សន្ធិ​សញ្ញា​​ព្រំដែន​​កម្ពុជា-វៀតណាម​ជា​ប្រភព​​នៃ​ក្តីបារម្ភ​​របស់​​មហាជន​​ខ្មែរ​​

23-12-2019 2:59 pm 576
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម ក្នុងពិធីចុះ​កិច្ចព្រមព្រៀង​ទទួលស្គាល់​ការងារ​ខណ្ឌសីមា និង ការបោះបង្គោល​ព្រំដែន​កាលពីថ្ងៃទី៥​ តុលា ឆ្នាំ២០១៩។

​ព្រះមហាក្សត្រ​កម្ពុជា នៅ​ថ្ងៃ​ទី ០៥ ធ្នូ ឆ្នាំ ២០១៩ បាន​ចេញ​ព្រះរាជក្រម​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញបន្ថែម លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​។​ក្រោយ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ មហាជន​ខ្មែរ​មួយចំនួន​បញ្ចេញ​នូវ​ប្រតិកម្ម និង​សម្តែង​ក្តីបារម្ភ​លើ​វាសនា​ទឹកដី​កម្ពុជា ហើយ​ប្រភព​នៃ​ក្តី​បារម្ភ​ដ៏​ធំ​នោះ​គឺ កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ដែល​ពលរដ្ឋ​ចាត់ទុកថា ជា​សន្ធិសញ្ញា​ខុសច្បាប់​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​។​

​ការ​ខ្វល់ខ្វាយ​អំពី​បញ្ហា​ព្រំដែន​រដ្ឋ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ចាប់ផ្តើម​តាំងពី​សម័យ​អាណានិគមនិយម​បារាំង រហូតដល់​ពេល​បច្ចុប្បន្ន​នេះ​។​ប្រភព​នៃ​ក្តីបារម្ភ​ដ៏​ធំ​មួយ​របស់​មហាជន​កម្ពុជា​ទូទៅ​នៅ​ពេល​ចុងក្រោយ​នេះ គឺ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​ពលរដ្ឋ​ចាត់ទុកថា ជា​សន្ធិសញ្ញា «​ខុសច្បាប់​» ហើយ​«​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​»​។​បាត់បង់​ក៏​ព្រោះថា សន្ធិសញ្ញា​នេះ​មានជីវិត​ឡើង​ក្នុងអំឡុងពេល​ដែល​កម្ពុ​ជា​ស្ថិតក្រោម​ការត្រួតត្រា​នៃ​កងទ័ព​វៀតណាម​។​

​វៀតណាម​កាលពី​អតីតកាល​បាន​ប្រើ​ក​កលល្បិច​នយោបាយ​ជាច្រើន​យក​ទឹកដី​កម្ពុជា​រហូត​ដល់​ពលរដ្ឋ​កម្ពុជា​ចាត់ទុ​ក​ថា ជា​ចោរ​លួច​ទឹកដី​។​ម្លោះ​ហើយ​បាន​ជារឿយៗ​នៅពេល​រដ្ឋាភិបាល​ចុះ​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​វៀតណាម​តែងតែ​មាន​ប្រតិកម្ម​កើតឡើង​។​នៅ​ដើមខែ​តុលា បញ្ហា​ព្រំដែន​បាន​កំរើក​ឡើង​ជា​ថ្មី បន្ទាប់​ពី​កម្ពុជា និង​វៀតណាម ចុះ​កិច្ចព្រមព្រៀង​ទទួលស្គាល់​ការងារ​ខណ្ឌសីមា និង ការបោះបង្គោល​ព្រំដែន​ដែល​សម្រេចបាន​ចំនួន​៨៤​ភាគរយ​។​

​មជ្ឈដ្ឋាន​ប្រឆាំង​បានចាត់ទុក​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ថ្មី​មួយទៀត ចុះ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៩​នេះ ដើម្បី​បំពេញ​ឱ្យ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជា​សន្ធិសញ្ញា​«​ខុសច្បាប់​» ហើយ​ទាមទារ​ឱ្យ​លុប​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ទាំង​នោះ​ចោល ដោយ​សំអាង​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ឆ្នាំ​១៩៩៣​។ 

​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បំភ្លឺថា​៖ កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ជាមួយ​វៀតណាម ចាប់ពី​ឆ្នាំ​១៩៨២ ដល់​១៩៨៥ បាន​ធ្វើឡើង​ស្រប​តាម​អនុសញ្ញា​ទីក្រុង​វី​យែន​ឆ្នាំ​១៩៦៩ ស្តីពី​ច្បាប់​សន្ធិសញ្ញា​។​កម្មវត្ថុ​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​នេះ គឺ​សំដៅ​កែសម្រួល​ទិស​ដើរ​នៃ​ខ្សែ​ព្រំដែន​គោក​ដើរ​តាម​ទន្លេ ឬ​ផ្លូវទឹក ដើម្បី​កំណត់​ខ្សែ​ព្រំដែន​ដើរ​តាម​ទន្លេ ឬ​ផ្លូវទឹក ស្រប​តាម​គោ​ការណ៍ និង ការអនុវត្ត​អន្តរជាតិ​។​

​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ជា​ការកំណត់​ព្រំដែន​ទឹក​ដើរ​តាម​ព្រែក​-​ស្ទឹង​ដែល​មិន​អាច​ធ្វើ​ចរាចរណ៍​បាន ខ្សែ​ព្រំដែន​ត្រូវ​ដើរ​តាម​បន្ទាត់​ទ្រូង​នៃ​ទឹក​នោះ​។​ចំពោះ​កំណាត់​ព្រំដែន​តាម​ព្រែក​-​ស្ទឹង​ដែល​អាច​ធ្វើ​ចរាចរណ៍​បាន ខ្សែ​ព្រំដែន​ដើរ​តាម​បន្ទាត់​ទ្រូង​នៃ​ជ្រលង​ទឹក​ជ្រៅ​។​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៥ កម្ពុជា​-​វៀតណាម បាន​ឯកភាពគ្នា​កែសម្រួល​ខ្សែ​ព្រំដែន​៦​កន្លែង​ដោយ​យក​តាម​គោលការណ៍​ធំៗ​៤​ជា​មូលដ្ឋាន​គឺ​ទី​១ មូលដ្ឋាន​ច្បាប់​ដែល​រដ្ឋបាល​អាណានិគម​បារាំង​បាន​ប្រើ​។​ទី​២ ការគ្រប់គ្រង​ជាក់ស្តែង​របស់​ប្រជាជន​។​ទី​៣ ស្ថានភាព​ភូមិសាស្ត្រ និង​ទី​៤​ការអនុវត្ត​អន្តរជាតិ សម្រាប់​អនុវត្ត​នៅ​ក្នុង​ការ​កំណត់​ទិស​ដើរ​នៃ​ខ្សែ​ព្រំដែន​ទៅតាម​សណ្ឋាន​ដី​ដូច​ជា​៖ ខ្សែ​បែងចែក​ទឹក ខ្សែ​ជួរ​ភ្នំ ខ្សែរយៈ​កំពល់​។​

​ជាកា​ពិត កម្ពុជា​ធ្លាប់​ឋិត​ក្រោម​អាណា​ព្យាបាល​បារាំង​អស់​រយៈពេល​៩០​ឆ្នាំ (១៨៦៣-១៩៥៣)​។​បារាំង​បាន​បន្សល់ទុក​នូវ​ព្រំដែន​មិន​ទាន់​ច្បាស់លាស់​ទាំង​ព្រំដែន​គោក និង​សមុទ្រ​។​នៅក្នុង​សម័យ​នោះ ព្រំដែន​រវាង​កម្ពុជា​-​ថៃ ត្រូវបាន​ទទួលស្គាល់​ជា​ព្រំដែន​អន្តរជាតិ​ដែល​មាន​បង្គោល ៧៣ បោះ​រួច​ដោយ​គណៈកម្មការ​ចម្រុះ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម​។​ព្រំដែន​កម្ពុជា​-​ឡាវ និង​កម្ពុជា​-​វៀតណាម គឺជា​ព្រំដែន​រដ្ឋបាល​មាន​ភាពស្មុគ្រស្មាញ​ខ្លាំង​។​

​ក្រោយ​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ សម្តេចព្រះ​នរោត្តម​សីហនុ បាន​សម្រេច​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ឈរ​លើ​គោលការណ៍ «​ខ្សែ​ព្រំដែន​មិន​កែប្រែ​» និង​បាន​នាំយក​ផែនទី​បោន (Bonne) ខ្នាត​១/១០០០០០ បោះពុម្ភ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌិចិន​ទៅ​តម្កល់​នៅ​អ​ង្ក​ការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៦៤​។ «​ខ្សែ​ព្រំដែន​មិន​កែប្រែ​» សំដៅ​ដល់​ការដោះស្រាយ​ព្រំដែន​ដោយ​សន្តិវិធី​បញ្ចៀស​សង្គ្រាម​ដែល​អាច​កើតមានឡើង​ដោយ​ទំនាស់​ព្រំដែន​។​គោលការណ៍​នេះ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បាន​បន្ត​យកមក​អនុវត្ត​ដើម្បី​ដោះស្រាយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​

​ក្រោយមក​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម​ជាច្រើន​ទៀត​ក្នុង​នោះ​មាន​ជាអាទិ៍ សន្ធិសញ្ញា​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ ឆ្នាំ​១៩៧៩, កិច្ចព្រមព្រៀង​ស្តីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ឆ្នាំ​១៩៨២, កិច្ចព្រមព្រៀង​ស្តីពី​លក្ខន្តិកៈ​ព្រំដែន ឆ្នាំ​១៩៨៣, សន្ធិសញ្ញា​ស្តីពី​គោលការណ៍​ដើម្បី​ដោះស្រាយ​ព្រំដែន ឆ្នាំ​១៩៨៣ និង​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥​។​

​សន្ធិសញ្ញា​ទាំងនេះ ពលរដ្ឋ​ខ្មែរ​មួយចំនួន​ចាត់ទុតថា ជា​សន្ធិសញ្ញា​«​ខុសច្បាប់​» និង «​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​»​ព្រោះ​ធ្វើ​ឡើង​ក្នុងអំឡុងពេល​ដែល​កម្ពុ​ជា​ស្ថិតក្រោម​ការត្រួតត្រា​នៃ​កងទ័ព​វៀតណាម​។​តែ​យ៉ាងណា ការរិះគន់​ថា​កម្ពុជា​បាត់បង់​ទឹកដី​ដោយ​សន្ធិសញ្ញា​បំពេញបន្ថែម គេ​មើលឃើញ​ថា អ្នក​រិះគន់​ហាក់​មិន​មាន​តឹកតាង​ណា​ច្បាស់លាស់​ចោទប្រកាន់​រដ្ឋាភិបាល​ឡើង ភាគច្រើន​រិះគន់​តាម​គេ​តាម​ឯង​។​

​ជារួម​បញ្ហា​ព្រំដែន គឺជា​រឿង​ដ៏​ស្មុគ្រស្មាញ​ដែល​ទាមទារ​ពលរដ្ឋ​ខ្មែរ​ព្យាយាម​សិក្សារ​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​មុននឹង​រិះគន់ ឬ​ចោទប្រកាន់​ដោយ​ប្រការ​ណាមួយ​។​និយាយ​បែប​នេះ​មិនមែន​មានន័យថា រារាំង​មិនឱ្យ​ពលរដ្ឋ​រិះគន់​នោះទេ តែ​សូម​ឱ្យ​ការរិះគន់ ឬ​ចោទប្រកាន់​ធ្វើឡើង​ដោយ​បង្ហាញ​ភស្តតា​ង​ឱ្យ​ច្បាស់លាស់ ជៀសវាង​រិះគន់​តាម​តែ​អ្នកនយោបាយ​នាំឱ្យ​សង្គម​ខ្មែរ​ក្លាយ​ជា​ជម្លោះ​ដូច​ទសវត្សរ៍​ឆ្នាំ​១៩៧០​ដែល​លន់ នល់ ចោទ​សម្តេង​ព្រះនរោត្តមសីហនុ​៕


ព័ត៌មានផ្សេងទៀត