នាយករដ្ឋមន្ត្រី​ឥណ្ឌា​ប្រាប់​ពលរដ្ឋ​ថា ច្បាប់​សញ្ជាតិ​មិន​ប្រឆាំង​ប្រជាជន​មូស្លីម​ទេ​

23-12-2019 3:53 pm 277
  ស្តាប់
លោក​ណារិន ដ្រា​មូឌី​នាយករដ្ឋមន្ត្រី​ឥណ្ឌា
ស្តាប់ជាសំឡេង

​លោក​ណារិន ដ្រា​មូឌី​នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ដឹកនាំ​ការជួបជុំ​ដ៏​ធំ​មួយ សម្រាប់​គណបក្ស​ជាតិនិយម​ហិណ្ឌូ​របស់លោក នៅក្នុង​រដ្ឋធានី​កាលពី​ថ្ងៃអាទិត្យ​។ លោក​បាន​ពន្យល់ថា ច្បាប់​សញ្ជាតិ​ថ្មី មិន​ប៉ះពាល់​ដល់​ប្រជាជន​ឥណ្ឌា ១,៣ ពាន់​លាន​នាក់​ទេ​។ លោក​ប្រាប់​ប្រជាជន​កុំឲ្យ​មាន​ការព្រួយបារម្ភ​ឲ្យសោះ​ដ្បិត​ច្បាប់​នេះ​នឹងមិន​ផ្លាស់ប្តូរ​អ្វី​គ្រប់យ៉ាង​សម្រាប់​ពួកគេ​ទេ​។ ជាមួយគ្នា​នោះ លោក​មូឌី​បាន​ចោទ​ក្រុមប្រឆាំង កំពុងតែ​ផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារាម​ថា ប្រជាជន​មូស្លីម​ទាំងអស់​នឹង​ត្រូវបញ្ជូន​ទៅ​ជំរុំ​ឃុំឃាំង​។ ត្រង់ចំណុច​នេះ លោក​ពន្យល់ថា ពុំមាន​រឿង​បែបនេះ​កើតឡើង​ឡើយ ហើយ​ថា​ការលើកឡើង​នោះ​ជា​រឿង​មិន​ពិត​។ 

​លោក​នាយករដ្ឋមន្ត្រី​ណារិន ដ្រា​មូឌី​បាន​ព្យាយាម​ពន្យល់​ទៅកាន់​ប្រជាជន​មូស្លីម​របស់​ឥណ្ឌា ដោយសារតែ​ការធ្វើ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ បាន​បង្កឲ្យមាន​ការធ្វើបាតុ​កម្ម​ទ្រង់ទ្រាយ​ធំ​ផ្ទុះឡើង​បន្តកន្ទុយ​គ្នា ហើយ​បានដាក់​រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​របស់​នាយករដ្ឋមន្ត្រី​វ័យ​៦៩​ឆ្នាំ​រូបនេះ ឲ្យ​ស្ថិតក្រោម​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់មាន តាំងពី​ឡើង​កាន់អំណាច​ឆ្នាំ​២០១៤​មក​។ គណបក្ស​ជាតិនិយម​របស់លោក​មូឌី គ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាង ២០០ ដើម្បី​បន្សាប​ការតវ៉ា​។​

​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​សញ្ជាតិ បាន​ផ្ទុះឡើង​ស្ទើរ​ទូទាំងប្រទេស​និង​អូសន្លាយអ​ស់​រយៈពេ​លជាង​១០​ថ្ងៃ​មកហើយ ពោល​ចាប់តាំងពី​ច្បាប់​នេះ ត្រូវបាន​សភាព​ជាតិ​ឥណ្ឌា​អនុម័ត​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​មក​។ ដំបូង​ជា​ការតវ៉ា​ដោយ​អហិង្សា​ប៉ុណ្ណោះ តែ​បាន​រីក​រាលដាល​ជា​អំពើហិង្សា ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​និង​ប៉ូលិស បណ្តាលឲ្យ​ស្លាប់​មនុស្ស​ប្រមាណ​២៥​នាក់​ហើយ​។ យោងទៅតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​CNA​ឲ្យដឹងថា មនុស្ស​ជាង ៧,៥០០ នាក់ ត្រូវបាន​ឃុំខ្លួន​ក្រោម​ច្បាប់​គ្រាអាសន្ន​ឬ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​កុបកម្ម​។ ការ​ងើប​តវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ ដោយសារតែ​ប្រជាជន​ឥណ្ឌា​កាន់សាសនា​អ៊ីស្លាម​យល់ថា ច្បាប់​សញ្ជាតិ​ដែល​បាន​កែប្រែ​រួច មាន​ចរិត​រើសអើង ប្រឆាំងនឹង​ប្រជាជន​មូស្លីម ដ្បិត​ច្បាប់​សញ្ជាតិ​នេះ បើកផ្លូវ​ឲ្យ​អ្នក​ដែល​មិន​កាន់សាសនា​អ៊ីស្លាម មកពី​ប្រទេស​បង់​ក្លា​ដែស ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន អាច​ស្នើសុំ​សញ្ជាតិ​ឥណ្ឌា​បាន កាន់តែ​ងាយស្រួល​ជាង​មុន​។ ពោល ពីមុន​ជនជាតិភាគតិច​រស់នៅ​ឬ​ធ្វើការ​នៅ​ក្នុងប្រទេស​ឥណ្ឌា​បាន​១១​ឆ្នាំ ទើប​អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ​បាន ប៉ុន្តែ​ច្បាប់​ដែល​ទើបតែ​កែប្រែ​រួច​នេះ បន្ថយ​នៅត្រឹមតែ​៦​ឆ្នាំ​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  ឥណ្ឌាច្បាប់សញ្ជាតិ

ព័ត៌មានផ្សេងទៀត