មនុស្ស​៧៩​នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​សូ​ម៉ាលី​

29-12-2019 9:02 am 426

​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៧៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ​និង​ប្រហែល​១០០​នាក់​រងរបួស នៅក្នុង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត នៅ​ភាគនារតីនៃ​ទីក្រុង​Mogadishu ប្រទេស​សូ​ម៉ាលី ​កាលពី​ព្រឹកថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៩​។ ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​ប្រសព្វ ជា​តំបន់​ដែល​ស្ទះចរាចរណ៍​ជា​ញឹកញាប់ ដោយសារតែ​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ និង​ការិយាល័យ​ប្រមូល​ថ្លៃ​ឡានក្រុង​និង​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​។ ជា​តំបន់​ដ៏​មមាញឹក​ដោយ​មនុស្ស​និង​រថយន្ត​បែបនេះហើយ ទើប​បណ្តាលឲ្យមាន​មនុស្ស​ស្លាប់និងរបួស​ច្រើនបែបនេះ​។​

​ក្នុងចំណោម​អ្នកស្លាប់​ ក៏មាន​សិស្សសាលា​ឯកជន​ចំនួន​១៦​នាក់​ផងដែរ នៅពេលដែល​ពួកគេ​កំពុងធ្វើដំណើរ​តាម​រថយន្តក្រុង និង​ជនជាតិ​តួ​ក​គី​២​នាក់ កំពុង​ជួសជុល​ផ្លូវ​នៅក្បែរ​កន្លែងកើតហេតុ​។ ជនរងគ្រោះ​ខ្លះ​ស្លាប់ ដោយសារតែ​ត្រូវ​ភ្លើង​ឆេះ និង​ហេតុការណ៍​កើតឡើង​មាន​ស​ភាពស្មុគស្មាញ ទើប​ពិបាក​កំណត់​ចំនួន​ជនរងគ្រោះ​ឲ្យបាន​ជាក់លាក់ រួមទាំង​ទំហំ​នៃ​ការខូចខាត​ក៏​មិនទាន់​ដឹង​នៅឡើយ​ដែរ​។​

​ភ្លាមៗ​មិនទាន់មាន​ក្រុម​ណា​ចេញមុខ​ប្រកាសថា ជា​ថ្វីដៃ​របស់​ពួកគេ​នៅឡើយ​ទេ តែ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត ជា​ញឹកញាប់​បង្កឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប់​។ ប្រធានាធិបតី​សូ​ម៉ាលី​លោក Mohamed Abdullahi Farmaajo បាន​ថ្កោលទោស​ការវាយប្រហារ​នេះ ខណៈ​ប្រធាន​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ថ្កោលទោស​ការវាយប្រហារ​នេះដែរ ហើយ​ថា​ជនល្មើស​នៃ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​នេះ ត្រូវតែ​នាំយកមក​ផ្តន្ទាទោស​។ រីឯ​តួ​ក​គី​ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ប្រទេស​សូ​ម៉ាលី​កន្លងមក ក៏បាន​បញ្ជូន​យន្តហោះ​យោធា​មួយគ្រឿង ដែល​ផ្ទុក​ដោយ​ឧបករណ៍​ជំនួយ​បន្ទាន់ ដើម្បី​ផ្តល់ជំនួយ​បន្ទាន់​ដល់​ប្រជាជន​សូ​ម៉ាលី​ដែល​រងរបួស នៅក្នុង​ការវាយប្រហារ​ភេរវកម្ម គួរឲ្យ​ស្អប់ខ្ពើ​មនៅ​ក្នុងប្រទេស​សូ​ម៉ាលី​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តួ​ក​គី និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​។​

​គួរ​ជម្រាបជូន​ថា ទីក្រុង​Mogadishu តែងតែ​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​អាល់​សា​បា​ប់ ដែល​បាន​ប្រយុទ្ធ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​សូ​ម៉ាលី​។ ក្នុង​ឆ្នាំ ២០១០ អាល់​សា​បា​ប់ បាន​ចងសម្ព័ន្ធភាព​ជា​មួយក្រុម​សកម្មប្រយុទ្ធ​មួយ​ផ្សេងទៀត គឺ​ក្រុម​អាល់​កៃ​ដា​។ បើទោះបី​ពួកគេ​ត្រូវ​បង្ខំ​ឲ្យចេញ​ពី​រដ្ឋធានី​ក្នុង​ឆ្នាំ ២០១១​ក៏ដោយ ប៉ុន្តែ​ក្រុម​សកម្មប្រយុទ្ធ​នេះ​នៅតែ​គ្រប់គ្រង​តំបន់​នានា​នៃ​ប្រទេស និង​បន្តសកម្មភាព​វាយប្រហារ​។​

​ចាប់តាំងពី​ឆ្នាំ ២០១៥ មាន​ការវាយប្រហារ​ចំនួន ១៣ លើក នៅ​ប្រទេស​សូ​ម៉ាលី​ដែលមាន​ចំនួន​អ្នកស្លាប់​លើសពី ២០ នាក់​។ ចំនួន ១១ ករណី​បាន​កើតឡើង​នៅក្នុង​ទីក្រុង​Mogadishu​។ ការវាយប្រហារ​ទាំងអស់​ធ្វើឡើង​ក្នុង​ទម្រង់​តែមួយ គឺ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​។ ការវាយប្រហារ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ គឺ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ដឹកទំនិញ កាលពី​ខែតុលា​ឆ្នាំ ២០១៧ នៅ​ទីក្រុង​Mogadishu ដែល​បណ្តា​លឲ្យមនុស្ស ៥១២ នាក់​ស្លាប់ និង​ប្រហែល ២៩៥ នាក់​រងរបួស​៕

ព័ត៌មានផ្សេងទៀត