រដ្ឋមន្ត្រី​ទេសចរណ៍​​កំណត់​យក​ក្រុង​កំពត​ជា​ទីក្រុង​គំរូ​​សម្រាប់​ទីក្រុង​នានា​ទូទាំងប្រទេស​​

19-12-2019 4:17 pm 139

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន បានឲ្យដឹងថា  ក្រសួង​ទេសចរណ៍​បានកំណត់​ទិសដៅ យក​ឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ដោយ​រៀបចំ​ក្រុង​កំពត​ទាំងមូល​ឱ្យក្លាយ ទៅជា​ទីក្រុង​គំរូ សម្រាប់​ទីក្រុង​នានា​ទូទាំងប្រទេស លើ​ផ្នែក​សណ្ដាប់ធ្នាប់ អនាម័យ ទេសចរណ៍ សុវត្ថិភាព ការចត យានជំនិះ ដើម្បីឱ្យ​សម​នឹង​កិត្តិនាម​ដែល​ទីក្រុង​កំពត​ទទួលបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន ឆ្នាំ​២០២០​។​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​សាលា​ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ​។ 

​លោក ថោង ខុន បានឲ្យដឹង​បន្ថែមថា នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ពិធីបុណ្យ​សមុទ្រ​នឹង​ចូល​មកដល់​ហើយ ដូច្នេះ​ក្រុមការងារ​ដែល​ទទួលបន្ទុក​ត្រូវ​ចុះ​ទៅដល់​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ឬ​ទៅ​ដល់ផ្ទះ និង​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្ដង ដើម្បី​ណែនាំ​ឱ្យ​ពួកគាត់​រៀបចំ​បាន​ស្រេចបាច់​នូវ​ការតុបតែង អនាម័យ សណ្ដាប់ធ្នាប់ និង​ការទទួល​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវទេសចរ​ដែល​នឹង​អញ្ជើញ​មកលេង​បុណ្យ​សមុទ្រ​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​ដាស់តឿន​ឱ្យ​មន្ត្រី​មន្ទីរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ជំរុញ​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ បឹង​កា​ឡូ រមណីយដ្ឋាន ត្រូវដាក់​តម្លៃ និង​បញ្ជីរាយនាម​ម្ហូបអាហារ ទំនិញ ផលិតផល សេវាកម្ម​របស់ខ្លួន​ឱ្យបាន​ទាំងអស់គ្នា និង​ត្រូវ​ធានា​ភាពត្រឹមត្រូវ​ជូន​ភ្ញៀវ​។​

​លោក​រដ្ឋមន្ត្រី​ថ្លែង​អំពាវនាវ​ថា «​ខ្ញុំ​សូមឱ្យ​រមណីយដ្ឋាន​នានា ទីក្រុង ភូមិដ្ឋាន​ប្រជាពលរដ្ឋ បង្កើន​ការសម្អាត​ឱ្យ​ខ្លាំង លើ​ផ្នែកអនាម័យ សណ្ដាប់ធ្នាប់ ការចត​ម៉ូតូ​-​រថយន្ត គួរតែ​ចត​តាម​បណ្ដោយ​ផ្លូវ កុំ​ចត​លើ​ឥដ្ឋការ៉ូឡា​ដែល​បង្ក​ការ​បែក ទោះយ៉ាងណា​ត្រូវ​កែ​ទម្លាប់​នេះ​ឱ្យបាន ខ្ញុំ​ចង់​ធ្វើជា​គំរូ​ទូទាំងប្រទេស ព្រោះ​ក្រុង​កំពត​ជាប់​ជយលាភី​ទីក្រុង​ស្អាត​អាស៊ាន ដែល​នឹង​ទៅ​ទទួល​មេដាយ​នៅ​ប្រទេស​ព្រុយ​ណេ នាពេលខាងមុខ​»​។​

​សូមជម្រាបថា បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ខណ្ឌ​-​ក្រុង​ចំនួន​៥ ចូលរួម​ប្រឡង​ទីក្រុង​ស្អាត​អាស៊ាន ដែលមាន​ខណ្ឌដូនពេញ ក្រុង​កំពត ក្រុង​តាខ្មៅ ក្រុង​ក្រចេះ និង​ក្រុង​កំពង់ចាម​រួចមក អាស៊ាន​បាន​វាយតម្លៃ​ឱ្យ​ទីក្រុង​ចំនួន​៣ ទទួលបាន​ជយលាភី​ទីក្រុង​ស្អាត​អាស៊ាន ក្នុងនោះ​រួមមាន​៖ ខណ្ឌដូនពេញ ក្រុង​កំពត និង​ក្រុង​តាខ្មៅ​៕

ព័ត៌មានផ្សេងទៀត