កូរ៉េខាងត្បូង​សន្យា​ផ្តល់​បទពិសោធន៍​រៀបចំ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ដល់​កម្ពុជា​

23-12-2019 5:04 pm 286

​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង ) បាន​សន្យាថា នឹង​ជួយ​ចែករំលែក​ផ្តល់​ជា​បទពិសោធន៍​ដល់​កម្ពុជា ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ឬ​ហៅ​កាត់​ថា ASEM ខណៈ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​។ 

​បើ​តាម​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានបញ្ជាក់​ថា ក្នុង​កិច្ច​ជំនួប​រវាង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជាមួយ​ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង នា​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​នេះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ អំពី​ដំណើរការ នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល ASEM នៅ​ពេល​ខាង​មុខ​នៅ​ឆ្នាំ​២០២០​នេះ ដែល​កូរ៉េ​បញ្ជាក់ថា រីករាយ​នឹង​ចែករំលែក​បទពិសោធន៍ នៃ​ការរៀបចំ ពីព្រោះ​កូរ៉េ​ធ្លាប់​ដឹកនាំ​រៀបចំ​កិច្ចប្រជុំ​នេះ ដូច្នេះ​កូរ៉េ​នឹង​រីករាយ បើ​យើង​ចង់បាន​បទពិសោធន៍​»​។​

​លោក កុយ គួង បានឲ្យដឹង​ទៀតថា ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​ពី​វិស័យ​កសិកម្ម​ផងដែរ ដែល​ឯកសារ​ចំនួន​៥ ចុះហត្ថលេខា​នៅ​ទីក្រុង​ប៊ូសាន ក៏មាន​អនុស្សារណៈ​ការយោគយល់​គ្នា លើ​វិស័យ​កសិកម្ម ពីព្រោះ​កសិកម្ម​នៅ​កូរ៉េ មាន​កសិកម្ម​ទទួលផល​បាន​ច្រើន មាន​បច្ចេកវិទ្យា​ទំនើប​លើ​រឿង​កសិកម្ម​។ កម្ពុជា​សង្ឃឹមថា នឹង​ធ្វើឲ្យ​វិស័យ​កសិកម្ម​កាន់តែ​ល្អ​ថែម​ទៀត ហើយ​ក្នុងនោះ​ក៏​មាន​ការ​នឹង​ត្រៀម​នាំ​ផ្លែស្វាយ​កម្ពុជា ទៅ​លក់​នៅ​កូរ៉េ​ដែរ ស្រប​ពេល​កម្ពុជា​សង្ឃឹម​ថា​ផ្លែស្វាយ នឹង​ទទួលបាន​នូវ​ការគាំទ្រ​ច្រើន​ពី​កូរ៉េ​។​

​លោក កុយ គួង បាន​រំលឹកថា​៖ «​បើសិន​យើង​មើល​ទុនវិនិយោគ​កូរ៉េ មក​កម្ពុជា​កន្លងមក យើង​ឃើញថា ក្នុង​ឆ្នាំ​១៩៩៦ ដល់​ខែ​មករា ឆ្នាំ​២០១៩​នេះ មាន​ប្រមាណ​ជាង ៤៤៧០​លាន​ដុល្លារ​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បន្តទៀតថា ចំពោះ​ទំនាក់ទំនង​ផ្នែក​ពហុភាគី កម្ពុជា​-​កូរ៉េ បាន​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​អាស៊ាន​-​កូរ៉េ ក៏ដូចជា​មេគង្គ​-​កូរ៉េ ដែល​កន្លងមក​នេះ ប្រធានាធិបតី​កូរ៉េ បាន​ផ្តួចផ្តើម​គំនិត មាន​គម្រោង​ជា​ច្រើន ដើម្បីឲ្យ​កិច្ចសហប្រតិបត្តិកា​រ​អាស៊ាន​-​កូរ៉េ និង​មេគង្គ​-​កូរ៉េ ឲ្យមាន​លក្ខណៈ​រឹង​មាំ​ខ្លាំងក្លា​ថែម​ទៀត​៕

ព័ត៌មានផ្សេងទៀត