លោក​ត្រាំ​នឹង​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​ដំណាក់កាល​ទីមួយ​​ជាមួយ​ចិន​​ក្នុង​ខែ​នេះ​

25-12-2019 9:20 am 390
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​និង​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​នឹង​ចុះហត្ថលេខា​រួមគ្នា លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។ ការចុះហត្ថលេខា​នឹង​ធ្វើឡើង​ក្នុង​ខែ​នេះ​តែម្ដង​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​លោក​ត្រាំ​បញ្ជាក់​បន្ថែមថា “​យើង​នឹងមាន​ពិធី​ចុះហត្ថលេខា​មួយ​ពិតប្រាកដ​ជាមួយគ្នា​ក្នុងពេល​ឆាប់ៗ ព្រោះ​យើង​ចង់បាន​ជោគជ័យ​ឆាប់ៗ​ដែរ​។ កិច្ចព្រមព្រៀង​គឺ​ធ្វើ​រួចរាល់​ហើយ ដែល​ពេលនេះ​កំពុង​ត្រូវបាន​បកប្រែ​។​”

​តំណាង​កិច្ចការ​ពាណិជ្ជកម្ម​អាមេរិក​លោក​រូ​បឺត ឡាយ​ថា​យ​ហ្ស័​រ​បាន​និយាយ​កាលពី​ថ្ងៃទី​១៣​ធ្នូ​ថា តំណាង​មកពី​ប្រទេស​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​នៅ​សប្ដាហ៍​ទីមួយ​នៃ​ខែមករា ប៉ុន្ដែ​ពេលនេះ​លោក​ត្រាំ​ថា​ចុះ​ក្នុង​ខែធ្នូ​តែម្ដង​។ ទីក្រុង​ប៉េកាំង​មិនទាន់​បានបញ្ជាក់​ច្បាស់លាស់​ពី​កិច្ចព្រមព្រៀង​បង្ហាញ​ដោយ​មន្ដ្រី​អាមេរិក​នោះទេ​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ព័ត៌មាន​លម្អិត​នឹង​ប្រកាស​ជា​សាធារណ​បន្ទាប់ពី​ការចុះហត្ថលេខា​ផ្លូវការ​៕

ព័ត៌មានផ្សេងទៀត