លោក​ទៀ បាញ់​ផ្តល់​អនុសាសន៍​៩​ចំណុច​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​

28-12-2019 3:34 pm 163

​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អាវុធហត្ថ​ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ ទិសដៅ​បន្ដ​ឆ្នាំ​២០២០ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ពេល​ថ្មីៗ​នេះ លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ផ្តល់​នូវ​អនុសាសន៍​៩​ចំណុច ជូន​ដល់​មន្ត្រី​កងរាជអាវុធហត្ថ ដើម្បី​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។ 

អនុសាសន៍​ទាំង ៩​ចំណុច ដែល​លោក​ទៀ បាញ់ បានដាក់ចេញ​ដើម្បី​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​រួមមាន​៖

១.​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ បន្ត​ចូលរួម​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ និង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស និង​និតិរដ្ឋ ដើម្បី​សម្រេចបាន​នូវ​ស្ថិរភាព​មីក្រូ​សេដ្ឋកិច្ច ការអភិវឌ្ឍ និង​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​ជា​បុរេ​លក្ខខណ្ឌ និង​ធាតុ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន សម្រាប់​ការអភិវឌ្ឍ ប្រទេស​ប្រកបដោយ​ចីរភាព​

២.​ត្រូវ​បន្ត​យកចិត្តទុកដាក់ ធ្វើការ​កែទម្រង់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ទាំង​រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការអភិវឌ្ឍ ធនធានមនុស្ស តាមរយៈ​ការពង្រឹង​សមត្ថភាព លើកកម្ពស់​គុណភាព​ការងារ ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ ដែល​ជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ របស់​កងរាជអាវុធហត្ថ ឱ្យមាន​ប្រសិទ្ធភាព​

៣.​ត្រូវ​បន្ត​ខិតខំ​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​នៃ​សេវាសាធារណៈ ព្រោះ​វា​ជា​បេសកកម្ម​ដ៏​ធំចម្បង​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន ហើយ​ត្រូវ​ប្រែក្លាយ​កងរាជអាវុធហត្ថ ឱ្យទៅ​ជា​កម្លាំង​ដែល​ផ្តល់​សេវា​ដ៏​មាន​ប្រសិទ្ធភាព សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ កាន់តែ​ប្រសើរ​ឡើង ដោយ​មាន​ទឹកចិត្ត​មោះមុត មាន​ភក្តីភាព និង​ធ្វើ​ជា​អ្នកផ្តល់​សេវា​គួរឱ្យ​គោរព និង​មាន​សីលធម៌ វិជ្ជាជីវៈ​

៤. ត្រូវ​ពង្រឹង​ការងារ​កសាង​គ្រប់គ្រង​កម្លាំង​ឲ្យមាន​ប្រសិទ្ធភាព ដោយ​ក្នុង​នោះ​ត្រូវ​បំបាត់​ចោល​អ្នក​ដែល​មិន​គោរព​បទបញ្ជា ជំនាញ​វិជ្ជាជីវៈ ដើម្បី​ធានា បម្រើ​ការងារ តាម​ការប្រគល់​ភារកិច្ច​របស់ រាជរដ្ឋាភិបាល ឬ​ក្រសួង​ការពារជាតិ​

៥.​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ស​ភាព​ការណ៍​ថ្មីៗ និង​អប់រំ​នយោបាយ សតិអារម្មណ៍​ដល់​នាយ និង​ពល អាវុធហត្ថ​នៅ​ទូទាំង​ប្រទេស ដោយ​ត្រូវ​ធ្វើការ​ហ្វឹកហ្វឺន រម្លឹក​មេរៀន ពង្រឹង​បរិមាណ​កម្លាំង ធ្វើការ​បណ្តុះបណ្តាល​ជំនាញ ដល់​នាយ និង​ពល អាវុធហត្ថ​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​លើកកម្ពស់​សមត្ថភាព សម្រាប់​ចូលរួម​បំពេញការងារ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​បំពេញ​បេសកកម្ម ជា​លក្ខណៈ​អន្តរជាតិ ប្រកប​ដោយ​វិជ្ជាជីវៈ​

៦.​ត្រូវ​ខិតខំ​ថែរក្សា សំណង់​ដែល​មាន​ស្រាប់ និង​បន្ត​សាងសង់​អគារ​សេនាធិការដ្ឋាន ដែល​កំពុង​សាង សង់​តាម​ខេត្ត និង​ជំរុញ​ការសាងសង់​ទីលាន​បាញ់​គ្រាប់​ពិត របស់​កងយោធពល​ខ​មរ​ភូមិន្ទ ឱ្យ​រួចរាល់​ទាន់​ពេល​វេណ សម្រាប់​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ ក្នុង​ការប្រកួត​កីឡា​អាស៊ាន នាពេលខាងមុខ​

៧. បន្ត​ធ្វើ​ជា​កងកម្លាំង​ស្នូល​ក្នុងការ ប្រតិបត្តិ​ការថែរក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​ចូលរួម​សហការ​ជា មួយ​ក្រសួង ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប រាល់​បទល្មើស​នានា និង​ចូលរួម​ការងារ មនុស្សធម៌ កិច្ចការ​សង្គម និង​សង្គ្រោះ​គ្រោះមហន្តរាយ​

៨.​ត្រូវ​ពង្រឹង​យន្តការ​ត្រួត ពិនិត្យ ឱ្យមាន​ប្រសិទ្ធភាព តាម​តួនាទី​ភារកិច្ច ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​ឱ្យ​សមជា​កម្លាំង​សមត្ថ កិច្ច​ស្របច្បាប់ ដែល​មាន​គុណសម្បត្តិ​ច្រើន និង​ត្រូវ​គ្រប់គ្រង​ការងាររដ្ឋបាល​សាធារណៈ រួម​ទាំង​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ត់ចត់ ការពារ​មិន​ឱ្យ​មាន​អំពើពុករលួយ ឬ​ការរំលោភ អំណាច​ពី​សំណាក់​អាជ្ញាធរ​សាធារណៈ​ទៅ​លើ​ប្រជាពលរដ្ឋ​

៩.​ចូលរួម​ចងក្រង​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា ព្រោះ​អាវុធហត្ថ​ជា​អ្នកបម្រើ​ផ្ទាល់​ជាមួយ​ប្រជាជន​ទទួល​បាន​ភាព​ជាក់ស្តែង​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​បំណងប្រាថ្នា​របស់​ប្រជាជន​៕

 

 ពាក្យគន្លឹះ  លោកទៀ បាញ់

ព័ត៌មានផ្សេងទៀត