NOCC រៀបចំ​ការប្រកួត​កីឡា​ជាច្រើន​ប្រភេទ ក្នុង​ព្រឹត្តិការណ៍​សមុទ្រ​ខេត្ត​កំពត​

20-12-2019 5:01 pm 168
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឱ្យដឹងថា​គណៈកម្មាធិកា​រ  នឹង​រៀបចំ​ឱ្យមាន​សកម្មភាព​កីឡា​ដូចជា ៖ ប្រភេទ​កីឡា​ទំនើប ឬ​កីឡា​មហាជន មានដូចជា​កីឡា​រត់ប្រណាំង​កម្សាន្ត​មាន​រយៈ​ចម្ងាយ ៣​គីឡូម៉ែត្រ និង ៥​គីឡូម៉ត្រ ដោយមាន​អ្នកចូលរួម​រត់​ប្រមាណ​ជិត ២​ពាន់​នាក់​។ កីឡា​ប្រពៃណី មានដូចជា​ការសម្ដែង​គុន​ល្បក្ក​តោ និង​កីឡា​អុក​ចក្ត្រ​ង្គ​ដែល​ប្រកួត​យក​ជ័យលាភី​លេខ​១ និង​លេខ​២  ។​

​កីឡា​ប្រណាំង​ម៉ូតូ​ទឹក​អន្តរជាតិ​នៅតាម​ព្រែក​កំពង់បាយ មុខ​សាលា​ខេត្តកំពត ដែលជា​ការប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​បរទេស​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ចិន ថៃ អារ៉ាប់ និង​ប្រទេស​មួយចំនួនទៀត​។​ក្រៅពីនោះ មាន​កីឡា​លើក​ទម្ងន់ ឬ​កីឡា​ស្វែងរក​បុរស​ខ្លាំង ដែល​ចូលរួម​ប្រកួត​ជា​អ្នក​ហាត់​តាម​ក្លឹប​សាច់ដុំ​មកពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តកំពត ។ 

​មិនតែប៉ុណ្ណោះ ក៏មាន​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ក្នុង​កម្រិត​ពាក់កណ្ដាល​អាជីព ដែលមាន​ការចូលរួម​ពី​ក្រុម​កីឡាករ​៣​ប្រភេទ រួមមាន​៖ លក្ខណៈ​មិត្តភាព​កម្រិត​អាជីព ៦ គូ ពាក់កណ្តាល​អាជីព និង​គូ​ស្ម័គ្រចិត្ត​ចំនួន ១០ គូ ដែលមាន​កីឡាករ​មកពី ៨ ប្រទេស គឺ​ឥណ្ឌា អ៊ីរ៉ង់ ម៉ូ​រី​ស បារាំង អូស្ត្រាលី ចិន ថៃ និង​កម្ពុជា​ផងដែរ ។​

​គួរបញ្ជាក់ ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​មាន​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០-២២ ធ្នូ ដែលមាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន ដូចជា ពិធី​ដាំ​ដើមឈើ សកម្មភាព​កីឡា​ជាច្រើន​ប្រភេទ ការតាំង​ពិ​ពរណ៍​សមិទ្ធិផល គម្រោង​អភិវឌ្ឍន៍ និង​ផលិតផល​ខ្មែរ ការសម្ពោធ​វិថី​លក់​ម្ហូបអាហារ មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ ការសំដែង​ទស្សនីយភាព​សិល្បៈ​កម្ពុជា និង​សិល្បៈ​បរទេស ការប្រគំ​តន្ត្រី និង​កំប្លែង និង​សកម្មភាព​នានា​ជាច្រើន​ទៀត​៕

 ពាក្យគន្លឹះ  NOCCបុណ្យ​សមុទ្រ

ព័ត៌មានផ្សេងទៀត