លួន​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា​កន្លងទៅ និង​ទុក​រយៈពេល​១​ខែ ដើម្បីឱ្យ​ភាគី​កម្ពុជា​ធ្វើ​ការឆ្លើយតប​។ បន្ទាប់ពី​កម្ពុជា​ឆ្លើយតប សហភាព​អឺរ៉ុប​នឹងធ្វើ​សេចក្តីសម្រេចចិត្ត​មួយ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២០ ថា​តើ​ត្រូវ​ដក​ការអនុគ្រោះ​ពន្ធ​របស់​កម្ពុជា​ជា​បណ្តោះអាសន្ន ឬ យ៉ាងណា​។ សេចក្តីសម្រេចចិត្ត​នេះ គឺ​ត្រូវធ្វើឡើង​ដោយ​សំឡេង​ភាគច្រើន​នៅក្នុង​ចំណោម​សមាជិក​ទាំង ២៧ នៃ​គណៈកម្មការ​អឺរ៉ុប​៕

 

 


ព័ត៌មានផ្សេងទៀត