អ្នកជំនាញ​៖​​វិស័យ​អចលនទ្រព្យ​​ពិ​តជា​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​និង​ការអភិវឌ្ឍ​​

18-12-2019 6:38 pm 201

​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​អះអាងថា ការពង្រីក​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការរួម​យ៉ាង​ចំណែក​សំខាន់​ក្នុងការ​លើ​កម្ពស់​សេដ្ឋកិច្ចជាតិ និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​ភាពជឿនលឿន​។ ការកើនឡើង​នៃ​តម្រូវការ​លំនៅឋាន​ថ្មីៗ ស្របពេល​កម្រិត​ប្រាក់ចំណូល​នៅក្នុង​គ្រួសារ​នី​មួយៗ​កំពុង​កើនឡើង​ជា​លំដាប់​នោះ បានធ្វើឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ការវិវឌ្ឍ​យ៉ាងខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទាំង​លំនៅដ្ឋាន ពាណិជ្ជកម្ម និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ដែល​បានបញ្ចប់​ការសាងសង់​ក្នុងពេល​ថ្មីៗ​កំពុង​ដំណើរ និង​ស្ថិតនៅក្នុង​ផែនការ​សាងសង់​។​

​ដែល​កត្តា​ទាំងអស់​នេះហើយ ទើប​បណ្តាលឲ្យ អ្នក​វិនិយោគិន​ខ្មែរ​មួយក្រុម បាន​បណ្ដាក់ទុន​វិនិយោគ​គម្រោង​លំនៅឋាន​មួយកន្លែង​ក្នុង​តំបន់​ព្រែក​ឯង ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​១០០​លាន​ដុល្លារ លើ​ផ្ទៃដី​ជាង​៥​ហិច​តា ដើម្បី​បំពេញតម្រូវការ​លំនៅឋាន​ក្នុងប្រទេស​កម្ពុជា ជាពិសេស​លំនៅឋាន​នៅ​រាជធានី​ភ្នំពេញ​។​

​តាម​ការបញ្ជាក់​ពី​លោក​ផុន ដា​ណែ​ត ជា​តំណាង​ម្ចាស់​គំរោង និង​ជា​ប្រធាន​ផ្នែក​លក់ បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក​ងាក​មក​សាងសង់​បុរី គីម ស័ង នៅ​តំបន់​ច្បារអំពៅ​ព្រែក​ឯង​នេះ ដោយសារតែ​តំបន់​នេះ គឺជា​តំបន់​ដែល​ពោរពេញ​ដោយ​សក្ដានុពល​លំនៅឋាន ជាក់ស្ដែង​នៅ​ជុំវិញ​គម្រោង​បុរី គីម​ស័ង​នេះ គឺ​សុទ្ធតែជា​គម្រោង​លំនៅឋាន​ល្បីៗ និង​មាន​ទុនវិនិយោគ​រាប់រយ​ពាន់​លាន​ដុល្លារ​អាមេរិក​។ ម្យ៉ាងទៀត គម្រោង​នេះ​មាន​ផ្លូវចេញចូល​ស្រួល ជាប់​តំបន់ឧស្សាហកម្ម​និង​ត​ភ្ជាប់​ទៅ​តំបន់​កណ្ដាល​ក្រុង​បាន​យ៉ាង​ងាយ​ផងដែរ​។ 

​លោក​បន្តថា គម្រោង​នេះ​គឺជា​គម្រោង​ដំបូង​របស់លោក ហើយក៏​មិនមែនជា​គំរោង​ចុងក្រោយ​ដែរ ។ គម្រោង​លំនៅឋាន គីម ស័ង បាន​គិតគូរ​ច្បាស់លាស់ មុននឹង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​នៅ​តំបន់​នេះ​។ លោក​ថា មុននឹង​សម្រេច​អភិវឌ្ឍន៍​គម្រោង​មួយ​នេះ អ្នក​អភិវឌ្ឍន៍​បាន​សិក្សា​លំអិត ពី​សក្ដានុពល​ជាពិសេស​ទៅលើ​ទីតាំង ជាក់ស្ដែង​ទីតាំង​របស់​គម្រោង​គីម ស័ង នៅ​ព្រែក​ឯង​នេះ គឺមាន​សក្ដានុពល​ខ្លាំង និង​មាន​ភាព​ទាក់ទាញ​ពី​សំណាក់​អតិថិជន ដែល​កំពុង​ស្វែងរក​លំនៅឋាន​ស្នាក់នៅ​។​

​សូមបញ្ជាក់ថា​តាម​ប្រសាសន៍​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍​កន្លងមក​ថា  កំណើន​នៃ​ការវិនិយោគ​វិស័យ​សំណង់​ក្នុងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ នៅតែ​ទទួលបាន​ទឹកប្រាក់​ខ្ពស់​។ ជាក់ស្ដែង​ក្នុង​រយៈ​១១​ខែ​ដើមឆ្នាំ​២០១៩​នេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ប្រមាណ​៨,៧៥​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ​៦៧,៤៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៨ ៕

 

ព័ត៌មានផ្សេងទៀត