ក្រសួង​កសិកម្ម​បដិសេធ​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​ស្ដីពី​តម្លៃ​ស្ពៃក្ដោប​ធ្លាក់ចុះ​

22-12-2019 11:58 am 328
  ស្តាប់
ស្តាប់ជាសំឡេង

ក្រសួង​កសិកម្ម​បាន​បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ស្ដី​ពី​តម្លៃ​ស្ពៃក្ដោប​ធ្លាក់ចុះ ធ្វើ​ឲ្យ​កសិករ​នៅ​ស្រុក​ប​វេល លក់​មិន​បាន​ប្រាក់កម្រៃ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​ការបដិសេធ​នេះ​ធ្វើឡើង​ក្រោយពី វិទ្យុ​អាស៊ីសេរី​បាន​ចុះផ្សាយ កាលពី​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ ។ 

​ក្រសួង​កសិកម្ម​ច្រាន​ចោល​ការចុះផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ដែល​ចុះផ្សាយ​ថា​ប្រជា​កសិករ​នៅក្នុង​ស្រុក​បរវេល ខេត្ត​បាត់ដំបង​ត្អូយត្អែរ​ពី​តម្លៃ​ស្ពៃ​ក្ដោម​ចុះថោក ដែល​ធ្វើឲ្យពូក​គេ​មាន​បញ្ហា​ជីវភាព ប៉ុន្តែ​ក្រោយ​ក្រសួង​កសិកម្ម​បាន​ចុះ​ទៅ​ដល់​មូលដ្ឋាន​ដែល​វិទ្យុ​អាស៊ី​សេរី​ចុះ​ផ្សាយ​នៅ​ភូមិ​ក្ដុល​លើ ឃុំ ក្ដុល​តា​ហែ​ន ស្រុក បរវេល ខេត្ត​បាត់ដំបង ហើយ​ក្រសួង​កសិកម្ម​អះអាង​ថា​ការចុះផ្សាយ​នេះ គឺ​ផ្ទុយ​ពី​ការពិត​។​

​ក្រសួង​កសិកម្ម បាន​ចុះ​សម្ភាសន៍​ជាមួយ​កសិករ​ឈ្មោះ រ៉​ន ក្រឹម ភេទ ប្រុស អាយុ ៣១​ឆ្នាំ បាន​ផ្ដល់​ព័ត៌មាន​ថា ចាប់ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ ២០១៩ ស្ពៃក្ដោប​លេខ​១ តម្លៃ ១,៨០០៛ ក្នុង​១​គី​ឡូ លេខ​២​តម្លៃ ១,៥០០៛ ក្នុង​១​គី​ឡូ ហើយ​ចាប់ពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៩ តម្លៃ​ស្ពៃក្ដោប​បាន​ធ្លាក់ចុះ ស្ពៃក្ដោប​លេខ​១​តម្លៃ ៧០០៛ ក្នុង​១​គី​ឡូ លេខ​២ តម្លៃ ៥០០៛ ក្នុង​១​គី​ឡូ ដោយសារ​ការប្រមូល​ផល​ស្រប​ពេល​តែមួយ ហើយ​កសិករ​នៅ​ឃុំ​ខាងលើ​បាន​ដាំ​ដុះ​ចំនួន ១៣ ទៅ ១៦ គ្រួសារ​លើ​ផ្ទៃដី​ចំនួន ១៥ ហិកតា​។ 

​យោង​តាម​ការសម្ភាសន៍​របស់​ក្រសួង​កសិកម្ម​ជាមួយ​ម្ចាស់​ចម្ការ​បានឲ្យដឹងថា ការចំណាយ​ថ្លៃដើម​ជាង​១០​លាន​រៀល ទទួល​បាន​ទិន្នផល​ពី ៣០ ទៅ​៤០ តោន​ក្នុង​មួយ​ហិកតា លក់​បាន​ប្រហែល​២៨​លាន​រៀល ដូចនេះ​កសិករ​ទទួលបាន​ប្រាក់ចំណេញ​ចន្លោះ​ពី​១០ ទៅ ១៨​លាន​រៀល ក្នុង​មួយ​ហិកតា ដោយ​ស្ពៃក្ដោប​ដាំ​រយៈពេល​តែ​៣​ខែ ១០​ថ្ងៃ ប៉ុណ្ណោះ​។​

សូមបញ្ជាក់​ថា ក្រសួង​កសិកម្ម​បាន​ច្រាន​ចោល​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ី​ថា តម្លៃ​ស្ពៃក្ដោប​ធ្លាក់​ចុះ​ធ្វើឲ្យប៉ះពាល់​​ជីវភាព​កសិករ ដោយ​ក្រសួង​បាន​អះអាង​ថា តម្លៃ​ស្ពៃក្ដោប​ខាងលើនេះ គឺជា​តម្លៃ​ដែល​នៅតែ​មាន​ស្ថានភាព​ល្អ និង​មាន​ផល​ចំណេញ​ដល់​ប្រជា​កសិករ​នៅ​ឡើយ​បើ​ប្រៀបធៀប​ថ្លៃដើម​កម្លាំង​ពលកម្ម ដាំ​ដុះ និង​ដឹកជញ្ជូន​ជាដើម​៕

ព័ត៌មានផ្សេងទៀត