លោកពេជ្រស្រស់ បកស្រាយបន្ថែមជុំវិញសំណើទិញ រថយន្តប្រើប្រាស់សម្រាប់សមាជិកឧត្ដមក្រុមប្រឹក្សា

27-12-2019 2:48 pm 1392
លោកពេជ្រស្រស់សមាជិកឧត្ដមក្រុមប្រឹក្សា និងលោកឈឹម​ផលវរុណប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សា

លោកពេជ្រ ស្រស់ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចេញមុខបកស្រាយបន្ថែម ចំពោះសំណើរបស់លោកឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោ​បល់ ជុំវិញស្នើសុំប្រើប្រាស់ថវិកានៅសល់ក្នុងឆ្នាំ២០១៩ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងគោលបំណងទិញរថយន្ត ដើម្បីប្រើប្រាស់រួមពេលដែលចុះបេសកកម្ម របស់សមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំងមន្រ្តីលេខាធិការដ្ឋានផងដែរ។

បើតាមលោកពេជ្រ ស្រស់ រថយន្តដែលគ្រោងទិញមកនេះ គឺជាទ្រព្យសម្បត្តិរដ្ឋ និងគ្រប់គ្រងដោយលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តែម្តង ដូច្នេះការស្នើសុំនេះគឺមិនមែន ដើម្បីទិញរថយន្តឲ្យប្រតិភូគណបក្សណាមួយនោះឡើយ។ ម្យ៉ាងវិញទៀតបើសិនការស្នើសុំរបស់លេខាធិការដ្ឋាន ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន យល់ព្រមគឺថាប្រើប្រាស់រថយន្តនេះនា ក្នុងពេលបំពេញបេសកកម្មការងារជូនរដ្ឋតែប៉ុណ្ណោះ។

សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រូបនេះ បានបញ្ជាក់បន្ថែម ថា រថយន្តគឺត្រូវបានថែរក្សាទុក ដោយលេខាធិការដ្ឋាននៅទីកន្លែងរដ្ឋ ដោយមិនអនុញ្ញាតឲ្យប្រតិភូណាមួយយកទៅប្រើប្រាស់ ជាប្រយោ​ជន៍ផ្ទាល់ខ្លួននោះបានឡើយ ពីព្រោះថាឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គឺជាយន្តការមួយរបស់រដ្ឋ ដូច្នេះចាំបាច់ត្រូវមានរថយន្តរបស់រដ្ឋ ដើម្បីសម្រួលដល់ការងារនានាក្នុងយន្តការថ្មីមួយនេះ។

លោកពេជ្រ ស្រស់ បានបញ្ជាក់ថា សំណើខាងលើ គឺមិនទាន់ទទួលបាននូវការយល់ព្រមពីរដ្ឋាភិបាលនៅឡើយទេ ដោយស្ថិតក្នុងសំណើនៅឡើយតែប៉ុណ្ណោះហើយម្យ៉ាងវិញទៀត គឺថាលោកឈឹម ផលវរុណមិនទាន់សរសេរនូវលិខិត ស្នើសុំលោកនាយករដ្ឋមន្ត្រីនោះដែរ ដោយគ្រាន់តែលើកមកជាវត្ថុបំណង នៅក្នុងអង្គសន្និបាតតែប៉ុណ្ណោះ៕ 

ព័ត៌មានផ្សេងទៀត