​លោក​ឃួង ស្រេង​​ជំរុញ​ឱ្យ​គ្រូបង្រៀន​ផ្សព្វផ្សាយ​​ផលប៉ះពាល់​នៃ​ភេសជ្ជៈ​ផ្អែម​និង​គ្រឿងញៀន​​

25-12-2019 4:00 pm 1283
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការទប់ស្កាត់​ការលក់​នំចំណី​ផ្អែម និង​ភេសជ្ជៈ​ផ្អែម​នៅតាម​សាលារៀន ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៩ បាន​ជំរុញ​ឱ្យ​តាម​បណ្ដា​សាលារៀន​ទាំង​ឯកជន​ទាំង​សាលា​រដ្ឋ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ភេសជ្ជៈ​ផ្អែម និង​គ្រឿងញៀន ពិសេស​លោកគ្រូ​អ្នកគ្រូ​មុនពេល​បង្ហាត់បង្រៀន​សិស្ស ត្រូវ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ភេសជ្ជៈ​ផ្អែម និង​គ្រឿងញៀន ឱ្យបាន​ជាប់​ជាប្រចាំ និង​រាល់ថ្ងៃ​ដល់​សិស្សានុសិស្ស​។ 

​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​នៅលើ​ពិភពលោក ជំងឺ​លើស​ជាតិ​ស្ករ ទឹកនោម​ផ្អែម បាននិងកំពុង​ប្រឈម​យ៉ាងខ្លាំង ក្នុងនោះ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏បាន​ប្រឈម​នឹង​ជំងឺ​នេះ​ផងដែរ ដោយសារតែ​ការប្រើប្រាស់​ជាតិ​ស្ករ​ច្រើន​លើស​ការកំណត់ និង​ការប្រើប្រាស់​សារ​ធាតុគីមី នៅក្នុង​ចំណីអាហារ​។ លោក ឃួ​ង ស្រេង បាន​អះអាងថា ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​មន្ទីរ​សុខាភិបាល​បាន​បង្កើតឱ្យមាន​កម្មវិធី​មួយ​ផ្សព្វផ្សាយ​នៅតាម​សាលារៀន លើ​ការកាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ភេសជ្ជៈ ដើម្បីឱ្យ​សិស្សានុសិស្ស​ទាំងអស់​មាន​ការ​ជ្រួតជ្រាប និង​បាន​ប្រុងប្រយ័ត្ន​ពី​ផលប៉ះពាល់​សុខភាព​នេះ​។ 

​លោក ឃួ​ង ស្រេង ក៏បាន​ជំរុញឱ្យមាន​ការផ្សព្វផ្សាយ ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​នៃ​ភេសជ្ជៈ​ផ្អែម​នេះ ឱ្យបាន​ទូលំទូលាយ​នៅតាម​សាលារៀន ដោយ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ មុន​ចាប់ផ្តើម​បង្រៀន​សិស្ស ត្រូវតែ​ធ្វើ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ភេសជ្ជៈ​ផ្អែម​និង​គ្រឿងញៀន​ជាមុនសិន ដើម្បីឱ្យ​សិស្សានុសិស្ស​ទាំងអស់​បាន​យល់​ជ្រួតជ្រាប និង​មាន​ការប្រុងប្រយ័ត្ន​។ លោក​បាន​សង្កត់ធ្ងន់ថា​ដើម្បី​ជំរុញ​ឱ្យ​ការងារ​នេះ​ទទួលជោគជ័យ មន្ទីរ​សុខាភិបាល និង​មន្ទីរអប់រំ យុវជន​និង​កីឡា ត្រូវតែ​រួម​សហការគ្នា​ធ្វើ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ភេសជ្ជៈ​ផ្អែម​នេះ​ឱ្យបាន​ទូលំទូលាយ មិនថាតែ​នៅតាម​សាលារៀន​នោះទេ គឺ​ត្រូវ​បញ្ជ្រាប​ទៅដល់​អាណាព្យាបាល​សិស្ស និង​នៅតាម​ទីសាធារណៈ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត