លោក​គីម ជុង​អ៊ុន​​អំពាវនាវ​​ឲ្យ​ចាត់វិធានការ​​ធានា​​អធិបតេយ្យភាព​​និង​សន្ដិសុខ​ជាតិ​

30-12-2019 6:45 pm 264
  ស្តាប់
មេដឹកនាំកូរ៉េខាងជើង​លោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​អំពាវនាវ​ឲ្យ​ចាត់វិធានការ​វិជ្ជមាន ដើម្បី​ត្រៀម​ការពារ​ខ្លួន​ធានា​នូវ​អធិបតេយ្យភាព​និង​សន្ដិសុខ​ប្រទេសជាតិ​ផង ក៏ដូចជា​ត្រៀម​ដើម្បី​វាយប្រហារ​ផង​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បក្ស​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​ព្យុងយ៉ាង លោក​គីម​ស្នើឲ្យ​ចាត់វិធានកា​រលើ​វិស័យ​ជាច្រើន តួយ៉ាង​មាន​វិស័យ​កិច្ចការបរទេស ឧស្សាហកម្ម​សព្វាវុធ កងកម្លាំងប្រដាប់អាវុធ និង​តម្រូវការ​ចំ​បាច់​មួយទៀត​គឺ​ការវាយលុក ដើម្បី​ធានាឲ្យបាន​ពេញលេញ​នូវ​អធិបតេយ្យភាព​និង​សន្ដិសុខ​ប្រទេសជាតិ​។​

​កិច្ចប្រជុំ​បក្ស​កាន់អំណាច​កូរ៉េខាងជើង​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ គឺជា​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​ធំ​បំផុត​លើក​ទី​៧​គិត​តាំងពី​ឆ្នាំ​២០១៣ ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​គីម ជុង​អ៊ុន​។ កិច្ចប្រជុំ​ដើម្បី​បង្កើត​គោលនយោបាយ​សំខាន់ៗ​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជា​៣០០​នាក់​។ កាលពី​ឆ្នាំ​២០១៨​គណៈកម្មាធិការ​កណ្ដាល​បក្ស​ក៏បាន​ជួបជុំគ្នា​ដែរ​ប៉ុន្ដែ​មាន​ទ្រង់ទ្រាយ​តូច​ជាង​នេះ​។ 

​តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA កិច្ចប្រជុំ​ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃអាទិត្យ​នៅ​មិនទាន់​បញ្ចប់​ឡើយ ហើយ​នេះ​ក៏​ជា​លើកទីមួយ​ដែលមាន​រយៈពេល​លើស​ពីមួយថ្ងៃ​គិត​តាំងពី​ចុងឆ្នាំ​២០១១​នៅពេល​លោក​គីម​ចូល​កាន់តំណែង​។ ការអំពាវនាវ​របស់​លោក​គីម ជុង​អ៊ុន ធ្វើ​ឡើងខណៈ​មាន​ការព្រួយបារម្ភ​ខ្លាច​កូរ៉េខាងជើង​ឈប់​ចរចា​ជាមួយ​អាមេរិក ទាក់ទង​នឹង​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែ​រ​។ 

​លោក​យ៉ាង មូជី​ន​សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ​កូរ៉េខាងជើង  សិក្សា​នៅក្នុង​ទីក្រុង​សេ​អ៊ួ​ល​ប្រទេស​កូរ៉េខាងត្បូង​បាន​វិភាគ​ថា វិធានការ​វិជ្ជមាន​និង​វាយប្រហារ​ដែល​លោក​គីម​បាន​និយាយ ទំនង​មានន័យ​ជា​សកម្មភាព​បង្កហេតុ​កម្រិត​ខ្ពស់​ប្រឆាំង​អាមេរិក​និង​ប្រឆាំង​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​ធ្លាប់​ប្រកាស​កន្លងមក​ថា​ប្រសិន​អាមេរិក​មិន​ធ្វើ​សម្បទាន​តាម​ការស្នើសុំ  នោះ​ខ្លួន​នឹង​ចាត់វិធានការ​ផ្សេង​ដោយ​កំណត់​ត្រឹម​ចុងឆ្នាំ​២០១៩​ជា​ថ្ងៃ​ផុតកំណត់​ការ​អត់ទ្រាំ​៕

ព័ត៌មានផ្សេងទៀត