លោក​គីម ជុង​អ៊ុន​​ដឹកនាំ​កិច្ចប្រជុំ​​មន្ដ្រី​យោធា​​ខណៈ​ស្ថានការណ៍​​កំពុង​ផ្លាស់ប្ដូរ​

22-12-2019 10:17 am 259

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​បាន​និយាយថា កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​យោធា​នៃ​គណបក្ស​ពលករ​ជា​បក្ស​កាន់អំណាច​កូរ៉េខាងជើង បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​មេដឹកនាំ​កំពូល​លោក​គីម ជុង​អ៊ុន​។ កាសែត​គណបក្ស​ពលករ​Rodong Sinmun​បាន​ចុះផ្សាយ​លើ​ទំព័រមុខ​នៅ​ថ្ងៃទី​២២​ធ្នូ​នេះ ដោយមាន​រូបភាព​លោក​គីម ជុង​អ៊ុន​បាន​ណែនាំ​ដល់​មន្ដ្រី​យោធា​ជាន់ខ្ពស់​។ កាសែត​ចុះផ្សាយ​ថា​លោក​មេដឹកនាំ​បានផ្ដល់​ការវិភាគ​អំពី ស្ថានភាព​ក​ក្នុងស្រុក​និង​អន្ដរជាតិ​ដែល​កំពុង​ស្ថិតក្នុង​ភាពស្មុគស្មាញ​។​

​លោក​គីម​ក៏​ត្រូវបាន​ដកស្រង់​សម្ដី​ថា​បាន​និយាយ​ពី​វិធានការ​សំខាន់ៗ ដើម្បី​ពង្រឹង​កម្លាំងប្រដាប់អាវុធ​រួមទាំង​កងទ័ព​ប្រជាជន​កូរ៉េ ដែល​កិច្ចការ​ទាំងអស់នេះ​នឹងត្រូវ​ពិភាក្សា​សម្រេច​ចំពេល​ស្ថានភាព​កំពុង​ផ្លាស់ប្ដូរ​។ កាសែត​ដដែល​ចុះផ្សាយ​ថា​នឹងមាន​កិច្ចពិភាក្សា​ពី​ការ​ពន្លឿន​ការអភិវឌ្ឍ​កម្លាំងកា​រពារ​ជាតិ ប៉ុន្ដែ​មិន​បញ្ជាក់​លម្អិត​នោះទេ​។ ទីក្រុង​ព្យុងយ៉ាង​ធ្លាប់​ប្រកាស​គណបក្ស​ពលករ​នឹង​បើក​កិច្ចប្រជុំពេញអង្គ នៃ​គណៈកម្មាធិការ​កណ្ដាល​ក្នុង​ខែធ្នូ​នេះ​។ យោធា​កូរ៉េខាងជើង​ប្រហែលជា​ត្រូវ​សម្រេចចិត្ដលើ​រឿងរ៉ាវ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក និង​ពាក់ព័ន្ធ​កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​នៅក្នុង​កិច្ចប្រជុំពេញអង្គ​នោះ​។​

​និយាយ​ពី​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក ក្នុង​រយៈពេល​ចុងក្រោយ​ហាក់​តានតឹង​កាន់តែខ្លាំង​ជាង​មុន ដោយ​កូរ៉េខាងជើង​ប្រកាស​ជោគជ័យ​នៃ​ការធ្វើ​តេស្ដ​សំខាន់ៗ​ដល់​ទៅ​ពីរលើក​។ ទោះ​មិន​បញ្ជាក់​ជាការ​ធ្វើតេស្ដ​សាកល្បង​អ្វី​ឲ្យ​ពិតប្រាកដ ប៉ុន្ដែ​គេ​សន្និដ្ឋានថា​ជាការ​ធ្វើតេស្ដ​មី​ស៊ី​ល​។ កូរ៉េខាងជើង​កំណត់​ត្រឹម​ចុងឆ្នាំ​២០១៩​ដើម្បី​សុំឲ្យ​អាមេរិក​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច បើ​អាមេរិក​មិន​ព្រម​កូរ៉េខាងជើង​នឹង​ជ្រើស​ផ្លូវ​ដើរ​ផ្សេង​។ ផ្លូវ​ដើរ​ផ្សេង​អាចជា​ការវិល​ទៅ​ចាប់ផ្ដើម​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​ឡើងវិញ​។ 

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ទើប​និយាយ​ដែរថា លោក​នឹង​ជូន​កាដូ​ដ៏​ពិសេស​មួយ​ដល់​លោក​ដូណាល់ ត្រាំ​ក្នុងឱកាស​ថ្ងៃបុណ្យ​ណូអែល​។ អ្នកតាមដាន​ស្ថានការណ៍​សន្និដ្ឋានថា​កាដូ​របស់លោក​គីម ទំនងជា​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM ដែល​កូរ៉េខាងជើង​ធ្លាប់បាន​បាញ់​កាល​ពុំទាន់​មាន​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​។ 

​ក្រុម​តាមដាន​ស្ថានការណ៍​ក៏​បង្ហាញ​ព័ត៌មាន​មួយចំនួន​ក្រោយ​វិភាគ​តាមរយៈ​រូបភាព​ចាប់បាន​ដោយ​ផ្កាយរណប ឃើញ​កូរ៉េខាងជើង​ចាប់​ផ្ដើមធ្វើ​សកម្មភាព​ឡើងវិញ​នៅ​ទីតាំង​បាញ់​សាកល្បង​មី​ស៊ី​ល​និង​ផ្កាយរណប​សូ​ហេ ប៉ុន្ដែ​មិនអាច​បញ្ជាក់​បានទេ​ថា​នោះ​គ្រាន់​ជា​ការថែទាំ​ឬ​ជា​ការរៀបចំ​ដើម្បី​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្សេងទៀត​។ មជ្ឈមណ្ឌល​បាញ់​ផ្កាយរណប​សូ​ហេ កូរ៉េខាងជើង​ធ្លាប់​សន្យា​នឹង​រំលាយចោល​អនុលោម​តាម​កិច្ចព្រមព្រៀង​រំលាយ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​។ ប៉ុន្ដែ​ដោយសា​រកា​រំលាយ​នុយក្លេអ៊ែរ​ជាប់គាំង​ព្រោះ​អាមេរិក​មិន​បន្ធូរបន្ថយ​ទណ្ឌកម្ម ទើប​កូរ៉េ​ខា​ជើង​ចាប់ផ្ដើម​រៀបចំ​ទីតាំង​បាញ់​ផ្កាយរណប​នោះ​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត