លោក​ដូណាល់ ត្រាំ​៖​​អាមេរិក​ត្រៀម​រួច​ហើយ​​ចាំ​ទទួល​​កាដូ​ណូអែល​​កូរ៉េខាងជើង​

25-12-2019 10:35 am 695
  ស្តាប់
ប្រធានាធិបតីអាមេរិក(ឆ្វេង)​និងមេដឹកនាំកូរ៉េខាងជើង
ស្តាប់ជាសំឡេង

​កូរ៉េខាងជើង​បានប្រកាស​ប៉ុន្មាន​ថ្ងៃមុន​ថា​នឹង​ផ្ញើ​កាដូ​ដ៏​អស្ចារ្យ​បំផុត​ឲ្យ​លោក​ដូណាល់ ត្រាំ សម្រាប់​ថ្ងៃបុណ្យ​ណូអែល​ដែល​ចូល​មកដល់​នៅ​ថ្ងៃទី​២៥​ធ្នូ​នេះ​។ កាដូ​នោះគេ​សន្និដ្ឋានថា​ជា​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM កូរ៉េខាងជើង​អាច​បាញ់​ក្នុង​ចន្លោះ​ថ្ងៃបុណ្យ​ណូអែល​។ ឆ្លើយតប​នឹង​សារ​នេះ​លោក​ត្រាំ​ពេល​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ លោក​គូសបញ្ជាក់ថា អាមេរិក​នឹង​ដោះស្រាយបាន​យ៉ាង​ជោគជ័យ​បំផុត​ចំពោះ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​មិន​ថា​ជា​កាដូ​អ្វី​ក៏ដោយ​។ 

​លោក​ត្រាំ​និយាយ​ដូច្នេះ​ថា “​យើង​នឹង​ដឹងថា​អ្វី​ទៅជា​កាដូ​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នោះ ហើយ​យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​ជោគជ័យ​។ យើង​នឹង​ឃើញថា​មាន​អ្វី​កើតឡើង ប្រហែលជា​កាដូ​ដ៏​អស្ចារ្យ​បំផុត​។ វា​ទំនងជា​ការផ្ញើ​ថូផ្កា​ដ៏​ស្រស់ស្អាត​មួយ​មកឲ្យ​ខ្ញុំ​ផ្ទុយ​ពី​ការសាកល្បង​មី​ស៊ី​ល​។​”

​កូរ៉េខាងជើង​បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ដើមខែ​នេះ​ថា នឹង​ផ្ញើ​អំណោយ​ឲ្យ​លោក​ត្រាំ​នៅ​ថ្ងៃបុណ្យ​ណូអែល បន្ទាប់ពី​លោក​គីម ជុង​អ៊ុន​ទុកពេល​សម្រាប់​អាមេរិក​ត្រឹម​ចុងឆ្នាំ​២០១៩​ដើម្បី​ធ្វើ​សម្បទាន​តាម​សំណើ​កូរ៉េខាងជើង នៅក្នុង​កិច្ចពិភាក្សា​ស្ដីពី​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ និង​ការកាត់បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​។ 

​នៅក្នុង​ការព្រមាន​កាល​ពី​ថ្ងៃទី​០៣​ធ្នូ​កូរ៉េខាងជើង​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា បាន​ព្យាយាម​ដក​ការជជែក​ពិភាក្សា​រឿង​រំលាយ​នុយក្លេអ៊ែរ​ចេញ មុនពេល​អាមេរិក​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​។ កូរ៉េខាងជើង​និយាយថា​វា​អាស្រ័យ​លើ​អាមេរិក​ទាំងស្រុង​នូវ​អំណោយ​ថ្ងៃបុណ្យ​ណូអែល ដែល​ខ្លួន​នឹង​ជ្រើសរើស​ឲ្យ​ស័ក្ដិសម​បំផុត​។​

​មេបញ្ជាការ​យោធា​អាមេរិក​បាន​និយាយថា ការឆ្លើយតប​របស់​កូរ៉េខាងជើង​អាចពាក់ព័ន្ធ​នឹង​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ឬ​ការធ្វើ​តេស្ដ​គ្រាប់បែកនុយក្លេអ៊ែរ​ដែល​កូរ៉េខាងជើង​បាន​ផ្អាក​សកម្មភាព​តាំងពី​ឆ្នាំ​២០១៧​។ លោក​ត្រាំ​ធ្លាប់​និយាយថា​ការផ្អាក​សកម្មភាព​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​នេះហើយ ជា​ភស្ដុតាង​បង្ហាញឲ្យឃើញ​កូរ៉េខាងជើ​ង​ចាប់ផ្ដើម​អនុវត្ដតាម​គោលនយោបា​យ​អាមេរិក ក្រោយពី​កិច្ច​ជំនួប​លើកដំបូង​នៅ​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០១៨​។ ប៉ុន្ដែ​មួយ​រយៈពេល​ចុងក្រោយ​នេះ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវ​ជាប់គាំង ដោយសារ​ខ្វែងគំនិត​រឿង​បន្ធូរបន្ថយ​ទណ្ឌកម្ម ទើប​បណ្ដាលឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​តានតឹ​ង​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត