សម្ព័ន្ធ​អ្នកកាសែត និង​សង្គម​ស៊ីវិល​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​អតីត​អ្នកកាសែត​២​រូប​

22-12-2019 4:07 pm 172

​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា អង្គការ​សារព័ត៌មាន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ ស្នើ​សុំ​តុលាការ​ទម្លាក់​ចោទ​ទៅ​លើ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​រូប​គឺ​លោក អ៊ួ​ន ឈិន និង លោក យាង សុធារិន្ធ (​ហៅ យាង សុជា​មេត្តា​) ក៏ដូចជា​ការចាត់វិធានកា​រ​បន្ទាន់ ដើម្បី​បញ្ចប់​នូវ​ការយាយី ការឃុំខ្លួន ការ​គម្រាមកំហែង បំភិតបំភ័យ និង​ការរើសអើង​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ​។ 

​សង្គម​ស៊ីវិល និង​ស្ថាន​ប័ន​ព័ត៌មាន​ជាច្រើន បានស្នើ​ទម្លាក់​បទ​ចោទ​លើ​អតីត​អ្នកសារព័ត៌មាន​អាស៊ីសេរី​ពីររូប​គឺ​លោក អ៊ួ​ន ឈិន និង លោក យាង សុធារិន្ធ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​«​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ​» តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្រោយមក​ត្រូវបាន​ចោទប្រកាន់​បន្ថែមទៀត​ពីបទ​«​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស​» តាម​មាត្រា ៣៩​នៃ​ច្បាប់​ស្ដីពី ការបង្ក្រាប​អំពើ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​៩​ខែ ដោយ​អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី ១៤ វិច្ឆិកា ឆ្នាំ ២០១៧ និង​ដាក់​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​កាលពី​ថ្ងៃ​ទី​២១ ខែ សីហា ឆ្នាំ ២០១៨​។​

​ទោះជា​យ៉ាងណា សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សង្ឃឹមថា ទាំង​សវនាការ​ថ្ងៃទី ២៣ ខែ​ធ្នូ ឆ្នាំ ២០១៩ ដើម្បី​ជំនុំជម្រះ​ពីបទ​«​ផលិត និង កាន់កាប់​រូប​អាសអាភាស​» និង​សវនាការ​ថ្ងៃទី ២០ មករា ឆ្នាំ ២០២០ របស់​សាលាឩទ្ធរណ៍​ដើម្បី​ជំនុំជម្រះ​ពីបទ​«​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ​» នឹង​ផ្ដល់​យុត្តិធម៌ និង ទម្លាក់​បទ​ចោទ​លើ​អ្នក​ទាំង​ពីរ​។​

​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា និង​សង្គម​ស៊ីវិល ទាំងនេះ អះអាងថា យោង​តាម​បទដ្ឋាន​បន្ទុក​នៃ​ការបង្ហាញ​ភស្តុតាង​ដូច​មានចែង​នៅក្នុង​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រកាស​សាលក្រម​ចាត់​របៀប​កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ ២០១៩ បង្ហាញឲ្យឃើញថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ក្នុង​ការដាក់​បន្ទុក​ឡើយ ពិសេស​ដំណើរការ​លើ​ករណី​អ្នក​ទាំង​ពីរ​កន្លងមក បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិទ្ធិ​ទទួ​លបាន​ការជុំនុំជម្រះ​ដោយ​យុត្តិធម៌ ដែល​មានចែង​ក្នុង​ច្បាប់​ជាតិ និង ច្បាប់​អន្តរជាតិ​របស់​អ្នក​ទាំង​ពីរ​។​

​ទន្ទឹម​នឹង​ការស្នើ​ទម្លាក់​បទ​ចោទ លើ​អតីត​អ្នក​យក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប​នេះ សង្គម​ស៊ីវិល​ក៏​ស្នើសុំ​ឲ្យ​ទម្លាក់បទ​ចោទលើ​អ្នក​យក​សារព័ត៌មាន ឌឹ ខេ​ម​បូឌា ដេលី ភ្ងាក់ងារ​កាសែត​រស្មី​កម្ពុជា និង​អ្នកបកប្រែ​ឲ្យ​សារព័ត៌មាន​រុស្ស៊ី ខណៈ​សង្គម​ស៊ីវិល​បាន​សង្កេតឃើញ ភាព​វិជ្ជមាន​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នា​ពេល​ថ្មីៗ​នេះ ដូចជា​ការផ្ដល់​អាជ្ញាប័ណ្ណ​ដល់​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក និង​ការសម្រេច​ផ្ដល់​អាជ្ញាប័ណ្ណ ដល់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​«​ខេ​ម​បូ​ចា​»​កាលពី​ពេល​ថ្មីៗ​នេះ​៕ 

 

ព័ត៌មានផ្សេងទៀត