កាដូ​បុណ្យ​ណូអែល​​លោក​គីម​ជូន​លោក​ត្រាំ​​អាចជា​រឿងនេះ​វិញ​មិនមែន​មី​ស៊ី​ល​ICBM​ទេ​

23-12-2019 3:44 pm 367

​ចន្លោះពេល​ស្ថានការណ៍​កំពុង​តានតឹង​ជាថ្មី​នៃ​ទំនាក់ទំនង​អាមេរិក​ជាមួយ​កូរ៉េខាងជើង អន្ដរជាតិ​ពិសេស​ប្រទេស​ពាក់ព័ន្ធ​កំពុង​បារម្ភ​ខ្លាច​ឡើង​កម្ដៅ​ខ្លាំង​ដូច​មុន​។ ការមើល​មុខ​គ្នា​មិន​ចំ​ជាថ្មី​ដោយសារ​ការប្ដេជ្ញា​ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​ត្រូវ​ជាប់គាំង​។ កូរ៉េខាងជើង​ធ្លាប់​ស្នើឲ្យ​អាមេរិក​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្ដែ​អាមេរិកឲ្យ​កូរ៉េខាងជើង​រំលាយ​នុយក្លេអ៊ែ​រសិន​។ ការមិន​ទុកចិត្ដ​គ្នា​ជំរុញឲ្យមាន​ការចរ​ចា​ជា​ច្រើនលើកច្រើនសារ ប៉ុន្ដែ​គ្មាន​ទទួលលទ្ធផល​វិជ្ជមាន​សោះ​។ 

​កាលពីដើម​ខែធ្នូ​កូរ៉េខាងជើង​ធ្លាប់​ប្រកាសថា លោក​គីម ជុង​អ៊ុន​អាច​នឹង​ជូន​កាដូ​ពិសេស​មួយ​ដល់​លោក​ដូណាល់ ត្រាំ សម្រាប់​ថ្ងៃបុណ្យ​ណូអែល​នឹង​មកដល់​ក្នុងពេល​ឆាប់​។ អ្នកវិភាគ​មួយចំនួន​ចាប់ផ្ដើម​ព្រួយ​ចិត្ដថា កាដូ​កូរ៉េខាងជើង​គ្មានអ្វី​ក្រៅពី​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​នោះទេ​។ ការប៉ាន់ស្មាន​ដូច្នេះ​ដោយហេតុ​កូរ៉េខាងជើង ធ្លាប់​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ច្រើនលើកច្រើនសារ​ក្នុងពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​។​

​ប៉ុន្ដែ​ទំនង​ខុសពី​ការវិភាគ​របស់​អ្នកជំនាញ តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​យល់ច្បាស់​ពី​ចិត្ដគំនិត​របស់លោ​ក​គីម ជុង​អ៊ុន បាន​បកស្រាយ​ថា​លោក​គីម​កំពុង​រៀបចំ​ផែនការ​ថ្មី​អនុវត្ដ​នៅ​ឆ្នាំក្រោយ​។ ផែនការ​ថ្មី​គឺ​ប្រើ​គោលនយោបាយ​តឹងរ៉ឹង​ដាក់​អាមេរិក​វិញ និង​អាចពាក់ព័ន្ធ​ការដកខ្លួន​ពី​កិច្ចព្រមព្រៀង​រំលាយ​នុយក្លេអ៊ែ​រ ដែល​នោះ​គឺជា​កាដូ​ថ្ងៃបុណ្យ​ណូអែល​សម្រាប់​លោក​ត្រាំ​ហើយ​។ កូរ៉េខាងជើង​អាច​នឹង​បោះបង់ចោល​កិច្ចចរចា​ជាមួយ​អាមេរិក និង​បង្រួបបង្រួម​ទីក្រុង​ព្យុងយ៉ាង​ជា​រដ្ឋ​នុយក្លេអ៊ែរ​ឡើងវិញ​។​

​ទីក្រុង​ព្យុងយ៉ាង​នឹងមិន​រំពឹង​លើ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច ក្នុងន័យ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ទៀត​ទេ ផ្ទុយទៅវិញ​កូរ៉េខាងជើង​ប្ដេជ្ញាចិត្ដ​ដាក់ម​នោគម​ពលរដ្ឋ​ឲ្យ​ប្រឹងប្រែង​តស៊ូ​ពឹងផ្អែក​លើ​ខ្លួនឯង​កុំ​ពឹង​អ្នកដទៃ​។ កាលពី​ឆ្នាំ​២០១៨​លោក​គីម ជុង​អ៊ុន​ធ្លាប់​ប្រកាស​នឹង​បញ្ចប់​ដំណើរការ​ស្វែងរក​អាវុធ​នុយក្លេអ៊ែរ​បន្ថែម ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​លើកកម្ពស់​ជីវភាព​ប្រជាជន​វិញ​ម្ដង​។ 

​ប្រភព​ដដែល​បន្ដថា លោក​គីម​អាច​រង់ចាំ​មើល​ស្ថានភាព​ជាក់ស្ដែង ព្រោះ​លោក​ត្រាំ​កំពុង​រងគ្រោះ​ដោយសារ​ការចោទប្រកាន់​ពី​រដ្ឋសភា​ក្នុងពេល​ថ្មីៗ ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខិត​កាន់តែ​ជិត​។ ក្រុមអ្នកវិភាគ​ជឿជាក់ថា​ក្រុង​ព្យុងយ៉ាង​បារម្ភ​ប្រសិន​មិន​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​លោក​ត្រាំ ហើយ​ចៃដន្យ​លោក​ត្រាំ​ចាញ់ឆ្នោត​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២០ អ្នក​ស្នង​តំណែង​ពី​លោក​ត្រាំ​ប្រហែល​មិន​គោរព​កិច្ចព្រមព្រៀង​មុនៗ​ទេ​។ ដោយឡែក​ករណី​លោក​ត្រាំ​ឈ្នះឆ្នោត​ក្នុង​អាណត្ដិ​ទីពីរ កូរ៉េខាងជើង​អាច​មានបំណង​រៀបចំ​កិច្ចការ​ជាមួយ​អាមេរិក​ឡើងវិញ ប៉ុន្ដែ​ឧបសគ្គ​ធំ​បំផុត​គឺ​ការវិលត្រឡប់​ទៅរក​កិច្ចចរចា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ មើល​ឃើញជាក់ស្ដែង​កូរ៉េខាងជើង​បានរៀបចំ​ផ្លូវ​ដើរ​ពីរ​រួចជាស្រេច​សម្រាប់​ខ្លួនឯង តែ​ពេលនេះ​ការរំលាយ​នុយក្លេអ៊ែរ​ត្រូវ​ដក​ចេញពី​តុ​ចរចា​សិន​ហើយ​។​

​ចាប់អារម្មណ៍​វិញ​បន្ដិច​ចំពោះ​ការលើកឡើង​ដែលថា កាដូ​ថ្ងៃបុណ្យ​ណូអែល​កូរ៉េខាងជើង​ជូនទៅ​លោក​ត្រាំ​ជាការ​ធ្វើតេស្ដ​មី​ស៊ី​ឆ្លង​ទ្វីប​ICBM ជា​ការសន្និដ្ឋាន​មាន​ភាគរយ​តិច​ណាស់​ជា​ការពិត​។ មាន​មូលហេតុ​ខ្លះៗ​ដែល​ត្រូវ​ពិចារណា គឺ​ករណី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM ឬក៏​ជា​ការបាញ់​បង្ហោះ​ផ្កាយ​រណ​មែន សកម្មភាព​នេះ​នឹង​ទទួល​ការឆ្លើយតប​ធ្ងន់ធ្ងរ​ពី​អាមេរិក​ក៏ដូចជា​ប្រទេស​មហាអំណាច​ផ្សេងទៀត​។ 

​ទោះបី​មាន​រូបភាព​ចាប់បាន​ដោយ​ផ្កាយរណប​បង្ហាញថា កូរ៉េខាងជើង​កំពុង​រៀបចំ​ទីតាំង​បាញ់​ផ្កាយរណប​សូ​ហេ​ឡើងវិញ​ក៏ដោយ ភាគរយ​នៃ​ការ​ធ្វើតេស្ដ​ផ្កាយរណប អាវុធ​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​ឆ្លង​ទ្វីប​មាន​តិចតួច​បំផុត​។ បើ​កូរ៉េខាងជើង​ធ្វើ​មែន​នឹង​ប៉ះពាល់​ដល់​ចិន​និង​រុស្ស៊ី ជា​សម្ព័ន្ធមិត្ដ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់បំផុត​របស់​កូរ៉េខាងជើង​។ ចំពោះ​ចិន​គេ​ជឿជាក់ថា​បាន​រូ​ម​ចំណែក​ដល់​ប្រមាណ​៩០​ភាគរយ​នៃ​ការនាំ​ចូល​របស់​កូរ៉េខាងជើង​។ ចិន រុស្ស៊ី​ធ្លាប់​មិន​ពេញចិត្ដ​នឹង​ការបាញ់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ហើយ​ធ្លាប់​អនុម័ត​ទណ្ឌកម្ម​អន្ដរជាតិ​ដាក់​លើ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ឆ្នាំ​២០១៧​ទៀត ព្រោះ​នៅពេល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ឬ​នុយក្លេអ៊ែរ​ម្ដងៗ ប្រទេស​ទាំងពីរ​ត្រូវ​រង​សម្ពាធ​ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ក្នុងនាម​ជា​សមាជិក​អចិន្ដ្រៃយ៍​។ 

​សរុបមក​បើ​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM ស្មើនឹង​ចាក់ឲ្យ​សមាជិក​អចិន្ដ្រៃយ៍​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ​ទម្លាក់​សម្ពាធ​បន្ថែម​លើ​ចិន រុស្ស៊ី ជា​សម្ព័ន្ធមិត្ដ​រាប់​ឆ្នាំ​និង​ជា​អ្នកការពារ អ្នកផ្គត់ផ្គង់​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​។ កូរ៉េខាងជើង​ដាច់ខាត​មិនអាច​បាត់បង់​ចិន​និង​រុស្ស៊ី​បានឡើយ អ៊ីចឹង​ទេ​មុន​សម្រេច​ធ្វើ​អ្វីមួយ​គេ​ជឿជាក់ថា​កូរ៉េខាងជើង​ពិតជា​គិត​បាន​ល្អិតល្អន់​ណាស់​៕

ព័ត៌មានផ្សេងទៀត