មន្ទីរ​កសិកម្ម​៖​តម្លៃ​ស្ពៃជើងទា​ធ្លាក់ចុះ​ខ្លាំង​ដោយសារ​ដាំ​លើស​តម្រូវការ​

27-12-2019 11:20 am 4040
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ទីរ​កសិកម្ម ខេត្ត​បាត់ដំបង បាន​អះអាង​ថា ឆ្នាំនេះ កសិករ​នាំគ្នា​ដាំ​ដុះ​ដំណាំ​បន្លែ​ស្ពៃជើងទា ស្ទើរ​គ្រប់កន្លែង ដែល​នាំ​ឲ្យ​ការប្រមូល​ផល​បន្លែ​នេះ មាន​បរិមាណ​ច្រើន​លើស​តម្រូវការ និង​ធ្វើឲ្យ​ធ្លាក់​ថ្លៃខ្លាំង​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទី​រក​សិកម្ម​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩​។

​បន្ទាប់ពី​ជួប​បញ្ហា​នេះ មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត ក្នុង​ការស្វែងរក​ដំណោះស្រាយ ដោយ​គ្រោង​បង្កើត​បណ្ដុំ​អាជីវកម្ម​បន្លែ ដើម្បី​រៀបចំ​ផែនការ ផលិត​ឆ្ពោះទៅ​កាន់​ទីផ្សារ និង​ជម្រុញ​ឲ្យ​កសិករ​រៀបចំ​ធ្វើ​ផលិតកម្ម កសិកម្ម​តាម​កិច្ចសន្យា នៅ​តំបន់​នេះ​។​

​ជាមួយគ្នានេះ ក្រសួង​កសិកម្ម បាន​ច្រានចោល​ព័ត៌មាន​កោះសន្តិភាព​ដេលី ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ដែល​មាន​ចំណង​ថា «​អ្នកភូមិ​សម្រុក​នាំគ្នា​កាត់​ស្ពៃ​ក្នុង​ចម្ការ​ជនពិការ​ម្នាក់​យ៉ាង​ភ្លូកទឹកភ្លូកដី​» នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ដោយសារ​ម្ចាស់​ចម្ការ ជា​អ្នក​ប្រកាស​ឲ្យទៅ​កាត់យក ដោយ​ឥត​គិតលុយ ព្រោះ​ស្ពៃជើងទា​របស់គាត់​ទទួលបាន​តម្លៃថោក និង​ស្ទើរតែ​គ្មាន​អ្នក​ទិញ​។​

​ករណី​បន្លែ​ស្ពៃជើងទា គ្មាន​ទីផ្សារ​នេះ មន្ទីរ​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ករណី​នេះ​លោក អ៊ឹម សុភ័​ក្រ ជា​ម្ចាស់​ចម្ការ​បាន​លក់​ចេញ​បាន​៧០% ក្នុងតម្លៃ​៥០០៛ ក្នុង​មួយ​គី​ឡួ នៅសល់​៣០% ប្រហែល​១០​តោន មាន​តម្លៃ​ត្រឹមតែ​៣០០៛ ក្នុង​មួយ​គី​ឡូ​។ 

​មន្ទីរ​កសិកម្ម ក៏​បាន​អំពាវនាវ​ដល់ កសិករ​គួរតែ​យកចិត្តទុកដាក់​ទៅលើ​ការរៀបចំ​ផែនការ​មុខ​ដំណាំ​ឲ្យ​ច្បាស់លាស់ ជៀសវាង​ការដាំដុះ​ដំណាំ​តែមួយ​មុខ​ដូចគ្នា និង ពេលវេលា​តែ​មួយ ដែល​ជា​ហេតុ​ធ្វើឲ្យ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​ជា​គំហុក ៕ 

ព័ត៌មានផ្សេងទៀត