រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​១៨​បន្ថែម​ទៀត​នឹង​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​

20-12-2019 11:39 am 284
  ស្តាប់
ស្តាប់ជាសំឡេង

​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​១៨ ដែល​ជា​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំ​ចេញអង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើ​តាម​ការឲ្យដឹង​នៅក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ១៨ បន្ថែម ដែល​ដឹកនាំ​ដោយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ​២០១៩​។ 

រោង​ម៉ាស៊ីនកិនស្រូវ​សរុប​ចំនួន ៤៤ ហើយ បើ​គិត​ទាំង​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​១៨​បន្ថែម ត្រូវបាន​ទទួល​ការអនុញ្ញាត​ពី​អគ្គ​រដ្ឋបាល​គយ​ចិន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ការនាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដោយ​ផ្អែក​តាម​លក្ខណៈ​វិនិច្ឆ័យ​ដូចជា មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ការគ្រប់គ្រង​បុគ្គលិក និង​មាន​ដំណើរការ​គាំទ្រ​ដល់​ដំណើរការ​រោង​ម៉ាស៊ីនកិនស្រូវ​បាន​គ្រប់គ្រាន់ យល់ដឹង​អំពី​លក្ខខណ្ឌ​ភូតគាម​អនាម័យ​ដែល​មានចែង​នៅក្នុង​ពិធីសារ​ក្នុង​ការនាំ​អង្ករ​ទៅកាន់​ប្រទេស​ចិន​។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បានបញ្ជាក់​ថា រោង​ម៉ាស៊ីនកិនស្រូវ​ទាំង ១៨ ដែល​បាន​ទទួល​គោលការណ៍​ពី​អគ្គ​រដ្ឋបាល​គយ​ចិន​អនុញ្ញាត​ឲ្យ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន គឺ​បានមកពី​កិច្ចសហការ​យ៉ាង​ជិតស្និទ របស់​អគ្គ​រដ្ឋបាល​គ​យ​ចិន និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​បង្កលក្ខណ​:​ល្អប្រសើរ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ផលិតផល​អង្ករ​កម្ពុជា អាច​នឹង​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​គ្រប់​តាម​កូតា ៤០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ស្រប​តាម​សុ​ឆន្ទ​:​របស់​រដ្ឋាភិបាល​កម្ពុ​ជា​។ 

​នៅក្នុង​ឱកាស​នោះ​ដែរ លោក Wu Guo Quan តំណាង​ស្ថានទូត​ចិន បាន​បញ្ជាក់​ដែរ​ថា ទីផ្សារ​ចិន​មាន​សក្តានុពល​សម្រាប់​កសិផល​កម្ពុជា​មិនមែន​មាន​តែ​អង្ករ​ទេ ប៉ុន្តែ​ដំឡូង​មី ម្រេច ស្វាយ ស្វាយចន្ទី ត្រី កៅស៊ូ ដូង និង​កសិផល​ផ្សេងៗ​ទៀត អាច​ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​កសិករ​កម្ពុ​ជា​នាពេល​អនាគត​។​

​សូមបញ្ជាក់​ថា រោង​ម៉ាស៊ីនកិនស្រូវ​ថ្មី​នេះ មាន​សមត្ថភាព​ប្រមូល​ទិញស្រូវ និង​កិន​អង្ករ​បាន​ចំនួន​ពី ១០,០០០​តោន ទៅ ៤០,០០០​តោន ក្នុង​មួយ​ឆ្នាំ សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​នាំចេញ​ទៅ​ប្រទេស​ចិន ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​ភូតគាម​អនាម័យ ស្រប​តាម​ពិធីសារ ចាប់​ពី​កន្លែង​ផលិត​រហូត​ដល់​វេច​ខ្ចប់ និង​មាន​ខ្សែចង្វាក់​ផលិតកម្ម មាន​បន្ទប់​បិទ​ជិត ដែល​អាច​ទប់ស្កាត់​ការចម្លង​សមាសធាតុ​ចង្រៃ​ផ្សេងៗ​បាន​៕

ព័ត៌មានផ្សេងទៀត