អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​កុលាលភាជន៍​បុរាណ​ចំនួន​២ មក​រក្សា​ទុក​

19-12-2019 4:48 pm 217
  ស្តាប់
ស្តាប់ជាសំឡេង

​ពលរដ្ឋ​ពីរ​នាក់​នៅ​ភូមិ​តានី​និង​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានប្រគល់​កុលាលភាជន៍​បុរាណ​ចំនួន​ពីរ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ការស្ម័គ្រចិត្ត​ប្រគល់​កុលាលភាជន៍​បុរាណ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​យកទៅ​រក្សាទុក​នេះ គឺ​ក្រោយពី​ពួកគាត់​បាន​យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ឡ​តានី​អស់​ជាច្រើន​ឆ្នាំ​មក​។

​កុលាលភាជន៍​ទាំងពីរ​ដែល​ពលរដ្ឋ​យកមក​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​នេះ ទី​១​គឺ ភាជន៍​តូច​ហៅថា «​កុ​ណ្ឌី​» មាន​រាង​ដូច​ប៉ាន់តែ គ្មាន​គម្រប កម្ពស់​ប្រមាណ​៩​ស​.​ម​. និង​ទទឹង​១៣​ស​.​ម​. ជា​ប្រភេទ​ភាជន៍​ផុ យ គ្មាន​ស្រទាប់​រលោង​ឡើយ​។ ក្រុម​អ្នកជំនាញ​នៅ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ភាជន៍​ប្រភេទ​នេះ​ស្ថិត នៅក្នុង​សម័យ​ណា​នោះទេ គឺ​ក្រុមការងារ​នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​នៅពេល​ក្រោយ​។​

​ចំណែក​ភាជន៍​ធំ​វិញ​មាន​រូបរាង​ស្អាត ល្អ មាន​កម្ពស់​៤៨​ស​.​ម ទទឹង ៣៥​ស​.​ម​. ជា​ប្រភេទ​ភាជន៍​រឹង មាន​ស្រទាប់​រលោង​ពណ៌​ត្នោត ប្រគល់ជូន​ដោយ​លោក ង៉ា ច​ន្ធូ ប្រធានភូមិ​ធម្មជាតិ​រុន​តា​ឯក​។ ភាជន៍​ធំ​នេះ​បាន​រកឃើញ​នៅ​ឆ្នាំ​២០១១ នៅពេល​ឪពុកមា​របស់លោក​ភ្ជួរស្រែ​នៅ​ខាងក្រោយ​ប្រាសាទបន្ទាយ​សំ​រ៉ែ​។ បន្ទាប់ពី​ប្រទះឃើញ គាត់​ក៏​យកមក​ដាក់​ក្នុងផ្ទះ រួច​ក៏​យកទៅ​ទុកចោល​ក្នុង​គុម្ព​ឫស្សី​។​

​អ្នកជំនាញ​ផ្នែក​អភិរក្ស​កុលាលភាជន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា អ្នកស្រី ស៊ឹង ស្រី​ទូច ឱ្យដឹងថា តាម ការពិនិត្យ​សាច់​ដី​និង​ស្រទាប់​រលោង​របស់​ភាជន៍​នេះ គឺ​វា​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ភាជន៍​ដែល​គេ​រកឃើញ​ច្រើន​នៅ​តំបន់​ឡ​ទ័ព​ជ័យ បច្ចុប្បន្ន​នៅ​ក្នុងស្រុក​ស្វាយ​លើ​ចម្ងាយ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្តសៀមរាប​។ ប្រភេទ​កុលាលភាជន៍​ដែល​គេ​រកឃើញ​នៅ​តំបន់​ឡ​ទ័ព​ជ័យ​នោះ ត្រូវគេ​សន្និដ្ឋានថា វា​អាច​ផលិតឡើង​នៅ​ក្នុងអំឡុង​ស​.​វ​.​ទី​១១-​ទី​១៣​ក្នុង​សម័យអង្គរ​។​

​ប្រជាពលរដ្ឋ​ទាំងពីរ​នាក់​ដែល​បានប្រគល់​វត្ថុ​បុរាណ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​អំពាវនាវ​ដល់ បងប្អូន​ដែល​បាន​ប្រទះឃើញ​វត្ថុ​បុរាណ​គ្រប់​ប្រភេទ សូមកុំ​លក់ដូរ​ឬ​រក្សាទុក​នៅផ្ទះ​ឡើយ សូម​យក​វា​ទៅ​ប្រគ ល់​ជូន​សារមន្ទីរ​ឬ​អ្នកមាន​សមត្ថកិច្ច​ដើម្បី​អភិរក្ស​ទុក​ជូន​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​និង​សិក្សា​ស្វែងយល់ ក៏ដូចជា​ការស្រាវជ្រាវ​ផ្សេងៗ ពី​ប្រវត្តិ​នៃ​វត្ថុ​បុរាណ​ទាំងនោះ​៕

ព័ត៌មានផ្សេងទៀត