មនុស្ស​ស្លាប់​កើន​ដល់​៤១​នាក់ ខណៈ​ព្យុះ​ទី​ហ្វុង​បានចាក​ចេញពី​ហ្វីលីពី​ន​ហើយ​

29-12-2019 4:37 pm 284
  ស្តាប់
ស្តាប់ជាសំឡេង

​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​ទី​ហ្វុង Phanfone​នៅ​ប្រទេស​ហ្វីលីពីន បាន​កើនឡើង​ពី​២៨​នាក់​នៅ​ថ្ងៃ​សុក្រ ដល់​៤១​នាក់​នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​។ តួលេខ​អ្នកស្លាប់​អាច​នឹង​បន្ត​កើនឡើង​ដ្បិតថា អាជ្ញាធរ​កំពុង​ស្វែងរក​មនុស្ស​១២​នាក់​ទៀត​ដែល​បាត់​ខ្លួន​។ នេះ​បើតាម​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​លោក Mark Timbal បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​។​

​របាយការណ៍​ចុងក្រោយ​របស់​ទីភ្នាក់ងារ​នេះ​បង្ហាញថា ប្រជាជន​ជាង ១,៦ លាន​នាក់​បាន​រង​ផលប៉ះពាល់​ដោយ​ព្យុះ​ទី​ហ្វុង ដែល​បាន​បំផ្លាញ​ផ្ទះ​ជាង ២៦០,០០០ ខ្នង និង​បង្ខំ​ឲ្យ​មនុស្សជិត​មួយ​សែននា​ក់ រត់​ភៀសខ្លួន ទៅកាន់​ជម្រក​គ្រា​អាសន្ន​។ រីឯ​ព្រលានយន្តហោះ​នៅ​Kalibo បាន​រង​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ​។ រដ្ឋាភិបាល​បាន​ប៉ាន់ប្រមាណ​ថា ព្យុះ​នេះ​បាន​បង្ក​ការខូចខាត​ដល់​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មានតម្លៃ​គិត​ជា​ទឹកប្រាក់​ចំនួន ២១ លាន​ដុល្លារ​អាមេរិក​។​

​ព្យុះ​Phanfone បាន​ចាកចេញ​ពី​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​បោកបក់​លើ​កោះ​ជាច្រើន នៅ​ភាគ​កណ្តាល Visayas រួមទាំង​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​។ ដ្បិតថា​ព្យុះ​នេះ​បាន​រំកិល​ខ្លួន​ចេញទៅ​ហើយ​ក្តី ប៉ុន្តែ​ប្រជាជន​ដែល​ភៀសខ្លួន​ចេញ នៅតែ​មិនទាន់​អាច​វិលត្រឡប់​ទៅកាន់​តំបន់ ដែល​ពួកគេ​រស់នៅ​នៅឡើយ ដោយសារតែ​លំនៅដ្ឋាន​របស់​ពួកគេ​មួយចំនួន បាន​រង​នូវ​ការខូចខាត​ទាំងស្រុង ដែល​ត្រូវ​ចំណាយ​ពេលវេលា ដើម្បី​ជួសជុល​ក៏ដូចជា​សាងសង់​ឡើងវិញ​។​

​ខ្យល់ព្យុះ​ដ៏​កំណាច​នេះ បាន​បោកបក់​លើ​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ពុធ​ទី​២៥​ខែ​ធ្នូ បាន​បណ្តាលឲ្យមាន​ភ្លៀង​ធ្លាក់ខ្លាំង រលំ​ដើមឈើ និង​បង្គោល​ភ្លើង​។ មនុស្ស​ស្លាប់​ភាគច្រើន ដោយសារតែ​ត្រូវ​ដើមឈើ​រលំ​លើ ហើយ​ក្រៅពីនោះ​ដោយសារតែ​ឆក់​ខ្សែភ្លើង​ឬ​លង់ទឹក​។ ហ្វីលីពីន​តែង​រង​នូវ​ការវាយប្រហារ​ដោយ​ព្យុះ​ធំៗ យ៉ាងហោចណាស់​២០​ក្នុង​មួយឆ្នាំ​។ ឥទ្ធិពល​ខ្យល់ព្យុះ​ទាំងនោះ ភាគច្រើន​បណ្តាលឲ្យ​ស្លាប់​មនុស្ស បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផលដំណាំ​របស់​កសិករ​៕

ព័ត៌មានផ្សេងទៀត