លោក​សុខ ឥសាន​ថា​ការ​បំផុស​របស់​លោក​សម រង្ស៊ី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​រដ្ឋាភិបាល​ជា​វប្បធម៌​នយោបាយ​ចាស់​

30-12-2019 3:02 pm 533
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​សម រង្ស៊ី អតីត​ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ពេល​ថ្មីៗ​កន្លងទៅ​ថា ប្រសិនបើ​មាន​ការដក ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នៅ​ក្រោយ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ឆ្នាំ​២០២០​មែន​នោះ លោក​នឹង​បំផុស​ឲ្យ​កម្មករ និង​ប្រជា​ពលរដ្ឋ​ខ្មែ ឲ្យ​ងើប​តវ៉ា​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​ងើប​តវ៉ា​ប្រឆាំង​ដោយ​លោក​យល់ថា​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​នាំឲ្យ​ប៉ះពាល់​ដល់​ការងារ​កម្មករ និង​ធ្វើឲ្យ​ពួកគេ​ជួប​ការលំបាក​នៅក្នុង​ជីវភាព​។​

​ជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​លោក​សម រង្ស៊ី​ខាងលើនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​តាម​ខ្សែ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ថា ការប្រកាស​នេះ​វា​គឺជា​វប្បធម៌​នយោបាយ​ចាស់​ដដែលៗ ដូចជា​ការប្រកាស​វិល​ចូល​ស្រុក​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា គឺ​គាត់​មិន​មាន​សង្ឃឹម​លើ​កម្លាំង​ខ្លួនឯង​ទេ បែរ​ជា​បំផុស​ឲ្យ​កងទ័ព និង​កម្មករ​ក្រោក​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល ដើម្បី​បើកផ្លូវ​ឲ្យ​ខ្លួន​បាន​ចូល​ស្រុក​ទៅ​វិញ​...

​សំឡេង​លោក​សុខ ឥសាន​៖

​ទាក់ទង​ទៅនឹង​ការព្យួរ ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA នេះ កាលពីពេល​កន្លង​មក​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​យ៉ាង​ច្បាស់​ថា លោក​មិន​ខ្វាយខ្វល់​នឹង​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នោះទេ ហើយ​ថា បើ​សហភាព​អឺរ៉ុប​ចង់​ធ្វើ​យ៉ាងម៉េច​ក៏​ធ្វើ​ទៅ​។​ការបញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី នាពេលនោះ គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ដែល​ក្រសួងការបរទេស​កម្ពុ​ជា បញ្ជូន​របាយការណ៍រ​បស់​ខ្លួន​ទៅ​កាន់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ដើម្បី​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​បឋម​ទី​២​ស្តី​ពី​ការផ្អាក​ការ​អនុគ្រោះ​ពន្ធ​EBA ជា​បណ្តោះអាសន្ន​សម្រាប់​កម្ពុជា​។​

សូម​ជម្រាប​ជូន​ដែរ​ថា សហភាព​អឺរ៉ុប​បាន​ផ្ញើ​របាយការណ៍​របស់​ខ្លួន​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​កន្លង​ទៅ និង​ទុក​រយៈពេល​១​ខែ ដើម្បី​ឱ្យ​ភាគី​កម្ពុជា​ធ្វើ​ការឆ្លើយតប​។ បន្ទាប់​ពី​កម្ពុជា​ឆ្លើយតប សហភាព​អឺរ៉ុប​នឹង​ធ្វើ​សេចក្តីសម្រេចចិត្ត​មួយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២០ ថា​តើ​ត្រូវ​ដក​ការអនុគ្រោះ​ពន្ធ​របស់​កម្ពុជា​ជា​បណ្តោះអាសន្ន ឬ យ៉ាងណា​។ សេចក្តីសម្រេចចិត្ត​នេះ គឺ​ត្រូវ​ធ្វើឡើង​ដោយ​សំឡេង​ភាគច្រើន​នៅក្នុង​ចំណោម​សមាជិក​ទាំង ២៧ នៃ​គណៈកម្មការ​អឺរ៉ុប​៕

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត