អង្គការលើកលែងទោសអន្តរជាតិ បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការតាមយាយីទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលភៀសខ្លួនផ្នែកនយោបាយទៅនៅប្រទេសថៃដើម្បីស្វែងរកសិទ្ធិជ្រកកោណ។ ការទទួចបែបនេះ គឺបន្ទាប់ពីសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានជនស្លៀកពាក់ស៊ីវិលវាយប្រហារលើរាងកាយនៅទីក្រុងបាងកក ប្រទេសថៃ កាលពីពេលថ្មីៗនេះ។
អង្គការលើកលែងទោសអន្តរជាតិទទូចឱ្យរដ្ឋាភិបាលកម្ពុជាត្រូវឈប់តាមយាយីរំខានដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលភៀសខ្លួនផ្នែកនយោបាយនៅប្រទេសថៃបន្តទៀត ដោយសារតែសកម្មជនអតីគណបក្សសង្គ្រោះជាតិម្នាក់ដែលភៀសខ្លួននៅក្រៅប្រទេសត្រូវបានជនសង្ស័យវាយប្រហារលើរាងកាយនៅទីក្រុងបាងកក កាលពីយប់ថ្ងៃទី២២ ធ្នូកន្លងទៅ។អង្គការលើកលែងទោសអន្តរជាតិលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ «អាជ្ញាធរកម្ពុជាត្រូវតែបញ្ឈប់ការយាយីនិងការបំភិតបំភ័យជាបន្ទាន់ទៅសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ខណៈសកម្មជនសំខាន់ៗនៃគណបក្សប្រឆាំងនេះ កំពុងភៀសខ្លួននៅប្រទេសថៃដើម្បីស្វែងរកសិទ្ធិជ្រកកោណ»។
អង្គការអន្តរជាតិមួយនេះ បានបញ្ជាក់ថា ខ្លួនបានទទួលព័ត៌មានថាលោកសួន ចំរើន អាយុ ៣៧ ឆ្នាំជាសកម្មជនគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ត្រូវរងការវាយប្រហារដោយបុរស២នាក់មកលើរាងកាយនិងប៉ុនប៉ងចាប់ដាក់រថយន្តបញ្ជួនមកកម្ពុជាវិញ។ បើតាមអង្គការលើកលែងទោសអន្តរជាតិ លោក ចំរើន គឺមនុស្សម្នាក់ក្នុងចំណោមសកម្មជន៣៩នាក់ដែលត្រូវបានក្រសួងការបរទេសកម្ពុជាមោឃៈភាពចោលលិខិតឆ្លងដែនរបស់ពួកគេ ហើយក៏ជាមនុស្សម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង១៨នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួន ក្រោមការចោទប្រកាន់ពី លោក ហ៊ុន សែន ថាក្បត់ជាតិ។ ជាមួយគ្នានេះអង្គការលើកលែងទោសអន្តរជាតិ ក៏ទទូចឲ្យបញ្ឈប់ជាបន្ទាន់រាល់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងការស៊ើបការណ៍លើពលរដ្ឋខ្មែរ ជនភៀសខ្លួនខ្មែរនៅប្រទេសថៃ។ អង្គការនេះ ក៏ស្នើឲ្យអាជ្ញាធរថៃ ត្រូវធានាថា រាល់បុគ្គលស្នាក់នៅប្រទេសថៃ នឹងទទួលបានការពារពីអាជ្ញាធរ និងមិនត្រូវរងការចាប់ខ្លួនដោយអនាធិបតេយ្យនោះទេ។
សូមបញ្ជាក់ថា លោក សួន ចំរើន ជាសមាជិកក្រុមការងាររបស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបងដែលមានស្នាមជាំលើរាងកាយ បានអះអាងថា កាលពីម៉ោង ៩កន្លះ យប់ថ្ងៃទី២២ ខែធ្នូ មានបុរស២នាក់បានអះអាងថា ពួកគេជាប៉ូលិសខ្មែរ បានយកដំបងឆក់កញ្ចឹងក និងវាយដំមកលើរូបលោកជាច្រើនកន្លែង ហើយចាប់បង្ខំរូបលោកឱ្យចូលក្នុងរថយន្តដែលនៅចាំក្បែនោះដើម្បីបញ្ជូនត្រឡប់ទៅកម្ពុជាវិញតែលោកបានស្រែកឲ្យគេជួយទាន់ពេល។ តែយ៉ាងណាក៏ដោយភាគីរដ្ឋាភិបាលកម្ពុជា បានបដិសេធនិងបានអះអាងថា ប៉ូលិសកម្ពុជាពុំបានទៅចាប់សកម្មជនគណបក្សប្រឆាំងនៅប្រទេសថៃដូចការចោទប្រកាន់នោះឡើយ៕