រដ្ឋមន្ត្រីអប់រំថាសិស្សមិនអាចជជែកគ្នាបានទេ អំពីរឿងនយោបាយនៅក្នុងសាលារៀន

23-12-2019 4:24 pm 6137

លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ទៅកាន់សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថា សិស្សសាលាមិនអាចជជែកគ្នាបានទេ អំពីរឿងនយោបាយនៅក្នុងសាលារៀន ព្រោះច្បាប់បានហាមឃាត់។ ម្យ៉ាងទៀតសាលារៀន គឺជាកន្លែងអព្យាក្រឹត ដែលមិនគួរមានការជជែកគ្នា រឿងនយោបាយនោះដែរ។

ក្នុងកិច្ចប្រជុំរវាងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោកពេជ្រ ស្រស់ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោ​ប​ល់ពីគណបក្សយុវជនកម្ពុជា បានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឲ្យសិស្សសាលាមានសិទ្ធិពេញលេញ នៅក្នុងការជជែកគ្នាពីរឿងនយោបាយ ពេលម៉ោងសំរាកក្នុងសាលារៀន បើពួកគេចង់ជជែកគ្នា។

បើលោកពេជ្រ ស្រស់ គឺលោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា សិស្សមិនអាចជជែកគ្នាបានទេ អំពីរឿងនយោបាយនៅក្នុងសាលារៀន ពីព្រោះច្បាប់បានហាមឃាត់ ហើយកន្លែងសាលារៀនគឺជាកន្លែងអព្យាក្រឹត។ ដូច្នេះបើចង់ឲ្យសិស្សជជែកគ្នា អំពីរឿងបាយបាននៅក្នុងសាលារៀន គឺត្រូវវិសោធនកម្មច្បាប់ហាមឃាត់នោះចោលជាមុនសិន។

រីឯលោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោFMបន្ថែមថា ក្រសួងអប់រំយុវជន និងកីឡា បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាទូទៅនានា ដែលពាក់ព័ន្ធនឹងក្រសួង។ ប៉ុន្តែទាក់ទងនឹងការអនុញ្ញាតឲ្យសិស្សសាលា ជជែកគ្នាអំពីរឿងនយោបាយនោះគឺមិនអាចធ្វើបានទេ ព្រោះច្បាប់អប់រំបានចែងថាគ្រឹះស្ថានសិក្សា គឺជាកន្លែងអព្យាក្រឹត្យ។

លោកបានថ្លែងយ៉ាងដូច្នេះថា”ឯកឧត្ដមរដ្ឋមន្ត្រីហង់ ជួនណារ៉ុន កាលពីព្រឹកមិញ បានឆ្លើយតបរួចទៅហើយ នៅក្នុងកិច្ចប្រជុំ មិនមែនក្រសួងអប់រំយុវជន និងកីឡា មិនយកចិត្តទុកដាក់ទៅលើទិដ្ឋិភាពទូទៅទេ គឺក្រសួងអប់រំយុវជន និងកីឡា បន្តយកចិត្តទុកដាក់នៅលើទិដ្ឋិភាពទូទៅទាំងអស់។ ប៉ុន្តែច្បាប់អប់រំបានចែងរួចហើយ ថា គ្រឹះស្ថានសិក្សា គឺជាកន្លែងអព្យាក្រឹត្យ”។

ដោយឡែកលោកស្រីអ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើង ថា បើមិនមានការអនុញ្ញាតឲ្យសិស្សសាលាជជែកគ្នាអំពីរឿងនយោបាយនោះ លោកស្រីស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា គួរតែចេញសេចក្ដីណែនាំមួយដែរ ដោយហាមមន្ត្រីអប់រំ និងគ្រូបង្រៀនទាំងអស់ មិនត្រូវនិយាយរឿងនយោបាយដូចគ្នា។

លោកអ៊ុក ឆាយ៉ាវី បានថ្លែងយ៉ាងដូច្នេះថា”ជាធម្មតាបើក្រសួងអប់រំ ចាត់វិធានការថាកុំឲ្យសិស្សនិយាយនយោបាយនៅក្នុងសាលា គួរតែក្រសួងអប់រំហ្នឹងចេញបទបញ្ជាផង មន្ត្រីឬគ្រូបង្រៀនទាំងអស់ កុំប្រឡូកនឹងនយោបាយ ខិតខំធ្វើយ៉ាងណា ដើម្បីរកវិធីសាស្រ្ដដើម្បីបង្រៀនសិស្ស ឲ្យមានគុណភាពទៅល្អប្រសើរហើយ”។

លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះមតិរិះគន់ស្ថាបនាពីមជ្ឈដ្ឋាននានា ដោយយោងទៅលើគោលការណ៍ច្បាប់ និងតម្លាភាព ហើយក្រសួងនឹងខិតខំបន្តធ្វើកំណែទម្រង់លើវិស័យអប់រំនេះជាបន្តបន្ទាប់ទៀត៕ 

 

ព័ត៌មានផ្សេងទៀត