ក្រុម​ស្រាវជ្រាវ​អាមេរិក​៖​​កូរ៉េខាងជើង​​ធ្វើ​សកម្មភាព​ជាថ្មី​​នៅ​ទីតាំង​​បាញ់​មី​ស៊ី​ល​

20-12-2019 2:18 pm 209
រូបភាពចាប់បានដោយផ្កាយរណប

​ក្រុម​ស្រាវជ្រាវ​អាមេរិក​បាន​បញ្ជាក់ថា ពួកគេ​តាមដាន​ឃើញ​កូរ៉េខាងជើង​កំពុង​ធ្វើ​សកម្មភាព​ជាថ្មី​នៅ​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល​។ ការបញ្ចេញ​របាយការណ៍​បន្ទាប់ពី​កូរ៉េខាងជើង​ប្រកាស​ជោគជ័យ​នៃ​ការធ្វើ​តេស្ដ​ផ្ទួនៗ​គ្នា​ប៉ុន្មាន​ថ្ងៃមុន ដែល​គេ​សន្និដ្ឋានថា​ជាការ​ធ្វើតេស្ដ​មី​ស៊ី​ល​។ គេហទំព័រ​38 North​ជា​គេហទំព័រ​តាមដាន​និង​វិភាគ​ព័ត៌មាន​ពាក់ព័ន្ធ​កូរ៉េខាងជើង បានបង្ហាញ​ការវិភាគ​ថ្មី​លើ​ទីតាំង​បាញ់​បង្ហោះ​ផ្កាយរណប​សូ​ហេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បញ្ជាក់ថា​តាមរយៈ​រូបភាព​ចាប់បាន​ដោយ​ផ្កាយរណប រោង​ដាក់​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​ត្រូវបាន​រៀបចំ​ឡើងវិញ​នៅ​ជិត​ប៉ុស្ដិ៍​ត្រួតពិនិត្យ​សន្ដិសុខ​។  អ្នកជំនាញ​ម្នាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​មិនទាន់​ច្បាស់​ទេ​ថា​តើ​កូរ៉េខាងជើង​កំពុង​រៀបចំ​ធ្វើតេស្ដ​មី​ស៊ី​ល​ផ្សេងទៀត​ឬ​គ្រាន់​ជា​ការថែទាំ​នៅ​ទីតាំង​បាញ់​មី​ស៊ី​ល​នោះ​។ 

​ការចាប់ផ្ដើម​សកម្មភាព​ជាថ្មី​របស់​កូរ៉េខាងជើង ធ្វើឡើង​ស្របពេល​ជិត​ដល់​ថ្ងៃ​ផុតកំណត់​ដែល​កូរ៉េខាងជើង​បាន​ស្នើឲ្យ​អាមេរិក​ធ្វើ​សម្បទាន គឺ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​នៅត្រឹម​ចុងឆ្នាំ​២០១៩​។ កូរ៉េខាងជើង​ប្រកាស​ថាបើ​គ្មាន​ការផ្លាស់ប្ដូរ​គោលនយោបាយ ដាច់​ឆ្នាំនេះ​កូរ៉េខាងជើង​នឹង​ជ្រើសរើស​ផ្លូវ​ដើរ​ផ្សេង​។ កូរ៉េខាងជើង​ប្រកាស​អាច​នឹង​ជូន​កាដូ​ដ៏​ពិសេស​មួយ​ឲ្យ​លោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃបុណ្យ​ណូអែល នោះ​ទំនងជា​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM៕

ព័ត៌មានផ្សេងទៀត