ក្រុមហ៊ុន​ស៊ិន​ទ្រី​អាច​បន្ត​ប្រមូល​សំរាម តែ​គ្មាន​សិទ្ធិ​យក​ថ្លៃ​សេវា​សំរាម​ទេ​

18-12-2019 3:53 pm 400

​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ បាន​ចេញ​សេចក្តីណែនាំ ដោយ​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​បាន​ផ្លាស់ប្តូរ ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​នៃ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​អន្តរ​កាល ដើម្បី​ធ្វើ​ទំនើបកម្ម​សេវាសាធារណៈ និង​សម្រួល​ដល់​ការបង់ថ្លៃ​ប្រើប្រាស់​សេវា ឲ្យបាន​គ្រប់​ទីកន្លែង​។​

​នៅ​ឆ្នាំ​២០២០ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការចេញ និង​ចែក​វិក្កយបត្រ​ប្រមូល​ថ្លៃ​សេវា​សំរាម និង​សំណល់​រឹង​ជា ក្រដាស ដូច​ដែល​ធ្លាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​អគ្គិសនី ហើយ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បង់​ទូទាត់​តាម​មធ្យោបាយ អេឡិចត្រូនិក​ជំនួស​វិញ​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០​តទៅ​។ 

​អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ប្រចាំ​ខែ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ នៃ​ខែ​បន្ទាប់ តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទ​ដៃ​) ឬ​បញ្ជរ​ទូទាត់​នៅ​ធនាគារ ACLEDA ឬ E MONEY, Lyhour Weiluy, Pi Pay, True Money និង Dara Pay រហូតដល់​ពេល​បង្កើត​បាន​និង​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​នូវ ប្រព័ន្ធ​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​ថ្មី ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ។​

​សាលាក្រុង​ភ្នំពេញ បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនស៊ី​នទ្រី មាន​សិទ្ធិ បន្ត​ប្រតិបត្តិ​ការសម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​និង​សំណល់​រឹង ជា​បណ្តោះអាសន្ន​សិន ប៉ុន្តែ​មិន​មាន​សិទ្ធិ​ក្នុង​ការប្រមូល​ថ្លៃ សេវា​សម្អាត​ប្រមូល​និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង តទៅទៀត​ទេ​។​

​រដ្ឋបាល​ក្រុង​ភ្នំពេញ បញ្ជាក់ថា ចំពោះ​អតិថិជន​ដែល​ធ្លាប់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ក្នុង​វិក្កយបត្រ អគ្គិសនី ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ដោយ​ផ្អែក​តាម​ថ្លៃ​សេវា​ដែល​បាន​បង់​កាលពី​ខែតុលា ឆ្នាំ​២០១៩ ដោយ​គ្រាន់តែ​វាយ​បញ្ចូល លេខ​សំគាល់​អតិថិជន (ID) ដែល​មាន​នៅក្នុង​វិក្កយបត្រ​អគ្គិសនី​។​

​ចំពោះ​អ្នក​ដែល​ធ្លាប់​បង់ថ្លៃ​សេវា​ដោយផ្ទាល់​ជូន​ក្រុមហ៊ុន​ស៊ីន​ទ្រី គឺ​មិន​ត្រូវ​បន្ត​បង់ថ្លៃ​សេវា ជូន​ក្រុមហ៊ុន​ស៊ុន​ទ្រី​តទៅទៀត​ទេ ប៉ុន្តែ​ត្រូវ​បង្វែរ​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​វិញ តាម​ប្រព័ន្ធ​អេឡិចត្រូនិច ឬ ធនាគារ ដូច​បាន​ជម្រាបជូន​ខាងលើ ដោយ​ផ្អែក​តាម​ថ្លៃ​សេវា​ដែល​បាន​បង់​ឱ្យ ក្រុមហ៊ុន​ស៊ីន​ទ្រី​ដូច​មាន​នៅក្នុង​វិក្កយបត្រ​ចុងក្រោយ ដោយ​បង្ហាញ​ឯកសារ​បង់​ប្រាក់​នៅ​បញ្ជរ​បង់​ប្រាក់​របស់​ធ​នា​គារ ឬ ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​។​

​ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​បង់ថ្លៃ​សេវា ត្រូវយក លេខ​សំគាល់​អតិថិជន (ID) របស់​ខ្លួន​នៅក្នុង​វិក្កយបត្រ​អគ្គីសនី មក​បង់​តាម ប្រព័ន្ធ​អេឡិចត្រូនិច ឬ ធនាគារ​៕

 ពាក្យគន្លឹះ  ស៊ិនទ្រីប្រមូលសំរាម

ព័ត៌មានផ្សេងទៀត