លោកហ៊ុនសែន មិនផ្ដល់អនុសាសន៍ដល់សមាជិកឧត្ដមក្រុមប្រឹក្សានោះទេ

27-12-2019 5:21 pm 331
លោកហ៊ុនសែនថ្លែងក្នុងកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នាពេលកន្លងមក

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ថា រូបលោកមិនផ្ដល់អនុសាសន៍ណាមួយ ដល់សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដូចដែលរូបលោកធ្លាប់បានលើកឡើង នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីនៅតាមក្រសួង-ស្ថាប័នរបស់រដ្ឋនោះទេ។ លោកថា ការមិនផ្ដល់អនុសា​សន៍នេះ ក៏ព្រោះរូបលោកគោរពដល់មេដឹកនាំគណបក្សនយោបាយ ដែលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា”ខ្ញុំពុំមានអនុសាសន៍ចំណុចទី១ ចំណុចទី២ ទី៣ ដូចដែលខ្ញុំធ្លាប់បានឡើង នៅក្នុងពេលប្រជុំដែលពាក់ព័ន្ធ ជាមួយនឹងបណ្ដាស្ថាប័ននោះទេ ដោយសារតែការគោរពតួអង្គ ក្នុងភាពជាអ្នកដឹកនាំបណ្ដាបក្សនយោបាយ ដែលចូលរួមនៅក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រសិនបើខ្ញុំដាក់ចេញថាមួយធ្វើនេះ ២ធ្វើនេះ ៣ធ្វើនេះ ៤ធ្វើនោះ ដូចដែលខ្ញុំធ្លាប់ធ្វើនៅតាមស្ថាប័ននេះ ស្ថាប័ននោះ វាមិនខុសអីពីការចេញបញ្ជារបស់នាយករដ្ឋមន្ត្រី ឲ្យបណ្ដាគណបក្សនយោបាយ ដែលចូលរួមក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ យកទៅធ្វើតាមនោះទេ”។

យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា រូបលោកគ្រាន់តែបង្ហាញក្ដីសង្ឃឹមថា ស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមានសមាជិកមកពី១៦គណបក្សនយោបាយនោះ នឹងបន្តធ្វើនូវកិច្ចការទាំងឡាយស្របទៅតាមព្រះរាជក្រឹត្យ ដែលចែងអំពីតួនាទី ភារកិច្ចរបស់ខ្លួន៕ 

 

ព័ត៌មានផ្សេងទៀត