​លោក​អំ សំអាត​៖​​ការជួញដូរ​មនុស្ស​មា​ន​​លក្ខណៈ​ជា​ប្រព័ន្ធ​ទើប​សមត្ថកិច្ច​ពិបាក​បង្ក្រាប​

24-12-2019 2:49 pm 238
  ស្តាប់
ស្តាប់ជាសំឡេង

​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) បាន​លើកឡើងថា ការជួញដូរ​មនុស្ស​នៅក្នុង​ពិភពលោក​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ទើប​ធ្វើឱ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការបង្ក្រាប ដោយ​ក្នុងនោះ​មាន​ទាំង​សមត្ថកិច្ច​កម្ពុជា​ផងដែរ​។

​ថ្មីៗ​នេះ​លោកស្រី ខា​ម៉ិន ម៉ូ​រ៉េណូ ឯកអគ្គរដ្ឋទូត​សហភាព​អឹរ៉ុប​ប្រចាំ​កម្ពុជា បាន​លើកឡើងថា កម្ពុជា​មាន​អ្នកធ្វើ​ចំណាកស្រុក​ច្រើន​ទៅកាន់​ប្រទេស​ថៃ ពិសេស​ក្នុង​វិស័យ​នេសាទ ដែល​មួយចំនួន​ប្រឈម​ការជួញដូរ​មនុស្ស ប្រសិនបើ​គ្មាន​ឯកសារ​គ្រប់គ្រាន់ និង​ការជួយជ្រោមជ្រែង​សមស្រប​ណាមួយ​នោះ​។ លោកស្រី បាន​អះអាងថា នៅ​សហភាព​អឹរ៉ុប មាន​គោលនយោបាយ​អនុញ្ញាតឲ្យ​ប្រជាពលរដ្ឋ​អាច​ផ្លាស់​ទីទៅ​ធ្វើការ​ដោយ​សេរី​នៅក្នុង​សហគម​អឺរ៉ុប ប៉ុន្តែ​ថា​នៅក្នុង​តំបន់​អាស៊ាន មិនទាន់មាន​យន្តការ​នេះ​ទេ ដូច្នេះ​នឹង​អាចធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ក្លាយជា​អ្នក​ចំណាកស្រុក​ខុសច្បាប់ និង​ក្លាយជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​។​

​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) បាន​លើកឡើងថា ទោះបីជា​រដ្ឋាភិបាល​ខិតខំ​បង្ក្រាប​យ៉ាងណាក៏ដោយ ក៏​ការជួញដូរ​មនុស្ស​នេះ នៅតែ​បន្ត​កើតមាន​ដដែល ដោយ​លោក​ស្នើឱ្យ​រដ្ឋាភិបាល​ខិតខំ​បន្ថែមទៀត ក្នុង​ការបង្ក្រាប ក៏ដូចជា​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​នេះ​។ លោក​បាន​អះអាងថា ការជួញដូរ​មនុស្ស​នៅក្នុង​ពិភពលោក​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ទើប​ធ្វើឱ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការបង្ក្រាប ក្នុងនោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ ……………

សំឡេង​៖

​លោក អំ សំអាត បាន​គូសបញ្ជាក់ថា អំពើ​ជួញដូរ​មនុស្ស​នៅតែ​កើតមាន ដោយសារ​កម្រិត​នៃ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ការធ្វើការ​ចំណាកស្រុក​ដោយ​ពុំបាន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ ដោយសារ​កាត្តា​ជីវភាព​ជាដើម ដែល​ហេតុ​ងាយ​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស​ណាស់​។ លោក​ក៏បាន​គូសបញ្ជាក់​ទៀតថា សម្រាប់​អង្គការ​លីកាដូ ក្នុង​ឆ្នាំ​២០១៩​នេះ បានទទួល​ការ​ពឹងពាក់​ឱ្យជួយ​ប្រមាណ​ជា​៣០​ទៅ​៤០​ករណី ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ​។​

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឈប់​ចាញ់បោក​មេខ្យល់ ដែល​អូសទាញ​ទៅ​ធ្វើការ​ក្រៅប្រទេស​ដោយ​មិន​ស្របច្បាប់​តាម​បណ្តាញ​ផ្សេងៗ​។ លោក​បាន​បញ្ជាក់ថា ប្រសិនបើ​មាន​អ្នកណាម្នាក់ ដើរ​ឃោសនា​អូសទាញ​បងប្អូន​ចំណាកស្រុក ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស សូម​រាយការណ៍​ទៅ​សមត្ថកិច្ច​បន្ទាន់ ឬ​សួរនាំ​ឲ្យបាន​ច្បាស់​ថា តើ​មេខ្យល់​នេះ​មកពី​ប្រភព​ណា​? ឈ្មោះ​អ្វី​? មាន​ឯកសារ​ស្របច្បាប់​ឫ​មិនមាន​? ក្នុងន័យ​ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​ចាញ់បោក​មេខ្យល់ ចាញ់បោក​ការអូសទាញ​ពី​ជនខិលខូច​ទាំងនោះ​៕ 

ព័ត៌មានផ្សេងទៀត