​ខេត្តកំពត​មាន​អ្វីខ្លះ​​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​?​

18-12-2019 3:47 pm 232

​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២ នៅ​ខេត្តកំពត ដែល​រៀបចំ​ដោយ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្តកំពត កាន់​ខិត​កៀក​ជិត​ដល់​ហើយ សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​មានបំណង​ទៅលេង​បុណ្យ​សមុទ្រ​ឆ្នាំនេះ​។ តើ​ខេត្តកំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍​អ្វីខ្លះ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេចរ​ឱ្យទៅ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​? 

​ក្រសួង​ទេសចរណ៍ បាន​អះអាងថា ខេត្ត​កំពត បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា គោលដៅ​ថ្មី​នេះ បាន​ក្លាយជា​កន្លែង​សម្រាក​កម្សាន្ត​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​គ្រប់​ប្រភេទ​។ ក្រសួងទេសចរណ៍​បន្ត​ថា ចាប់ពី​ថ្ងៃទី​២០-២២ ខែ​ធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ ខេត្ត​កំពត នឹងមាន​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​ផងដែរ​។ នៅមុន​ពិធីបុណ្យ​សមុទ្រ​មកដល់ ក្រសួង​ទេ​ចរណ៍ បាន​បង្ហាញជូន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ឱ្យបាន​ស្គាល់​អំពី​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួន​នៅក្នុង​ខេត្ត​នេះ ដូចជា​៖

-​ឧទ្យាន​ដងព្រែក​៖ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បត់​ក្បាលដំរី ឃុំ​ស្នំ​ប្រាំពីរ មាន​ចម្ងាយ​ប្រមាណ ៨​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​។ រមណីយដ្ឋាន​នេះ​ស្ថិតនៅ​ជាប់​ដងព្រែក​កំពង់បាយ ដែល​ពោរពេញ​ដោយ​ធម្មជាតិ​និង​អា កាស​ធាតុ​ស្រស់​ស្រាយ​។ ភ្ញៀវទេសចរ​អាច​ជិះ​ខ្សែ​រ៉ក​ឆ្លង​ព្រែក ជិះទូក​កា​យ៉ាក់ ជិះទូក​ទា​ទឹក និង​ពិសា​អាហារ​ឆ្ងាញ់ៗ​នៅ​ទីនោះ​។​

-​រមណីយដ្ឋាន​ដូង​ទេ​រ​៖ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្នំ​ប្រាំពី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ មាន​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ ពី​ស្ពាន​ថ្មី​ក្រុង​កំពត​។ រមណីយដ្ឋាន​នេះ​ស្ថិតនៅ​ជាប់​ដងព្រែក​កំពង់បាយ ដែល​ពោរពេញ​ដោយ​ធម្មជាតិ និង​អាកាសធាតុ​ស្រស់​ស្រាយ​។ ភ្ញៀវទេសចរ​អាច​ងូតទឹក​លេង​កម្សាន្ត ជិះទូក​កា​យ៉ាក់ ជិះទូក​ទា​ទឹក ក្ដារ​រអិល និង​មាន​អាហារ​ឆ្ងាញ់ៗ​ជាច្រើន​មុខ​ទៀត​។​

​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ​៖ មាន​ទីតាំង​ស្ថិតនៅ​ភូមិ កំពង់កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ មាន​ចម្ងាយ ៧​គីឡូម៉ែត្រ ពី​ក្រុង​កំពត ដោយ​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៣៣ ពី​ខេត្តកំពត​ទៅ​ខេត្ត​កែប​។ សហគមន៍​នេះ​ជា​សហគមន៍​បែប​ធម្មជាតិ ដែលជា​កន្លែង​អភិរក្ស​ដើម​កោង​កាង​ដ៏​ធំ​មួយ​ក្នុង​ខេត្តកំពត​។ ក្នុង​សហគមន៍​មាន​បម្រើ​សេវាកម្ម​ដូចជា សេវាកម្ម​ស្នាក់នៅ ម្ហូបអាហារ​បែប​សហគមន៍ ជិះ​កាណូត​មើល​ព្រៃកោងកាង និង​មាន​លក់​ដើម​កោង​កាង​សម្រាប់​ឱ្យ​ភ្ញៀវ​ដាំ​ទុកជា​អនុស្សាវរីយ៍​ផងដែរ​។ កន្លែង​ជិះទូក​កម្សាន្ត​នៅតាម​ព្រែក​កំពង់បាយ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​។ ភ្ញៀវទេសចរ​អាច​រីក​រាយ​ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ កម្សាន្ត​ជាមួយ​ទេសភាព មើល​ថ្ងៃ​លិច មើល​អំពិលអំពែក និង​ពិសា​អាហារ​ឆ្ងាញ់ៗ​នៅ​ទីនោះ​ផងដែរ​៕

 

 

 

ព័ត៌មានផ្សេងទៀត