ប្រជាជន​​​ប្រឆាំង​​ច្បាប់​​ផ្ដល់​សញ្ជាតិ​ថ្មី​​ឥណ្ឌា​​ព្រោះ​​មាន​គុណ​វិបត្ដិ​ធ្ងន់ធ្ងរ​?

24-12-2019 3:03 pm 358

​តាំងពី​មុន​ច្បាប់​ផ្ដល់​សញ្ជាតិ​របស់​ឥណ្ឌា ត្រូវបាន​សភា​ធ្វើ​វិសោធនកម្ម​និង​អនុម័ត​កាលពី​ថ្ងៃ​១១​ខែធ្នូ​ឆ្នាំ​២០១៩​មកម្ល៉េះ ដែល​ប្រជាជន​ឥណ្ឌា​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​ប្រឆាំង ប៉ុន្ដែ​ទើប​ផ្ទុះ​ខ្លាំង​ក្រោយ​ថ្ងៃ​១១​ធ្នូ​។ ពួកគេ​លើក​ហេតុផល​ផ្សេងៗ​ក្នុងន័យ​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ដ និង​ចង់​បញ្ជាក់ប្រាប់​ទៅ​រដ្ឋាភិបាល​ថា​ពួកគេ​មិនអាច​ទទួលយក​ច្បាប់​ថ្មី​នេះ​បាន​ដាច់ខាត​។ ពួកគេ​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ករណី​ឥណ្ឌា​អនុវត្ដ​តាមច្បាប់​ថ្មី​។ តើ​វា​ពិតជា​បង្ក​គ្រោះថ្នាក់​ដូច​ប្រជាជន​ឥណ្ឌា​លើកឡើង​មែន ឬក៏​គ្មាន​ផលប៉ះពាល់​ដូច​ការអះអាង​របស់​រដ្ឋាភិបាល​?

​ទីតាំង​ភូមិសាស្ដ្រ​

​ឥណ្ឌា​ជា​ប្រទេសមួយ​ស្ថិតនៅ​តំបន់​អាស៊ី​ខាងត្បូង ជា​ប្រទេស​ទី​៧​មាន​ទំហំ​ផ្ទៃដី​ធំ​បំផុត​ក្នុង​លោក​គឺ​៣,២៨៧,២៦៣​គីឡូម៉ែត្រ​ការ៉េ និង​ជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​ទី​២​ក្នុង​លោក​បន្ទាប់ពី​ចិន គឺ​ជាង​១,៣០០​លាន​នាក់​តាម​ការព្យាករណ៍​ក្នុង​ឆ្នាំ​២០១៨​។ រដ្ឋធានី​របស់​ឥណ្ឌា​គឺ​ញូវដេលី​ហើយ​ទីក្រុង​ធំ​បំផុត​គឺ​ម៉ុម​បៃ​។ ភាសាផ្លូវការ​របស់​ឥណ្ឌា​មាន​ហិណ្ឌូ​និង​អង់គ្លេស ចំណែកឯ​សាសនា​ឥណ្ឌា​ជា​ប្រទេស​មាន​ប្រជាជន​កាន់សាសនា​ចម្រុះ​គ្នា​មួយ​ដែរ​នៅក្នុង​លោក ក្នុងនោះ​មានដូចជា​សាសនា​ហិណ្ឌូ អ៊ីស្លាម គ្រិស្ដសាសនា ស៊ី​ក​សាសនា ព្រះពុទ្ធសាសនា សាសនា​ជេ​នីស រួមទាំង​សាសនា​ផ្សេងៗ​ទៀត​។ ឥណ្ឌា​ក៏​ជា​ប្រទេស​ប្រកាន់ខ្ជាប់​របប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ដ៏​ធំ​មួយ​នៅក្នុង​លោក ហើយ​ការបោះឆ្នោត​នាយករដ្ឋមន្ដ្រី​ធ្វើឡើង​៥​ឆ្នាំ​ម្ដង​។ 

​ទាក់ទង​នឹង​សេដ្ឋកិច្ច​យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​(IMF) សេដ្ឋកិច្ច​ឥណ្ឌា​នៅ​ឆ្នាំ​២០១៧​មាន​២.៦​ទ្រី​លាន​ដុល្លារ​($2.6 trillion) ជាប់​ចំណាត់ថ្នាក់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៦​នៅក្នុង​លោក​។ អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​ជា​មធ្យម​៥.៨%​ក្នុង​រយៈពេល​ពី​រទស​វត្ស​កន្លងមក និង​កើន​ដល់​៦.១%​ក្នុងអំឡុង​ឆ្នាំ​២០១១-២០១២​។ ឥណ្ឌា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​ក្នុង​លោក​។​

​វិសោធនកម្ម​ច្បាប់​ផ្ដល់​សញ្ជាតិ​

​ច្បាប់​ផ្ដល់​សញ្ជាតិ​ដែល​ទើប​ត្រូវបាន​សភា​ឥណ្ឌា​ធ្វើ​វិសោធនកម្ម​(CAA)​និង​អនុម័ត​កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​នេះ ជា​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់​ឆ្នាំ​១៩៥៥​។ ច្បាប់​នេះ​បើកផ្លូវ​ឲ្យ​ប្រជាជន​អ្នក​កាន់សាសនា​ហិណ្ឌូ ស៊ី​ក ព្រះពុទ្ធ ជេ​នីស និង​គ្រិស្ដសាសនា​ជាដើម ជា​ក្រុម​ជនជាតិភាគតិច​កំពុង​រស់នៅ​ក្រោម​ការធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គានី​ស្ថាន និង​បង់​ក្លា​ដែស អាច​ចូលមក​ប្រទេស​ឥណ្ឌា​បាន​។ ដោយឡែក​អ្នក​កាន់សាសនា​អ៊ីស្លាម​មិន​ទទួលបាន​ការផ្ដល់ឲ្យ​នេះទេ​។ ច្បាប់​នេះ​ជា​ច្បាប់​ទីមួយ​នៅក្នុង​តំបន់ ដែល​ត្រូវបាន​ប្រើប្រាស់​ជា​លក្ខណៈវិនិច្ឆ័យ​សម្រាប់​សញ្ជាតិ​ស្ថិតក្រោម​ច្បាប់​ឥណ្ឌា​។ 

​គណបក្ស​ជាតិនិយម​ហិណ្ឌូ​Bharatiya Janata​ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ មាន​លោក​ណារិ​នដ្រា មូឌី​ជា​នាយករដ្ឋមន្ដ្រី បាន​សន្យា​មុន​ការបោះឆ្នោត​ថា​នឹង​ផ្ដល់​សញ្ជាតិ​ឥណ្ឌា​ដល់​ក្រុម​អ្នក​កាន់សាសនា​ជនជាតិ​ភាគតិច កំពុង​រងគ្រោះ​និង​រង​ការធ្វើ​បាប​តាម​គ្រប់​រូបភាព​មកពី​ប្រទេស​ក្បែរ​ខាង​។ ស្ថិតក្រោម​ការធ្វើ​វិសោធនកម្ម​ឆ្នាំ​២០១៩ ជនអន្ដោប្រវេសន៍​ដែល​ចូលមកក្នុង​ប្រទេស​ឥណ្ឌា​ត្រឹម​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៤ និង​ជា​ក្រុម​ដែល​ត្រូវគេ​ធ្វើបាប​ខាង​ផ្នែក​សាសនា​ឬ​ភ័យខ្លាច​គេ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សាសនា​ក្នុងប្រទេស​របស់​ពួកគេ នៅក្នុង​ភូមិកំណើត​ពួកគេ អាចមាន​សិទ្ធិ​ទទួលបាន​សញ្ជាតិ​ឥណ្ឌា​។​

​វិសោធនកម្ម​ច្បាប់​ផ្ដល់​សញ្ជាតិ​នេះ​ក៏​បន្ធូរបន្ថយ​លើ​តម្រូវការ​លំនៅដ្ឋាន​ផងដែរ សម្រាប់​អ្នក​ដែល​បាន​ចូលសញ្ជាតិ​ឥណ្ឌា​។ កន្លងមក​ជនអន្ដោប្រវេសន៍​ដែល​អាច​ទទួលបាន​សញ្ជាតិ​ឥណ្ឌា លុះត្រាតែ​រស់នៅ​និង​ធ្វើការ​ក្នុងប្រទេស​ឥណ្ឌា​១១​ឆ្នាំ​សិន ប៉ុន្ដែ​ច្បាប់​ផ្ដល់​សញ្ជាតិ​ថ្មី​បន្ថយ​រយៈពេល​មក​ត្រឹម​៦​ឆ្នាំ​ប៉ុណ្ណោះ​។ រីឯ​អ្នក​ដែល​ទទួលបាន​ផល​ភ្លាមៗ​ពី​ច្បាប់​ផ្ដល់​សញ្ជាតិ​ថ្មី បើ​យោងតាម​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​ឥណ្ឌា គឺ​ក្រុម​ជនភៀសខ្លួន​ចំនួន​៣១,៣១៣​នាក់ ក្នុងនោះ​មាន​ក្រុម​ហិណ្ឌូ​២៥,៤៤៧​នាក់ ក្រុម​ស៊ី​ក​៥,៨០៧​នាក់ គ្រិស្ដ​សាសនិក​៥៥​នាក់ ពុទ្ធសាសនិក​២​នាក់​និង​ផាស៊ី​ស​២​នាក់​។​

​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​ផ្ដល់​សញ្ជាតិ​ថ្មី​

​តាមពិត​ការតវ៉ា​លើកដំបូង​ផ្ទុះឡើង​តាំងពី​ថ្ងៃទី​០៤​ខែ​ធ្នូ នៅពេល​គណៈរដ្ឋមន្ដ្រី​សម្រេច​បញ្ជូន​ច្បាប់​នេះ​ទៅកាន់​សភា​។ អ្នកចេញ​ប្រតិកម្ម​រិះគន់​មាន​អង្គការក្រៅរដ្ឋាភិបាល​នានា ស្ថាប័ន​និស្សិត​សេរីនិយម អង្គការ​សង្គមនិយម​នៅ​ទូទាំងប្រទេស​ឥណ្ឌា រួមទាំង​គណបក្សនយោបាយ​ធំៗ​ក៏​ប្រកាស​ជំទាស់​។ ការតវ៉ា​បន្ដ​ផ្ទុះឡើង​ជា​បន្ដបន្ទាប់​នៅ​ទូទាំងប្រទេស​ឥណ្ឌា​រហូតដល់​សព្វថ្ងៃ ក្រោម​ហេតុផល​ព្រួយបារម្ភ​ផ្សេងៗ​គ្នា​។ ដំបូង​ជា​ការតវ៉ា​ដោយ​អហិង្សា​ប៉ុណ្ណោះ​តែ​បាន​រីក​រាលដាល​ជា​អំពើហិង្សា ប៉ះទង្គិច​រវាង​ក្រុមបាតុករ​និង​ប៉ូលិស បណ្តាលឲ្យ​ស្លាប់​មនុស្ស​២៥​នាក់​និង​របួស​រាប់រយ​នាក់​។ យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​CNA មនុស្ស​ជាង​៧,៥០០​នាក់​ត្រូវ​ឃុំខ្លួន​ក្រោម​ច្បាប់​គ្រាអាសន្ន​ឬ​ត្រូវ​ចាប់ខ្លួន​ពីបទ​កុបកម្ម​។ 

​ការ​ងើប​តវ៉ា​ទ្រង់ទ្រាយ​ធំ​ដោយសារ​ប្រជាជន​ឥណ្ឌា​កាន់សាសនា​អ៊ីស្លាម​យល់ថា ច្បាប់​សញ្ជាតិ​ដែល​បាន​កែប្រែ​រួច មាន​ចរិត​រើសអើង​ប្រឆាំងនឹង​ប្រជាជន​មូស្លីម​ដ្បិត​ច្បាប់​សញ្ជាតិ​នេះ បើកផ្លូវ​ឲ្យតែ​អ្នកមិន​កាន់សាស​នាអ៊ី​ស្លាម​មកពី​ប្រទេស​បង់​ក្លា​ដែស ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គានី​ស្ថាន​ប៉ុណ្ណោះ អាច​ស្នើសុំ​សញ្ជាតិ​ឥណ្ឌា​បាន​កាន់តែ​ងាយស្រួល​ជាង​មុន​។ ពួកគេ​បន្ដថា​គួរ​ណាស់​តែ​ផ្ដល់ឱកាស​ដល់​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​ដែរ​ទើប​ស្មើភាព​គ្នា​។ អ្នកខ្លះ​រិះគន់ថា​ច្បាប់​ថ្មី​នឹង​ធ្វើឲ្យ​មូលដ្ឋានគ្រឹះ​នៃ​ប្រទេស​ឥណ្ឌា​ធ្លាក់ចុះ ខណ​ប្រជាជន​រស់នៅក្នុង​រដ្ឋ​Assam​បារម្ភ​ថា ភាព​ធូររលុង​នៃ​ការផ្ដល់​សញ្ជាតិ​ដល់​ជនភៀសខ្លួន​ឬ​ជនអន្ដោប្រវេសន៍ និង​ធ្វើឲ្យ​ម្ចាស់ស្រុក​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ វប្បធម៌​និង​សិទ្ធិ​ដីធ្លី រំលោភ​លើ​កិច្ចព្រមព្រៀង​ទីក្រុង​Assam និង​ជំរុញឲ្យមាន​ការធ្វើចំណាក​ស្រុកកាន់​តែ​ច្រើន​មកពី​បង់​ក្លា​ដែស​។ 

​ការតវ៉ា​ក្រៅពី​លើក​កង្វល់​ជុំវិញ​ច្បាប់​ថ្មី ក៏មាន​ការទាមទារ​ឲ្យ​ស៊ើបអង្កេត​លើ​ករណី​ប៉ូលិស​ប្រើ​ហិង្សា​លើ​ក្រុមបាតុករ​ផងដែរ​។ សកម្មជន​សិទ្ធិមនុស្ស​នៅក្នុង​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅ​ឥណ្ឌា​គឺ​រដ្ឋ​Uttar Pradesh និយាយថា ប៉ូលិស​ក្នុង​មូលដ្ឋាន​កំពុង​ឆ្មក់​ចូល​ផ្ទះ​និង​ការិយាល័យ​ប្រជាជន ដើម្បី​បំបែក​ផែនការ​ធ្វើបាតុកម្ម​ថ្មីៗ​។ តែ​ទោះបី​បាតុករ​ជាច្រើនរូប​ត្រូវស្លាប់​នៅក្នុង​ការតវ៉ា និង​បើទោះបី​រដ្ឋាភិបាល​ដាក់​បម្រាម​គោចរ ដាក់បទបញ្ជា​យ៉ាង​តឹងរឹង​ដើម្បី​បិទ​ការតវ៉ា​ក៏ដោយ ក្រុមបាតុករ​នៅតែ​មិន​ខ្លាចរអា​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​បន្ត ហើយ​ការតវ៉ា​ដ៏​សន្ធឹក​ត្រូវបាន​គ្រោង​ធ្វើ​នៅ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ឥណ្ឌា​រួមទាំង​នៅ​ភាគ​ឦសាន​ប្រទេស​គឺ​ក្នុង​រដ្ឋ​Assam​។​

​យ៉ាងណាមិញ​លោក​ណារិ​នដ្រា មូឌី​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ដឹកនាំ​ការប្រជុំ​ដ៏​ធំ​មួយ សម្រាប់​គណបក្ស​ជាតិនិយម​ហិណ្ឌូ​របស់លោក​នៅក្នុង​រដ្ឋ​ធានី​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន​។ លោក​បាន​ពន្យល់ថា​ច្បាប់​ផ្ដល់​សញ្ជាតិ​ថ្មី​មិន​ប៉ះពាល់​ប្រជាជន​ឥណ្ឌា​ជាង​១,៣០០​លាន​នាក់​ឡើយ​។ លោក​ប្រាប់​ប្រជាជន​កុំឲ្យ​មាន​ការព្រួយបារម្ភ​ឲ្យសោះ​ដ្បិត​ច្បាប់​នេះ​នឹងមិន​ផ្លាស់ប្តូរ​អ្វី​គ្រប់យ៉ាង​សម្រាប់​ពួកគេ​ទេ​។ ជាមួយគ្នា​នោះ​លោក​មូឌី​បាន​ចោទ​ក្រុមប្រឆាំង​កំពុងតែ​ផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារាម​ថា ប្រជាជន​មូស្លីម​ទាំងអស់​នឹង​ត្រូវបញ្ជូន​ទៅ​ជំរុំ​ឃុំឃាំង​។ ត្រង់ចំណុច​នេះ លោក​ពន្យល់ថា​ពុំ​មានរឿង​បែបនេះ​កើតឡើង​ដាច់ខាត ហើយ​ថា​ការលើកឡើង​នោះ​ជា​រឿង​មិន​ពិត​។ 

​លោក​នាយករដ្ឋមន្ត្រី​ណារិន ដ្រា​មូឌី​បាន​ព្យាយាម​ពន្យល់​ទៅកាន់​ប្រជាជន​មូស្លីម​របស់​ឥណ្ឌា ខណៈ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ផ្ទុះឡើង​បន្តកន្ទុយ​គ្នា ហើយ​បានដាក់​រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​របស់​នាយករដ្ឋមន្ត្រី​វ័យ​៦៩​ឆ្នាំ​រូបនេះ ឲ្យ​ស្ថិតក្រោម​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​តាំងពី​ឡើង​កាន់អំណាច​ឆ្នាំ​២០១៤​មក​។  

​ស្ថានការណ៍​នៅ​ពេលអនាគត​

​ក្នុង​រយៈពេល​នេះ​ស្ថានការណ៍​មិនអាច​វិល​ទៅរក​សភាព​ដើម​បានទេ ពោលគឺ​ប្រជាជន​ឥណ្ឌា​ដែល​កាន់សាសនា​អ៊ីស្លាម​ពិតជា​កើតទុក្ខ​មិន​សុខចិត្ដ​កាន់តែខ្លាំង​និង​នាំគ្នា​តវ៉ា​ជាថ្មី​។ បច្ចុប្បន្ន​រដ្ឋាភិបាល​ឥណ្ឌា​មិនទាន់​ប្រកាស​ពី​ការធ្វើសម្បទាន​ណាមួយ​ឡើយ នាយករដ្ឋមន្ដ្រី​ឥណ្ឌា​បាន​ព្យាយាម​ចេញ​បកស្រាយ​ព័ត៌មាន​ទាក់ទង​នឹង​ច្បាប់​នេះ​ឲ្យ​ច្បាស់លាស់​សិន រួមជាមួយ​ការ​ដាក់ពង្រាយ​កងកម្លាំង​សន្ដិសុខ​ត្រៀម​ទប់ទល់​នឹង​ការតវ៉ា​ដោយ​ហិង្សា​ជាថ្មី ក៏ដូចជា​ដាក់ចេញ​នូវ​វិធានការ​មួយចំនួនទៀត​ត្រៀម​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​។ 

​នៅពេល​ការពន្យល់​របស់​លោកនាយ​ក​រដ្ឋមន្ដ្រី​មិនអាច​បន្សាប​ការតវ៉ា​បាន លោក​នឹង​ចាត់វិធានការ​បន្ដ​ក្នុងនោះ​អាចជា​ការដោះដូរ​ឬ​ជា​ការធ្វើសម្បទាន​ណាមួយ ដោយហេតុថា​ការតវ៉ា​រីក​កាន់តែ​ធំ​ជាង​មុន​ទោះ​មាន​មនុស្ស​ស្លាប់​និង​របួស​ក៏​ក្រុមបាតុករ​មិន​ខ្លាច​។ ផ្ទុយទៅវិញ​ប្រសិន​រដ្ឋាភិបាល​មិន​ព្រម​សម្របសម្រួល​ឬ​រក​វិធីសាស្ដ្រ​ដោះស្រាយ ប្រជាជន​ឥណ្ឌា​ដែល​កាន់សាសនា​អ៊ីស្លាម​និង​ក្រុម​អ្នក​រិះគន់​ពិតជា​បង្កើន​ការវាយប្រហារ​រដ្ឋាភិបាល​ដោយ​គ្មាន​យោគយល់​។ វា​ក៏​ជា​ឱកាស​ដែល​គណបក្សប្រឆាំង​អាច​កេងចំណេញ​នយោបាយ​លើ​បក្ស​កាន់អំណាច​លោក​មូឌី​បាន​ទៀត​។ ការតវ៉ា​ដំបូង​ផ្ដើមចេញពី​ច្បាប់​ផ្ដល់​សញ្ជាតិ យូរៗ​ទៅនឹង​មាន​ការទាមទា​រ​បន្ថែម​លើ​ចំណុច​នានា ខណៈពេល​នេះ​កំពុងមាន​ការទាមទារ​ឲ្យ​ស៊ើបអង្កេត​លើ​ប៉ូលិស​បង្ក្រាប​ក្រុមបាតុករ​ជា​ឧទាហរណ៍​ស្រាប់ ក្រៅតែពី​ប្រឆាំង​ច្បាប់​ផ្ដល់​សញ្ជាតិ​។ ជារួម​មក​យើង​អាច​ជឿជាក់​បាន​ថា លោក​ណារិ​នដ្រា មូឌី​នឹងមិន​បណ្ដោយឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ង​រជាង​នេះឡើយ​៕

ព័ត៌មានផ្សេងទៀត