លោកសមរង្ស៊ីត្រូវបានរិះគន់ថាជាអ្នកនយោបាយមានជំងឺតួឯក

20-12-2019 11:42 am 806

លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើង ថា នៅក្នុងប្រទេសកម្ពុជា មិនអាចមានលទ្ធិប្រជាធិបតេយ្យបានទេ ប្រសិនបើគ្មានគណបក្សប្រឆាំង ហើយថានៅកម្ពុជាបច្ចុប្បន្នមិនអាចមានគណបក្សប្រឆាំងបានទេ ប្រសិនបើគ្មានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល កាលពីឆ្នាំ២០១៧កន្លងទៅ។ ប៉ុន្តែប្រធានគណបក្សនយោបាយ ដែលបង្កើតនាប៉ុន្មានឆ្នាំចុងក្រោយនេះ មិនយល់ស្របចំពោះការលើកឡើងនេះឡើយ។ 

លោកសម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ថា ទោះជាមានអ្នកពេញចិត្ត ឬមិនពេញចិត្តយ៉ាងណាក៏ដោយ ក៏អ្នកសង្កេតការណ៍គ្រប់រូបទទួលស្គាល់ថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាក្រុមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ដែលមានឥទ្ធិពលខ្លាំងជាងគេក្នុងពិភពលោក កំពុងតែជួយគណបក្សសង្គ្រោះជាតិ ដោយផ្ទាល់ ឬដោយប្រយោលយ៉ាងពេញទំហឹង។

អតីតប្រធាននៃបក្សសង្រ្គោះជាតិ បានសរសេរបន្ត ថា”ការគិតគូរឲ្យលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញ ត្រូវឆ្លងកាត់ដំណាក់កាលដូចតទៅ៖១-មិនអាចមានលទ្ធិប្រជាធិបតេយ្យបានទេ បើគ្មានគណបក្សប្រឆាំង។ ២-មិនអាចមានគណបក្សប្រឆាំងបានទេ នៅប្រទេសកម្ពុជាសព្វថ្ងៃ បើគ្មានគណបក្សសង្គ្រោះជាតិ។ ៣- មិនអាចមានគណបក្សសង្គ្រោះជាតិបានទេ បើគ្មានលោកកឹម សុខា និងលោកសម រង្ស៊ីរួមកម្លាំងគ្នាដូចមនុស្សតែមួយ ដើម្បីធានាឯកភាពនៃគណបក្សនេះ”។

សម្រាប់ការលើកឡើងនេះ ត្រូវបានលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា យល់ថាជាជំងឺតួឯករបស់លោកសម រង្ស៊ី ដែលបង្ហាញកាន់តែច្បាស់ហើយគ្មានថ្នាំព្យាបាល។ លោកពេជ្រ ស្រស់ បានថ្លែងប្រាប់វិទ្យុវាយោថា លទ្ធិប្រជាធិបតេយ្យ មិនបានទៅលើគណបក្សណាមួយនោះទេ ដោយលោកថាលទ្ធិប្រជាធិបតេយ្យ គឺសំដៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមធ្វើនយោបាយ។ ម្យ៉ាងទៀតលទ្ធិប្រជាធិបតេយ្យ ក៏មិនមែនជាសិទ្ធិផ្ដាច់មុខរបស់គណបក្សណាមួយនោះឡើយ តែជាសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ។

លោកពេជ្រ ស្រស់ បានថ្លែងយ៉ាងដូច្នេះថា”ហើយគណបក្សប្រឆាំងថាខ្លួន ជាគណបក្សប្រឆាំងផ្ដាច់មុខនៅកម្ពុជា វារឹតតែធ្វើឲ្យខ្ញុំគិថាលោកសម រង្ស៊ី កំពុងតែកើតជំងឺតួឯកឆ្កួត និងមានគំនិតកំមុយនិស្ដតែម្ដង ពីព្រោះប្រទេសដែលសេរី ប្រទេសមានលទ្ធិប្រជាធិបតេយ្យ គេអត់ខ្វល់គណបក្សណាទេ គេសំខាន់ថាគណបក្សណា ដែលអាចជួយជាតិបាន និងចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមយកអំណាចតាមសន្លឹកឆ្នោត ដូច្នេះលោកសមរង្ស៊ី ខួរក្បាលគាត់គឺមិនមែនជាលទ្ធិប្រជាធិបតេយ្យនិយមស្អីទេ ខួរក្បាលគាត់ជាអ្នកកំមុយនិស្ដនិយម ព្រោះគាត់បានរស់នៅឯប្រទេសបារាំងរាប់សិបឆ្នាំមកហើយ”។

រីឯលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានថ្លែងថា រូបលោកគ្មានការចាប់អារម្មណ៍ទៅលើការលើកឡើងរបស់លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិនេះទេ។ ប៉ុន្តែលោក ថាអ្នកនយោបាយជំនាន់ក្រោយ ដែលបង្កើតគណបក្សថ្មីៗជាបន្តបន្ទាប់មកនេះ ក៏ជាគណបក្សប្រឆាំងដែរតែពួកគេមានរបៀបប្រឆាំង មានរបៀបរិះគន់ដើម្បីស្ថាបនាខុសពីអតីតគណបក្សសង្រ្គោះជាតិ ដែលប្រឆាំងដាច់ក្បាលដាច់កន្ទុយ និងចូលចិត្តលាភពណ៌គេនោះឡើយ។

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង មានប្រសាសន៍យ៉ាងដូច្នេះថា”យើងអត់ប្រឆាំងទេ យើងជំទាស់បើរដ្ឋាភិបាលចេញគោលការណ៍ ឬអនុម័តច្បាប់ណាមួយ ឬក៏មានសមត្ថកិច្ចណាមួយដែលយើងឃើញថា ខាតបង់ផលប្រយោជន៍ប្រជាជន ផលប្រយោជន៍ប្រទេសជាតិ ឬក៏មានផលប៉ះពាល់ដល់អនាគតយើងចូលរួមជំទាស់ ហើយឥឡូវនេះយើងមានសមត្ថកិច្ចនៅឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ហ្នឹងយើងចូលរួមជំទាស់ដោយយោងតាមច្បាប់ជាធរមាន មិនមែនបានន័យថាប្រឆាំង តាមថ្នល់ ប្រឆាំងដាច់ក្បាលដាច់កន្ទុយ ទាល់តែខាងនេះរលាយ ទាល់តែខាងនោះក្បត់ជាតិ ទាល់តែខាងយើងបានសេ្នហាជាតិ អញ្ចឹងអត់អាចបង្រួបបង្រួមជាតិកើតទេ”។

សូមជម្រាបថា កន្លងមកលោកសម រង្ស៊ី ធ្លាប់បានលើកឡើង ថា គណបក្សដែលបង្កើតថ្មីជាគណបក្សអាយ៉ងរបស់គណបក្សកាន់អំណាច ហើយគ្មានឥទ្ធិពលអ្វីដែលធ្វើប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សទាំងនោះឡើយ៕ 

ព័ត៌មានផ្សេងទៀត