ភារៈធារីកាណាដា៖ កាណាដានឹងបន្តគាំទ្រដល់ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

19-12-2019 4:59 pm 566
លោកកឹមសុខាចាប់ដៃជាមួយភារៈធារីកាណាដាប្រចាំកម្ពុជា

លោកកឹម សុខា អតីតប្រធាននៃអតីតបក្សសង្រ្គោះជាតិ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រីអាលីសិន ស្តារវើដ ភារៈធារីរបស់ប្រទេសកាណាដាប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងសួរសុខទុក្ខ ដោយជំនួបនេះធ្វើឡើងនៅគេហដ្ឋានរបស់លោកកឹមសុខាតែម្ដង។

លោកមុត ចន្ថា អ្នកនាំពាក្យនៃជំនួបនេះ បានឲ្យដឹងថា លោកស្រីអាលីសិន ស្តារវើដ ភារៈធារីរបស់កាណាដាប្រចាំកម្ពុជាមកជួបអតីតប្រធាននៃអតីតប្រឆាំងនាពេលនេះ គឺដើម្បីសម្ដែងការគួរសម និងសួរសុខទុក្ខអំពីសុខភាពរបស់លោកកឹម សុខា។

លោកស្រីបានជម្រាបជូនលោកកឹម សុខា ថា ប្រទេសកាណាដា នឹងបន្តគាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ,ការគោរពសិទ្ធិមនុស្ស,សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រីភារៈធារីកាណាដាប្រចាំកម្ពុជា បានបញ្ជាក់ថា កាណាដានឹងបន្តតាមដានលើដំណើរការសវនាការ សំណុំរឿងលោកកឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។

ជាការឆ្លើយតបក្នុងជំនួបនេះលោកកឹម សុខា បានអរគុណដល់ប្រទេសកាណាដា ដែលបានជួយដល់ដំណើរលទ្ធិប្រជាធិបតេយ្យ,ការបោះឆ្នោតដោយត្រឹមត្រូវសេរី និងយុត្តិធម៌,សិទ្ធិមនុស្ស,សេរីភាពសារព័ត៌មាន និងសេរីភាពសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះលោកកឹម សុខា បានរំលឹកថា កន្លងមករូបលោកធ្លាប់បានចូលរួមធ្វើការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយកាណាដា នៅពេលដែលលោកជាប្រធានគណៈកម្មការ សិទ្ធិមនុស្សនៃរដ្ឋសភានាអាណត្តិទី១ រហូតដល់រូបលោក ក្លាយជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕ 

 

ព័ត៌មានផ្សេងទៀត