តុលាការ​​បន្ត​កោះហៅ​​សកម្មជន​​ឱ្យចូល​​បំភ្លឺ​ពី​​សំណុំរឿង​​ក្បត់​ជាតិ​​លោក​កឹម សុខា​​

30-12-2019 10:21 am 406

​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ចុងឆ្នាំ​២០១៩​នេះ បាន​បន្ត​ចេញ​ដីកា​កោះហៅ​សកម្មជន​បរិស្ថាន និង​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ចូល​បំភ្លឺ​ក្នុង​សវនាការ​សួរដេញដោល​ក្នុងនាម​ជា​សាក្សី ទាក់ទង​នឹង​សំណុំរឿង​សន្និដ្ឋិភាព​ជាមួយ​បរទេស​របស់​លោក កឹម សុខា​។​សំណុំរឿង​លោក កឹម សុខា ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ ខាងមុខនេះ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​ពេញ​អង្គសេចក្តី ដើម្បី​កាត់ទោស​សំណុំរឿង​ក្បត់ជាតិ​។ 

​លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាកោះ​ដាច់ដោយឡែក​ពីគ្នា​ហៅ​សកម្មជន​បរិស្ថាន និង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​ឱ្យ​ចូល​បំភ្លឺ​ក្នុង​សវនាការ​សួរដេញដោល​ក្នុងនាម​ជា​សាក្សី ទាក់ទង​នឹង​សំណុំរឿង​សន្និដ្ឋិភាព​ជាមួយ​បរទេស​របស់​លោក កឹម សុខា​។​

​គិត​ត្រឹម​ថ្ងៃនេះ មាន​មនុស្ស​ចំនួន​ពីរ​នាក់​ហើយ​ដែល​គ្នា​ស្គាល់​ថា ជា​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​តុលាការ​កោះហៅ​ក្នុងនោះ​រួមមាន​៖ លោក​ម៉ា ចិ​ត្រា គឺ​អ្នក​ថតរូប​និង អ្នក​ការពារ​បរិស្ថាន លោក​ហ៊ុន ហើយ ហៅ​ក្រៅ​ថា ហ៊ុន ដា​រ៉ា សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​អ្នក​ទាំង​ពីរ​នាក់ តុលាការ​តម្រូវ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​សវនាការ​សួរដេញដោល​ក្នុងនាម​ជា​សាក្សី នៅវេលា​ម៉ោង ៨​និង​៣០ នាទី​ព្រឹក​នា​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​លោក​ម៉ា ចិ​ត្រា និង លោក​ហ៊ុន ដា​រ៉ា គឺ​អ្នក​ថតរូប​និង អ្នក​ការពារ​បរិស្ថាន ហើយ​ជា​អ្នកសរសេរ​ព័ត៌មាន​ខ្លីៗ ទាក់ទង​ការកាប់បំផ្លាញ​ព្រៃឈើ ធនធានធម្មជាតិ និង​រឿង​អយុត្តិធម៌​ផ្សេងៗ​ដើម្បី​ធ្វើការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ហើយ​រូបគេ​ក៏​ជា​អតីត​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។​

​ទាក់ទង​នឹង​ដីកាកោះ​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ម៉ា ចិ​ត្រា ធ្លាប់​បាន​សម្តែង​ការហួសចិត្ត​ពី​ការកោះហៅ​នេះ ព្រោះថា​ការងារ​របស់​លោក​កន្ល​ង​មក​ត្រឹមតែ​ជា​អ្នក​ថតរូប អ្នក​ការពារ​បរិស្ថាន ហើយ​ជា​អ្នកសរសេរ​ព័ត៌មាន​ខ្លីៗ ទាក់ទង​ការកាប់បំផ្លាញ​ព្រៃឈើ ធនធានធម្មជាតិ និង​រឿង​អយុត្តិធម៌​ផ្សេងៗ តែ​បែរ​មក​ជាប់​ពាក់ព័ន្ធ​ករណី​សន្និដ្ឋិភាព​ជាមួយ​បរទេស​ទៅ​វិញ​។​

​គួរបញ្ជាក់​ថា សំណុំរឿង​លោក កឹម សុខា ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ ខាងមុខនេះ នឹង​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ពេញអង្គ ដើម្បី​កាត់ទោស​សំណុំរឿង​ក្បត់ជាតិ​។​បច្ចុប្បន្ន​ក្រុម​មេធាវី​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់ហើយ ដើម្បី​តស៊ូ​លើ​សមរភូមិ​ច្បាប់​។​បើ​តាម​មេធាវី​បាន​បញ្ជាក់​ដែរ​ថា លោក​កឹម សុខា នឹងចូលរួម​សវនាការ​ដោយផ្ទាល់​តាម​ការតម្រូវ​របស់​តុលាការ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ពីបទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេសច​ង់​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។ កាលពី​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា កន្លងទៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​សំណុំរឿង​របស់លោក ហើយ​ការប្រកាស​បិទ​ការស៊ើបអង្កេត​នេះ ធ្វើ​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​ទេ​ក្រោយពី​លោក​ត្រូវបាន​តុលាការ​ពង្រីក​សេរីភាព​ឱ្យ​ដើរហើរ​បាន​តាមចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត