​លោក​អំ សំអាត​៖​​ការព្រួយបារម្ភ​បាត់​EBA​​ជា​សិទ្ធិ​បញ្ចេញមតិ​មិនមែន​បំផ្លាញ​សន្តិភាព​ទេ​​

27-12-2019 11:44 am 1989

​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ថា បើ​គ្រាន់តែ​បញ្ចេញមតិ​សម្ដែង​ការព្រួយបារម្ភ​ពី​ការបាត់ EBA ជា​ការបំភិតបំភ័យ​សង្គម និង​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​នោះ វា​មិន​ត្រឹមត្រូវ​នោះទេ ព្រោះនេះ​ជា​សិទ្ធិ​នៃ​ការបញ្ចេញមតិ មិនមែនជា​ការបំភិតបំភ័យ​សង្គម ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​ទេ​។

​ថ្មីៗ​នេះ​តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម (Telegram) លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា អ្នក​តាំងខ្លួន​ថា​ព្រួយបារម្ភ​ពី​ការបាត់ EBA គឺ​កំពុង​បំភិតបំភ័យ​សង្គម និង ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​។ លោក សុខ ឥសាន ថែមទាំង​បញ្ជាក់ទៀតថា អ្នក​ដែល​ដក​ប្រព័ន្ធ​EBA ពី​កម្ពុជា គឺជា​អ្នករំលោភ​សិទ្ធិមនុស្ស​លើ​កម្មករនិយោជិត​កម្ពុ​ជា និង​ប្រជាជន​កម្ពុជា ដែល​រង​ផលប៉ះពាល់​ផងដែរ​។​

​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ថា បើ​គ្រាន់តែ​បញ្ចេញមតិ​សម្ដែង​ការព្រួយបារម្ភ​ពី​ការបាត់ EBA ជា​ការបំភិតបំភ័យ​សង្គម និង ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា នោះ វា​មិន​ត្រឹមត្រូវ​នោះទេ​។ មិន​ត្រឹមត្រូវ ដោយ​លោក​បាន​អះអាងថា ការព្រួយបារម្ភ​ពី​ការបាត់ EBA ជា​សិទ្ធិ​នៃ​ការបញ្ចេញមតិ ហើយ​រឿង​បាត់​ប្រព័ន្ធ EBA នេះ ជា​រឿង​ទាំងអស់គ្នា មិនមែនជា​រឿង​បុគ្គល​ណា​ម្នាក់​នោះទេ​………

​សំឡេង​៖ 

​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​រូបនេះ ថែមទាំង​និយាយថា ការលើកឡើង​របស់លោក សុខ ឥសាន ដែលជា​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បែបនេះ អាចធ្វើឱ្យ​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​មាន​ការយល់ច្រឡំ​ថា ជា​ការបិទ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ ប្រសិនបើ​ហាមឃាត់​មិនឱ្យ​ប្រជាពលរដ្ឋ លើកឡើង​ពី​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សភាព​អឺរ៉ុប​នេះ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក អំ សំអាត ថា​នេះ​ជា​ការលើកឡើង​រប​ស់បុ​គ្គល​មួយរូប​តែប៉ុណ្ណោះ (​សុខ ឥសាន​) មិនមែនជា​ការលើកឡើង​របស់​រដ្ឋាភិបាល​ឡើយ​។​

​ជា​ការកត់សម្គាល់​ការ​លើកឡើង​របស់លោក សុខ ឥសាន បែបនេះ ត្រូវបាន​គេ​សង្កេតឃើញថា ទំនងជា​ចង់​ឆ្លើយតប​ទៅកាន់​មជ្ឈដ្ឋាន​មួយចំនួន ជាពិសេស គឺ​អតីត​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​។ អ្នក​ទាំងនោះ​តែងតែ​លើកឡើងថា បើសិនជា​កម្ពុជា​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មែន​នោះ គឺ​វា​ប៉ះពាល់​ខ្លាំង​លើ​កម្មករនិយោជិត និង​ក្រុមគ្រួសារ​របស់​ពួកគេ​។ បន្ថែម​លើ​នេះ កម្ពុជា​ក៏ត្រូវ​ខាតបង់​ទឹកប្រាក់​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ផងដែរ​។​

​គួរ​បញ្ជាក់ថា តាម​នីតីវិធី សហភាព​អឺរ៉ុប នឹងធ្វើ​សេចក្តីសម្រេច​មួយ​នៅក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខ​ថា តើ​ត្រូវ​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​កម្ពុជា​។ ប៉ុន្តែ​នៅពេលនេះ គណៈកម្មការ​អឺរ៉ុប កំពុង​ពិនិត្យ​របាយការណ៍​ការ​ពារ​ខ្លួន​ចុងក្រោយ​របស់​រដ្ឋាភិបាល​កម្ពុជា​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដែល​រង​ការចោទប្រកាន់ថា បាន​ដើរ​ថយក្រោយ​៕

ព័ត៌មានផ្សេងទៀត