បណ្ឌិតឈឹម ផលវរុណ៖ស្ថាប័នឧត្ដមក្រុមប្រឹក្សាបំពេញការងារក្នុងកាតព្វកិច្ចដែលច្បាប់ប្រគល់ឲ្យ

30-12-2019 11:57 am 502

លោកបណ្ឌិតឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងឲ្យដឹងថា ស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បំពេញការងារគឺស្ថិតក្រោមកាតព្វកិច្ច ដែលច្បាប់ប្រគល់ឲ្យ រីឯបុគ្គលណាម្នាក់បង្ហាញឆន្ទៈពេញចិត្ត ឬមិនពេញចិត្ត គឺសិទ្ធិសេរីភាពរបស់ពួកគេ។

ការថ្លែងឲ្យដឹងដូចនេះ បន្ទាប់ពីអ្នកវិភាគបញ្ហានយោបាយ លោកបណ្ឌិតមាស នី និងលោករ៉ុង ឈុន អ្នកឃ្លាំមើលស្ថានការណ៍នៅកម្ពុជា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា មិនគួរឲ្យមានស្ថាប័នក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅអាណត្តិក្រោយទៀតនោះ ដោយលោកទាំង២មើលមិនឃើញមានប្រយោជន៍អ្វីសម្រាប់ជាតិ ក្រៅពីប្រយោជន៍នយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឡើយ។

យ៉ាងណាក៏ដោយលោកបណ្ឌិតឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងប្រាប់វិទ្យុវាយោFM ថា ការមើលឃើញខាងលើរបស់លោកបណ្ឌិតមាស នី និងលោករ៉ុង ឈុន គឺជាទស្សនៈ និងជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ មិនពាក់ព័ន្ធអ្វីនឹងការបំពេញតួនាទី ភារកិច្ចរបស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ឡើយ។ ក្នុងនោះស្ថាប័នឧត្ដមក្រុមប្រឹក្សា គឺបំពេញតួនាទីភារកិច្ចរបស់ខ្លួន ទៅតាមច្បាប់ដែលប្រគល់ឲ្យប៉ុណ្ណោះ។

លោកបណ្ឌិតឈឹម ផលវរុណ បានថ្លែងយ៉ាងដូច្នេះថា”នេះជាទស្សនៈឯកជនរបស់បុគ្គលម្នាក់ៗ ជាសិទ្ធិសេរីភាពគាត់យល់ឃើញយ៉ាងម៉េច ពេញចិត្ត មិនពេញចិត្ត ឬក៏យល់ឃើញផ្សេងអាហ្នឹង គឺសិទ្ធិរបស់បុគ្គលយើងគ្មានទៅពាក់ព័ន្ធ នឹងការបញ្ចេញមតិរបស់បុគ្គលទេ”។

ជាមួយគ្នានេះលោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ថា សមត្ថកិច្ចរបស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មិនមែនជាស្ថាប័នកាត់សេចក្ដីនរណាខុស នរណាត្រូវ ឬក៏ជាស្ថាប័ននៃការដោះស្រាយបញ្ហាទេ។ ប៉ុន្តែយន្តការឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ គឺជាយន្តការសិក្សាស្រាវជ្រាវរកព័ត៌មានពិត រកភាពមិនប្រក្រតី ឬរកដើមចមនៃទំនាស់ តាមដានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបញ្ហាពុករលួយក្នុងសង្គមជាដើម ដើម្បីដាក់របាយការណ៍ ជូននាយករដ្ឋមន្រ្ដីពិនិត្យ និងដោះស្រាយ។

ចំណែកលោកពេជ្រ ស្រស់ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា រូបលោកចង់ដាក់ការភ្នាល់ជាមួយលោកបណ្ឌិតមាស នី និងលោករ៉ុង ឈុន បើសិនជាការវិភាគរបស់បុគ្គលទាំង២រូបនេះ អាចជួយដល់ពលរដ្ឋជនរងគ្រោះដីធ្លី ឲ្យទទួលបានដំណោះស្រាយពីរដ្ឋាភិបាលបាន និងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួនទៀត បានដូចជាការដណ្តើមដែនសមុទ្រ​ពីជនទុច្ចរិត និងបញ្ហាផ្សេងទៀតបាន គឺលោកពេជ្រ ស្រស់ នឹងដើរចេញពីយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំងរំលាយគណបក្សយុវជនកម្ពុជាចោលតែម្តង ហើយរូបលោកនឹងឈប់ប្រឡូក ក្នុងឆាកនយោបា យអស់មួយជីវិត។

ម្យ៉ាងទៀតលោកពេជ្រ ស្រស់ ស្នើដល់លោកបណ្ឌិតមាស នី និងលោករ៉ុង ឈុន ពិនិត្យមើឃើញរបាយការណ៍របស់ប្រតិភូបក្សយុវជនកម្ពុជា ដែលបានបំពេញការងារកន្លងមកនោះ គឺមានប្រជាពលរដ្ឋចំនួន៣១១៣ គ្រួសារ ត្រូវបានដោះស្រាយបញ្ហានានាជូនពួកគាត់៕ 

 

ព័ត៌មានផ្សេងទៀត