បង្កើត​ផ្សារ​គំរូ​ព្រំដែន ដើម្បី​មិត្តភាព និង​ការអភិវឌ្ឍន៍ តាម​បន្ទាត់​ព្រំដែន​

24-12-2019 5:02 pm 690
  ស្តាប់
ស្តាប់ជាសំឡេង

«​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា (​ផ្សារ​ដារ​)» ដែល​ស្ថិត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើកសម្ពោធ​ឲ្យប្រើ​ប្រាស់​ផ្លូវការ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​នេះ ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​

​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា ឬ​ផ្សារ​ដារ​នេះ សាងសង់​ក្រោម​ជំនួយ​ទឹកប្រាក់​ពី​រដ្ឋាភិបាល​វៀតណាម ចំនួន​២​លាន​ដុល្លារ ដើម្បី​ជា​ការផ្តល់​ទីផ្សារ សម្រាប់​ប្រជាជន​ខ្មែរ និង​ប្រជាជន​វៀតណាម ក្នុង​ការលក់ដូរ​ទំនិញ ទៅវិញទៅមក ក៏ដូចជា​ជួយ​បង្កើត​ការងារ សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា លោក​មាន​បំណង​ចង់ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ ជា​ផ្សារ​ដែល​ស្រស់ស្អាត និង​មាន​សណ្តាប់ធ្នាប់ ហើយ​ត្រូវ​ត្រួតពិនិត្យ​ជា​ប្រចាំ ប៉ុន្តែ​មិន​ត្រូវឲ្យមាន​ការរំខាន ប្រជាពលរដ្ឋ​ដែល​លក់​ដូរ​ទេ​។ 

​ប្រមុខ​រដ្ឋាភិបាល​ថ្លែងថា បើ​មាន​ការរំខាន ប្រជា​ពលរដ្ឋ​នឹង​បង្កើត​ច្រករបៀង​ខ្លួនឯង នោះ​ហើយ​ជា​រឿង​គ្រប់គ្រង​មិន​បាន​។ បើ​គ្រប់គ្រង​មិន​បាន​ពួកឧក្រិដ្ឋជន ធ្វើ​ចរាចរ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ព្រមាន ដល់​អភិបាលខេត្ត​ត្បូងឃ្មុំ នឹង​ត្រូវ​អស់តំណែង ប្រសិនបើ​ផ្សារ​នេះ បរាជ័យ មិន​ដំណើរការ​ទៅមុខ​។​ ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ប្រតិភូកម្ម​អំណាច​រួចហើយ ដូច្នេះ​ការគ្រប់គ្រង​ផ្សារ​នេះ ត្រូវ​ធ្វើឡើង​ដោយ​អាជ្ញាធរខេត្ត ដោយ​មិន​ចាំបាច់​ទៅ​ដល់​ក្រសួង​ពាណិជ្ជកម្ម​នោះទេ​។​

សំឡេង

​យ៉ាងណាមិញ ជុំវិញ​ការបើក​ផ្សារ​គំរូ​ព្រំដែន​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹង​ការ​មិន​ពេញចិត្ត ចំពោះ​ការប្រើប្រាស់​ផលិតផល ឬ​ទំនិញ​របស់​វៀតណាម ដែល​ហាក់​មិនសូវ​មាន​គុណភាព និង​ប្រើប្រាស់​សារធាតុ​គីមី​។ អ្នកខ្លះ​ថា យក​ទំនិញ​ធម្មជាតិ​ពី​ខ្មែរ​ឲ្យ​វៀតណាម​ប្រើ ហើយ​យក​ទំនិញ​គីមី​ពី​វៀតណាម មក​ខ្មែរ​វិញ​មែន​ទេ​? ទាំងនេះ គ្រាន់តែ​ជា​ការយល់ឃើញ​ពី​ប្រជាពលរដ្ឋ មួយចំនួន​ប៉ុណ្ណោះ​។​

​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ការបើក​ផ្សារ​គំរូ​ព្រំដែន​នេះ គឺជា​ការបើក​ទំព័រ​ថ្មី​មួយទៀត សម្រាប់​ការពង្រឹង នូវ​កិច្ចសហប្រតិបត្តិការ និង​ពាណិជ្ចកម្ម​តាម​តំបន់​ព្រំដែន​ខ្មែរ​-​វៀតណាម ដែល​នឹង​អាច​សម្រេចបាន នូវ​គម្រោង​វិនិយោគ​ចំនួន ៥,០០០ លាន​ដុល្លារ​ទៅ​តាម​គម្រោង​មេ​។ ផ្សារ​នេះ ក៏​នឹង​បង្កើន​ឱកាស​ការងារ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​២​។​ ​ម្យ៉ាងវិញទៀត បើ​ផ្សារ​មួយ​នេះ មាន​ដំណើរការ​ល្អ នៅ​ថ្ងៃ​អនាគត នឹង​មាន​ផ្សារ​បែបនេះ ជាច្រើន​ទៀត​តាម​តំបន់​ព្រំដែន​ខ្មែរ​-​វៀតណាម​។​

​សូមបញ្ជាក់​ថា ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា និង​វៀតណាម​ជា​លើកដំបូង នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ជិត​២​ហិកតា ចម្ងាយ​ប្រមាណ​ជា ៣០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ផ្សារ​នេះ​មាន​ចំនួន ៦៨​ស្តង់ ចែកចេញ​ជា​៦​ប្រភេទ​។ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា ត្រូវបាន​អនុញ្ញាត​ឲ្យ​ដាក់​លក់​តែ​ផលិតផល​របស់​កម្ពុជា និង​វៀតណាម ដោយ​មិន​អនុញ្ញាត ឱ្យ​លក់​ផលិត​ប្រទេស​ដទៃ​នោះឡើយ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្សារ​គំរូ​ព្រំដែន​នេះ​ដែរ លោក ហ៊ុន សែន បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ថ្មី បន្ថែម​ចំនួន​២​ទៀត នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម គឺ​ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពត ដែល​អាច​នឹង​ប្រើប្រាស់​ថវិកា​ជាតិ ដើម្បី​សាងសង់​ផ្សារ​គំរូ​ថ្មី​ទាំង​២​នេះ ដោយ​មិន​ចាំបាច់​ពឹង​ភាគី​វៀតណាម​។​

​ចំពោះ​ការសាងសង់​ផ្សារ​គំរូ​ថ្មី​ទាំង​២​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់ផ្តើម​រៀបចំ​គូរ​ប្លង់ និង​រៀបចំ​ដី​ឲ្យបាន​រួចជាស្រេច ដើម្បី​ធ្វើ​យ៉ាងណា​ដំណើរការ​ឲ្យបាន​ឆាប់ កុំ​រង់ចាំ​យូរ​ទៀត​។​

សំឡេង​

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល បាន​ណែនាំ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ឲ្យបាន​ជិតស្និទ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ឲ្យ​ស្រុះស្រួល​ទាំងអស់ ធានា​ឲ្យបាន​ថា ការសាងសង់​ផ្សារ​គំរូ​ព្រំដែន មានដំណើរ​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា​បានល្អ នៅ​ជិត​នឹង​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុកថា ការជំរុញ​ឲ្យមាន​ការ​សាងសង់​ផ្សារ​គំរូ តាម​ព្រំដែន​ឲ្យបាន​ច្រើន​នេះ គឺ​ជា​គោលដៅ​ជំរុញ​បន្ថែម នៃ​គោលនយោបាយ​ប្រែក្លាយ​ខ្សែបន្ទាត់​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ ឲ្យទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​មាន​ការអភិវឌ្ឍន៍​។​

​ក្រៅ​ពី​ការសាងសង់​ផ្សារ​គំរូ​ព្រំដែន​ជាមួយ​វៀតណាម​ហើយ​នោះ លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​លទ្ធភាព​ក្នុង​ការសាងសង់​ផ្សារ​ព្រំដែន ជាមួយ​ភាគី​ថៃ​ផង​ដែរ ដែល​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ការវិនិយោគ ក្នុង​ការសាងសង់​ផ្សារ​គំរូ​ព្រំដែន​នេះ​ផង​ដែរ​៕

 

 

 


ព័ត៌មានផ្សេងទៀត