ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​គ្រោង​ស្នើ​សុំ​លុយ​រដ្ឋាភិបាល​ដើម្បី​ទិញ​ឡាន​

27-12-2019 11:09 am 9534

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ មានបំណង​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន  សែន ផ្តល់​ការអនុញ្ញាត​យក​ថវិកា​នៅសល់​ទៅ​ទិញ​រថយន្ត  សម្រាប់​បម្រើ​ការចុះ​បេសកកម្ម​នៅ​មូលដ្ឋាន​។ គម្រោង​នេះ ត្រូវបាន​លើកឡើង នៅក្នុង​សន្និបាត​បូកសរុប​ការងារ​រយៈពេល​១៦​ខែ នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ​។ 

​ការងារ​ទាំងអស់​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ គឺ​ផ្សាភ្ជាប់​ចំពោះ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​២០១៩ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១,៣១៨,៩២៥ ដុល្លា​អាមេរិក​។ នេះជា​ការលើកឡើង​របស់​លោក ឈឹម  ផល​វរុណ  ប្រធាន​លេខាធិការដ្ឋាន​។ 

​លោក​ឈឹម  ផល​វរុណ បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៩​នេះ ការចំណាយ​ជាក់ស្តែង​ពិតប្រាកដ មាន​ចំនួន ៨៦៨,៧៣២ ដុល្លា​អាមេរិក​។ ដូច្នេះ​នៅ​សល់​៤៥០,១៩៣​ដុល្លា​អាមេរិក​។ ចំពោះ​ថវិកា​នៅសល់​នេះ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ មានបំណង​ស្នើសុំ ជាគោលការណ៍ គោរព​ជូន​លោកនាយក​រដ្ឋមន្ត្រី ផ្តល់​ការអនុញ្ញាត​យក​ថវិកា​នៅសល់​នេះ ទៅ​ទិញ​រថយន្ត​សម្រាប់​បម្រើ​ការចុះ​បេសកកម្ម​នៅ​មូលដ្ឋាន​។ 

​លោក​ពន្យល់​ថា កន្លងមក ការចុះ​បេសកកម្ម ទាំង​ប្រតិភូ​គណបក្ស ទាំង​មន្ត្រី​លេខាធិការដ្ឋាន ប្រើប្រាស់​រថយន្ត​ឯកជន​ផ្ទាល់ខ្លួន ដោយសារ​តែ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ពុំ​មាន​រថយន្ត​រដ្ឋ​។ សំណើសុំ​នេះ មិន​ពាក់ព័ន្ធ​នឹង​កញ្ចប់​ថវិកា​២០២០​ទេ​! ហើយ​រថយន្ត​ទាំងនោះ ត្រូវ​ចុះ​បញ្ជីសារពើភ័ណ្ឌ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។​

​គួរបញ្ជាក់​ថា  ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បង្កើតឡើង នៅ​ថ្ងៃ​ទី​០៦  ខែ​កញ្ញា ឆ្នាំ​២០១៨​។ រយៈពេល​១៦​ខែ​ដំបូង ឆ្នាំ​២០១៩  ការចុះ​បេសកកម្ម មាន​ចំនួន​សរុប​ប្រមាណ​ជាង​៤០០​លើក ទូទាំង​២៥​រាជធានី​-​ខេត្ត ដាក់​ជូន​រដ្ឋាភិបាល​ចំនួន​២០០​ករណី​៕

ព័ត៌មានផ្សេងទៀត