ឥណ្ឌា​ត្រៀម​​ធ្វើ​ជំរឿន​​ឆ្នាំក្រោយ​​ខណៈ​កំពុង​​ផ្ទុះ​ការតវ៉ា​​ប្រឆាំង​​ច្បាប់​​ផ្ដល់​សញ្ជាតិ​ថ្មី​

25-12-2019 4:41 pm 230

​ឥណ្ឌា​បាន​ត្រៀម​ថវិកា​រួចជាស្រេច​សម្រាប់​ប្រើប្រាស់​លើ​ការធ្វើជំរឿន និង​ស្ទង់​មតិ​ប្រជាជន​ដែល​នឹង​ត្រូវធ្វើឡើង​នៅ​ឆ្នាំ​២០២០​។ ការងារ​នេះ​រាប់បញ្ចូល​ទាំង​ការ​ស្រង់​ទិន្នន័យ​ផ្នែក​វប្បធម៌ សេដ្ឋកិច្ច និង​បញ្ហា​ចំណាកស្រុក​ផងដែរ​។ រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​ចំនួន​៨៧.៥៤​ពាន់​លាន​រូពី​ស្មើនឹង​ប្រមាណ​១.២៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការធ្វើជំរឿន និង​៣៩.៤១​ពាន់​លាន​រូពី​ស្មើនឹង​ប្រមាណ​៥៥៣​លាន​ដុល្លារ​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​ការចុះបញ្ជី​ចំនួន​ប្រជាជន​។ 

​ការធ្វើជំរឿន​នឹង​ប្រមូល​ទិន្នន័យ​ស្ដីពី​ចំនួន​ប្រជាជន សកម្មភាព​សេដ្ឋកិច្ច បញ្ហា​ជនអន្ដោប្រវេសន៍ ព័ត៌មាន​ទាក់ទង​នឹង​សង្គម​និង​វប្បធម៌​។ ចំណែក​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ការចុះបញ្ជី​ចំនួន​ប្រជាជន ផ្ដោត​សំខាន់​លើ​ការ​ស្រង់​ទិន្នន័យ​អ្នករស់នៅ​ស្របច្បាប់​ក្នុងប្រទេស​ឥណ្ឌា ដែល​នឹង​រួមបញ្ចូល​ទិន្នន័យ​ប្រជាសាស្ដ្រ​និង​ជីវ​មាត្រ​។​

​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ការចុះបញ្ជី​ចំនួន​ប្រជាជន ត្រូវបាន​គេ​មើលឃើញថា​ជា​ជំហាន​ដ៏​សំខាន់បំផុត​ទីមួយ ឆ្ពោះទៅរក​ការ​អនុវត្ដ​ការចុះឈ្មោះ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។ ការចុះបញ្ជី​ផ្លូវការ​របស់​ពលរដ្ឋ​ឥណ្ឌា​ស្របច្បាប់ ត្រូវបាន​ប្រើប្រាស់​តែ​នៅក្នុង​Assam​ប៉ុណ្ណោះ ដើម្បី​ប្រឆាំងនឹង​បញ្ហា​ជនអន្ដោប្រវេសន៍​ខុសច្បាប់​។ ប៉ុន្ដែ​រដ្ឋាភិបាល​បានប្រកាស​កាលពី​ខែវិច្ឆិកា​ថា ការចុះបញ្ជី​ប្រជាជន​អាច​នឹង​ពង្រីក​ធ្វើ​នៅក្នុង​ប្រទេស​ទាំងមូល​តែម្ដង​។​

​ផែនការ​ថ្មី​ដែល​ឥណ្ឌា​គ្រោង​អនុវត្ដ​នៅ​ច្បាប់​ក្រោយ ធ្វើឡើង​ស្របពេល​ឥណ្ឌា​កំពុងមាន​ការតវ៉ា​ដោយ​ហិង្សា​ប្រឆាំង​ច្បាប់​ផ្ដល់​សញ្ជាតិ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​រួច​។ ស្ថិតក្រោម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ផ្ដល់​សញ្ជាតិ​ត្រូវបាន​សភា​អនុម័ត​កាលពី​ថ្ងៃទី​១១​ធ្នូ នឹង​ផ្ដល់​សញ្ជាតិ​យ៉ាង​ឆាប់រហ័ស​ដល់​ក្រុម​អ្នក​កាន់សាសនា​ជនជាតិ​ភាគតិច​ក្នុងប្រទេស​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គានី​ស្ថាន និង​បង់​ក្លា​ដែស ប៉ុន្ដែ​មិន​ផ្ដល់ឲ្យ​អ្នក​កាន់សាសនា​អ៊ីស្លាម​ទេ នេះហើយ​ជា​ដើមហេតុ​ធ្វើឲ្យ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​មិន​ពេញចិត្ដ​។ ពួកគេ​ក៏មិនគាំទ្រ​​លើការ​ចុះបញ្ជីប្រជាជនថ្មីដែរ។

​លោក​នាយករដ្ឋមន្ដ្រី​ណារិ​នដ្រា មូឌី​បាន​សង្កត់ធ្ងន់ថា ច្បាប់​នេះ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​នៃ​ការអាណិតអាសូរ ហើយ​បាន​បដិសេធ​អំពើ​កុបកម្ម​យ៉ាង​ហិង្សា​ដែល​លោក​អះអាងថា​ត្រូវបាន​ញុះញង់​ដោយ​ក្រុមប្រឆាំង ផ្សព្វ​ផ្សាយ​​ព័ត៌មាន​កុហក​ពី​មូលដ្ឋាន​នៃ​ច្បាប់​នេះ​។ ចំពោះ​ក្រុម​អ្នក​រិះគន់​បានបង្ហាញ​ការព្រួយបារម្ភ​ថា ការចុះបញ្ជី​ប្រជាជន​រៀបចំឡើង​ដើម្បី​ចាត់ទុក​ប្រជាជន​ឥណ្ឌា​កាន់សាសនា​អ៊ីស្លាម​ជា​ជនអន្ដោប្រវេសន៍​ខុសច្បាប់ ប្រសិនបើ​ពួកគេ​មិន​បានបង្ហាញ​ភស្ដុតាង​ថា​ខ្លួន​មាន​សញ្ជាតិ​ឥណ្ឌា ព្រោះ​ក្រុម​នេះ​មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុង​វិសោធនកម្ម​ច្បាប់​ថ្មី​ស្ដីពី​ការផ្ដល់​សញ្ជាតិ​ទេ​។ យ៉ាងណាមិញ​ករណី​ថា​ច្បាប់​ថ្មី​មាន​និន្នាការ​រើសអើង​តាម​រូបភាព​ណាមួយ​នោះ រដ្ឋាភិបាល​ឥណ្ឌា​បាន​ច្រានចោល​ដាច់អហង្ការ​៕

 ពាក្យគន្លឹះ  ឥណ្ឌាធ្វើជំរឿន

ព័ត៌មានផ្សេងទៀត