លោក​ដូណាល់ ត្រាំ​៖​​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​​ដំណាក់កាល​ទីមួយ​​នឹង​ចុះហត្ថលេខា​​ឆាប់ៗ​

22-12-2019 9:08 am 470

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា មិនយូរ​ទេ​អាមេរិក​-​ចិន​នឹង​ចុះហត្ថលេខា​លើ​ដំណាក់កាល​ទីមួយ​ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​រដ្ឋ​Florida​សហរដ្ឋអាមេរិក​លោក​ត្រាំ​បញ្ជាក់ថា ប្រទេស​ទាំងពីរ​ទើប​សម្រេចបាន​សមិទ្ធផល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​ចុះហត្ថលេខា​ក្នុងពេល​ឆាប់ៗ​។ 

​ដំណាក់កាល​ទីមួយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បានប្រកាស​តាំងពី​ដើមខែ​នេះ​ម្ល៉េះ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​អូសបន្លាយ​ពេល​ជាច្រើន​ឆ្នាំ​។ សង្គ្រាម​ពាណិជ្ជកម្ម​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នោះទេ តែ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​ទីផ្សារ​និង​កំណើនសេដ្ឋកិច្ច​ទូទាំង​សកលលោក​។ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ អាមេរិក​ឯកភាព​នឹង​កាត់​បន្ដ​យ​ការដំឡើង​ពន្ធ​លើ​ទំនិញ​មួយចំនួន​របស់​ចិន ជា​ការដោះដូរ​ឲ្យ​ចិន​ងាក​ទៅ​ទិញ​កសិផល​អាមេរិក​ឡើងវិញ​។​

​រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក​លោក​Steven Mnuchin​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា កិច្ចព្រមព្រៀង​ដំណាក់កាល​ដំបូង​អាច​នឹង​ចុះហត្ថលេខា​នៅ​ដើមខែ​មករា​ឆ្នាំ​២០២០​។ កិច្ចព្រមព្រៀង​បាន​បកប្រែ​រួចរាល់​ហើយ​នៅ​រង់ចាំតែ​ការកែតម្រូវ​ការងា​រប​ច្ចេកទេស​មួយចំនួន​ប៉ុណ្ណោះ​។ ចំពោះ​លោក​ត្រាំ​លើកឡើង​កាលពី​ថ្ងៃ​សុក្រ​ថា លោក​មាន​កិច្ចពិភាក្សា​ដ៏​ល្អ​មួយ​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង លើ​ផ្នែក​ដ៏​សំខាន់​នៃ​ដំណោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​។ លោក​ត្រាំ​សរសេរ​បង្ហោះ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​ថា ប្រទេស​ចិន​បានចាប់ផ្ដើម​ជំហាន​ដ៏​ធំ​ហើយ ក្នុង​ការទិញ​កសិផល​អាមេរិក​អនុលោម​តាម​កិច្ចព្រមព្រៀង ប៉ុន្ដែ​លោក​មិន​បានបញ្ជាក់​ច្បាស់លាស់​ថា កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​នឹងត្រូវ​ចុះហត្ថលេខា​នៅពេលណា​ទេ គ្រាន់តែ​ថា​ដំណើរការ​ចុះ​កិច្ចព្រមព្រៀង​កំពុង​ស្ថិតក្រោម​រៀបចំ​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​គឺជា​ដំណោះស្រាយ​មួយផ្នែក រំពឹង​នឹង​ឃើញ​ប្រទេស​ចិន​ជំរុញ​ការនាំ​ចូល​កសិផល​និង​ទំនិញ​ដទៃទៀត​របស់​អាមេរិក ស្របពេល​ទីក្រុង​វ៉ាស៊ីនតោន​បាន​បន្ធូរបន្ថយ​ពន្ធ​លើ​ការនាំ​ចូល​ទំនិញ​ពី​ចិន​។ តែ​យ៉ាងណាក៏ដោយ​បើ​គិតពី​ការព្យាយាម​របស់លោក​ត្រាំ ដើម្បី​ផ្លាស់ប្ដូរ​គោលនយោបាយ​ពាណិជ្ជកម្ម​ជាមួយ​ចិន កិច្ចព្រមព្រៀង​ដំណាក់កាល​ដំបូង​នៅ​ពុំទាន់​ជា​លទ្ធផល​ដុំកំភួន​នោះទេ រង់ចាំ​មើល​ដំណាក់កាល​ទី​ពីរ​បន្ដទៀត​៕

ព័ត៌មានផ្សេងទៀត