សាលាឧទ្ធរណ៍​​បដិសេធ​​បណ្ដឹង​សាទុក្ខ​​របស់​​អតីត​​អ្នកសារ​ព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​​

30-12-2019 3:58 pm 268
លោក អ៊ួ​ន ឈិន និង លោក យាង សុធា​រិន្ទ ហៅ​យាង សុជា​មេត្តា ។

​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣០ ធ្នូ​នេះ បាន​ច្រាន​ចោល​បណ្ដឹងសាទុក្ខ​របស់​អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​បើក​ការស៊ើបអង្កេត​សំណុំរឿង​របស់​ពួកគេ​បន្ថែមទៀត​។​ការបដិសេធ​របស់​សាលាឧទ្ធរណ៍​នេះ ត្រូវបាន​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​បង្ហាញ​ការខកចិត្ត ហើយ​ចាត់​ទុក​សេចក្ដីសម្រេច​របស់​តុលាការ​ថា មាន​ចេតនា​ចង់​ធ្វើបាប​ពួកគាត់​។ ដោយ គួន សំបូរ​

​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានប្រកាស​ច្រាន​ចោល​បណ្ដឹង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ការប្រកាស​បដិសេធ​នេះ​ដោយ​ចៅក្រម​ជំនុំជម្រះ ពន្យល់ថា សំណុំរឿង​នេះ​កំពុង​ធ្វើ​ការស៊ើបអង្កេត​។​

​គួរបញ្ជាក់​ថា  ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែតុលា បាន​សម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​សំណុំរឿង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ ហៅ យាង សុជា​មេត្តា បន្ថែម​ពី​បទ​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស ដោយ​ថា ការស៊ើបអង្កេត​កន្លង​មក​នៅ​មាន​ចំណុច​ខ្វះខាត​។​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ មិន​សុខចិត្ត​នឹង​សេចក្ដីសម្រេច​របស់​ចៅក្រម ហើយ​បាន​ប្ដឹង​សាទុក្ខ​មក​សាលាឧទ្ធរណ៍​។​

​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​នៅពេលនេះ  អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក យាង សុធា​រិន្ទ បង្ហាញ​ការខកចិត្ត ហើយ​ចាត់​ទុក​សេចក្ដីសម្រេច​របស់​តុលាការ​ថា មាន​ចេតនា​ចង់​ធ្វើបាប​ពួកគាត់ ដោយសារ ពួកគាត់​ជា​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​។​សម្រាប់​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​នេះ បាន​សង្កត់ធ្ងន់ថា បើ​ទោះបី​ពួកគេ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​សេរីភាព​នៅ​រឹតត្បិត​នៅឡើយ ទៅ​តាម​លក្ខខណ្ឌ​តុលាការ បើសិន​នៅតែ​បន្ត​អូសបន្លាយ​តទៅទៀត វា​ធ្វើឱ្យ​ពួកគេ​ខាត​ប្រយោជន៍​។​

 លោក អ៊ួ​ន ឈិន និង លោក យាង សុធា​រិន្ទ ហៅ​យាង សុជា​មេត្តា ត្រូវបាន​តុលាការ​បទចោទប្រកាន់​ពីរ បទ​ចោទ​។​ទីមួយ គឺ​បទ​«​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​» និង បទ​ចោទ​ទី​ពីរ គឺ បទ​«​ផលិត​និង​កាន់កាប់​រូបភាព​អាសអាភាស​»​។ តាមរយៈ​បទចោទប្រកាន់​ទាំងពីរ​នេះ លោក អ៊ួ​ន ឈិន និង លោក យាង សុធា​រិន្ទ ហៅ​យាង សុជា​មេត្តា ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​១​ឆ្នាំ​។​

​ក្រោយមកគឺ​កាលពី​ខែ​សីហា ឆ្នាំ​២០១៨  អ្នក​ទាំង​ពីរ​ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន តែ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ អតីត​អ្នកកាសែត​ទាំងពីរ​ធ្លាប់​បាន​ទាមទារ និង​ប្តឹងតវ៉ា​សុំឱ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទ​មក​លើ​ពួកគេ​ដែរ តែ​មិន​ទទួលបាន​ផល​អ្វី​ឡើយ​៕

 ពាក្យគន្លឹះ  អាស៊ីសេរី

ព័ត៌មានផ្សេងទៀត