មួយ​ឆ្នាំ​ត្រឹម កម្មវិធី​ថែទាំ​ផ្លូវ​លើ​ទូរស័ព្ទដៃ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​ដោយ​ជោគជ័យ​ចំនួន​៣៥០​ករណី​

23-12-2019 7:18 pm 471
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ត្រឹម​នៃ​ការបង្កើត និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ថែទាំ​ផ្លូវ​លើ​ទូរស័ព្ទដៃ ដែល​មានឈ្មោះ​ថា Road Care ត្រូវបាន​ទទួល​ការគាំទ្រ និង​ប្រើប្រាស់​យ៉ាងច្រើន​ពី​សំណាក់​ពលរដ្ឋ ។ បើ​តាម​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ប្រាប់​ឱ្យដឹងថា Road Care Mobile App បាន​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​ខូចខាត ចំនួន​៣៥០​ករណី នៃ​២,០០០​របាយការណ៍ ដែល​បាន​ស្នើ​ជូន​មក​កាន់​មន្ត្រី​ជំនាញ​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ ។ មន្ត្រី​ដដែល​បាន​អះអាង​ថា តួលេខ​នេះ គឺជា​ជោគជ័យ​ដ៏​ធំ​បំផុត ហើយ​ការងារ​ជួសជុល​ផ្លូវ​នា​ពេលកន្លងមក គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​គិតគូរ​យ៉ាង​ល្អិតល្អន់ ទាំង​ផ្នែក​អាទិភាព សុវត្ថិភាព និង​គុណភាព ។

​កម្មវិធី Road Care Mobile App ត្រូវបាន​បង្កើតឡើង​ក្រោម​ការផ្តួចផ្តើម និង​ចង្អុលបង្ហាញ​ពី​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ​នៅក្នុង​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​គិត​មក​ទល់​នឹង​ចុងឆ្នាំ​២០១៩​នេះ គឺ​មាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​ហើយ ។​

​បើ​តាម​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ប្រាប់ថា Road Care Mobile App ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួមចំណែក​ក្នុងការ​ថែទាំ​ផ្លូវ តាមរយៈ​ការរាយការណ៍​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហើយ​មន្ត្រី​ជំនាញ​និង​កំណត់​អាទិភាព ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងនោះ​...
​សំឡេង​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ៖

​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​មកនេះ បើ​តាម​របាយការណ៍ និង​ជា​តួលេខ​ជាក់ស្តែង ចំនួន​អ្នកប្រើប្រាស់ Road Care Mobile App មាន​ចំនួន​ខ្ទង់​ប្រមាណ​ជាង​១៧,០០០​នាក់ ។ ​ដោយឡែក ចំនួន​របាយការណ៍​ដែល​បាន​រាយការណ៍​មកកាន់​មន្ត្រី​ជំនាញ​តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទដៃ​នេះ គឺ​មាន​ប្រមាណ ២,៥០០​របាយការណ៍ ក៏ប៉ុន្តែ មានតែ ២,០០០​របាយការណ៍​ប៉ុណ្ណោះ ជា​របាយការណ៍​យកជាការបាន ។ ក្នុងនោះ មាន​១៧% ប្រមាណ​៣៥០​របាយការណ៍ ត្រូវបាន​ដោះស្រាយ​រួចរាល់​ជូនទៅ​ប្រជាពលរដ្ឋ​វិញ នៅ​ទូទាំង​ប្រទេស ។​

​បើ​តាម​ស្តាប់​មើលទៅ ចំនួន​១៧%​ដែល​មន្ត្រី​ជំនាញ​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ស្រប​តាម​ការរាយការណ៍​នេះ ហាក់បីដូចជា មាន​ចំនួន​តិចតួច ក៏​ប៉ុន្តែ​បើ​តាម​លោក ហ៊ាង សុទ្ធា​យុ​ត្តិ បានចាត់ទុក​អត្រា​១៧%​នេះ គឺជា​លទ្ធផល​ដ៏​ជោគជ័យ​ធំ​មួយ​ក្នុង​ជំហាន​ដំបូង ម្យ៉ាងទៀត​លោក​បញ្ជាក់ថា ការងារ​ជួសជុល​ផ្លូវ​នា​ពេលកន្លងមក គឺ​ត្រូវ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់ ទាំង​ផ្នែក​អាទិភាព សុវត្ថិភាព និង​គុណភាព …
​សំឡេង​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ៖ 

​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​រូបនេះ​បានឱ្យដឹងថា តាមរយៈ App ថែទាំ​ផ្លូវ​នេះ គឺ​មាន​ការវាយតម្លៃ​ខ្ពស់​ពី​ប្រជាពលរដ្ឋ និង​បណ្តាញសារព័ត៌មាន​មួយចំនួន ដែល​បាន​ផ្សាយ​អំពី​គុណ​តម្លៃ និង​វឌ្ឍនភាព​នៃ Road Care Mobile App នេះ ។​

​លោក សុទ្ធា​យុ​ត្តិ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ចំពោះ​ពលរដ្ឋ​ដែល​បាន​ទាញ​យក​កម្មវិធី Road Care ទៅ​ប្រើប្រាស់​នៅក្នុង​ទូរស័ព្ទដៃ​របស់​ខ្លួន និង​រាយការណ៍​នូវ​បញ្ហា​សំបុកមាន់ ផ្លូវ​ខូចខាត​នានា​មក​ក្រសួង នោះ​គឺ​បង្ហាញ​អំពី​ការគាំទ្រ ហើយ​… 
​សំឡេង​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ៖ 

​បើ​តាម​ការរៀបរាប់​ប្រាប់​ពី​លោក ហ៊ាង សុទ្ធា​យុ​ត្តិ បានឱ្យដឹងថា ការរាយការណ៍​ភាគច្រើន គឺ​កើត​ចេញពី​ទីប្រជុំជន ហើយ​បើ​និយាយ​អំពី​រាជធានី​-​ខេត្ត​ដែល​មាន​ចំនួន​រាយការណ៍​ច្រើនជាងគេ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្ត​កណ្តាល ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​ជាដើម ។ 

​លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​ប្រាប់​បន្តថា យោង​តាម​ការចង្អុលបង្ហាញ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ការឆ្លើយតប​ទៅនឹង​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ គឺ​ត្រូវបាន​ធ្វើឡើង​ជា​ពីរ​ដំណាក់កាល ដំណាក់កាល​ទី​មួយ​នឹង​ឆ្លើយតប​មិន​លើស​ពី​មួយថ្ងៃ ហើយ​ដំណាក់កាល​ទី​ពីរ គឺ​នឹង​ឆ្លើយតប​មិន​លើស​ពី​មួយ​ខែ …
​សំឡេង​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ៖ 

​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​នា​ពេលកន្លងមក គឺ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​រាប់​ទាំង​មន្ត្រី និង​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅឡើយ ។ ដោយ​ហេតុ​ដូច្នេះ​ហើយ ទើប​ក្រសួង​បាន​បង្កើត​ឱ្យមាន​ការផ្សព្វផ្សាយ បញ្ជ្រាប​ចំណេះដឹង​នានា ដូចជា​ការបង្កើត​វីដេអូ​ស្តីអំពី​វិធី​ប្រើប្រាស់​កម្មវិធី Road Care នៅលើ​ទូរស័ព្ទដៃ ពិសេស​គឺ​បង្កើត​សិក្ខាសាលា​អប់រំ​នានា​ទៅ​កាន់​ទាំង​២៥​រាជធានី​-​ខេត្ត និង​មាន​កម្មវិធី​ជំរុញ​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ចូលរួម ដើម្បី​ឱ្យ​ពួកគេ​ក្លាយ​ជា​ពលរដ្ឋ​សកម្ម រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម ។​

​ដើម្បី​អាច​ប្រើប្រាស់​នូវ​កម្មវិធី​ថែទាំ​ផ្លូវ​នៅ​លើ​ទូរស័ព្ទដៃ​បាន លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​រៀបរាប់​ដោយ​ខ្លី​ថា ជា​ជំហាន​ដំបូង យើង​ត្រូវ​ចូល​ទៅ​ទាញ​កម្មវិធី​នេះ ពី App Store ឬ Play Store ដោយ​វាយ​ស្វែងរក Road Care  បន្ទាប់​មក​ដំឡើង​ចូលទៅ​ក្នុង​ទូរស័ព្ទដៃ​ជា​ការ​ស្រេច ដោយឡែក ការចុះ​ឈ្មោះ​ប្រើប្រាស់ ក៏ដូចជា នីតិវិធី​រាយការណ៍​ស្ថានភាព​ផ្លូវ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​សាមញ្ញ​បំផុត​…
​សំឡេង​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ៖ 

​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​គាំទ្រ តាមរយៈ​ការទាញយក​កម្មវិធី Road Care ប្រើប្រាស់ និង​រាយការណ៍​នូវ​រាល់​ផ្លូវថ្នល់​ផ្សេងៗ​ដែល​ទទួលរង​នូវ​ការខូចខាត​នានា ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ពិនិត្យ​លទ្ធភាព ចុះ​ពិនិត្យ ជួសជុល​ឱ្យបាន​ទាន់ពេលវេលា និង​ស្នើ​ឱ្យ​បញ្ជាក់​ឱ្យបាន​ច្បាស់​អំពី​សណ្ឋាន​នៃ​បញ្ហា និង​ប្រើប្រាស់​ពាក្យពេចន៍​ឱ្យមាន​ក្រមសីលធម៌​ទៅវិញទៅមក​រវាង​ប្រជាពលរដ្ឋ​និង​មន្ត្រី​ជំនាញ​…
​សំឡេង​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ៖ 

ព័ត៌មានផ្សេងទៀត