លោក​ថោង ខុន​៖​ភ្ញៀវ​និង​ពលរដ្ឋ​៩០​ម៉ឺន​នាក់​​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្តកំពត​​

23-12-2019 11:10 am 182

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​កម្សាន្ត​ប្រមាណ​៩០​ម៉ឺន​នាក់ ខណៈ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការរៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​កម្សាន្ត​នានា​នោះ ក៏បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​សប្បាយរីករាយ និង​រលូន​ទៅមុខ​ផងដែរ ពោលគឺ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពជោគជ័យ​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មក​ទស្សនា​ប្រមាណ​២០​ម៉ឺន​នាក់ ។ នៅ​ថ្ងៃទី​២​នៃ​ពិធីបុណ្យ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ​៤០​ម៉ឺន​នាក់​។ និង​ថ្ងៃទី​៣​មាន​ប្រមាណ​៣០​ម៉ឺន​នាក់​។ សរុប​ទាំង​៣​ថ្ងៃ គឺមាន​ចំនួន​ប្រមាណ​៩០​ម៉ឺន​នាក់​។ 

​រីឯ​ភ្ញៀវ​ដែល​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តកំពត​មាន​ប្រមាណ​៤​ម៉ឺន​នាក់​។ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៦,០០០​នាក់ ពោលគឺ​លើស​ការរំពឹងទុក បើ​ធៀប​ដូចគ្នា កាលពី​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ជុំ​ទី​១ មាន​ភ្ញៀវ​ចូល​ទស្សនា​កម្សាន្ត​ត្រឹមតែ​៣៥​ម៉ឺន​ប៉ុណ្ណោះ​។​

​នាឱកាស​នោះ លោក​ថោង ខុន ក៏បានផ្ដល់​អនុសាសន៍​ដល់​ភាគី​ពាក់ព័ន្ធ ត្រូវខិតខំ​ផ្ដល់​ហេដ្ឋរចនាសម្ពន្ធឯក​ជន​។ ក្នុងនោះ​សហគមន៍​ទេសចរណ៍ ក៏​ត្រូវខិតខំ​បង្កើត​ផលិតផល​ឱ្យបាន​ច្រើន ពោល​ផលិតផល​ដែល​ប្រកបដោយ​គុណភាព ចំណែកឯ​ប្រជាពលរដ្ឋ​ក៏​សូម​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន ផ្តល់​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ពេញចិត្ត​ដល់​ភ្ញៀវទេសចរ ដាច់ខាត​មិនត្រូវ​បន្លំ ឬ​បោកប្រាស​ភ្ញៀវ​ឱ្យសោះ​។​​ជាមួយគ្នា​នោះដែរ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ក៏ដូចជា​ខេត្តកោះកុង ព្រះសីហនុ និង​ខេត្ត​កែប សូម​ត្រៀមខ្លួន​ទទួល​អបអរសាទរ និង​ចូលរួម​ក្នុង​ព្រិត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​៤-៦ ខែ​មករា ឆ្នាំ​២០២០ ខាងមុខ​៕


ព័ត៌មានផ្សេងទៀត