​ខុ​ទ្ធ​ការល័យ​ហ៊ុន សែន​​បដិសេធ​មិន​ទទួល​យក​ញត្តិ​ស្នើសុំ​ដោះលែង​លោក​រ៉ាត់ រ័ត្ន​មុនី​​

18-12-2019 1:25 pm 267

​ខុ​ទ្ធ​ការល័យ​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន បដិសេធ​មិន​ទទួលយក​ញត្តិ​ស្នើ​សុំឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះលែង​លោក​រ៉ាត់ រ័ត្ន​មុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​ការផលិត​វីដេអូ​ឯកសារ​រឿង «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ដោយសា​រញ​តិ្ត​នោះ​ខុស​បែបបទ​រដ្ឋបាល​។

​តំណាង​សហគម​បឹងកក អតីត​បឹងកក និង​តំណាង​សហគម​បុរី​កីឡា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុ​ទ្ធ​ការល័យ​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន ដើម្បី​ស្នើ​សុំឱ្យ​លោក​នាយករដ្ឋមន្ត្រី​អន្តរាគមន៍​ដោះលែង​លោក​រ៉ាត់ រ័ត្ន​មុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង (​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​)​។ ក៏ប៉ុន្តែ​ញត្តិ​នេះ​ត្រូវបាន​ខុ​ទ្ធ​ការល័យ​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន បដិសេធ​មិន​ទទួលយក ដោយសារ​ញត្តិ​នោះ​មិនត្រូវ​នឹង​ទម្រង់​បែបបទ​រដ្ឋបាល​។​

​បើតាម​អ្នកស្រី​ភោគ សុ​ភី​ន អតីត​សហគមន៍​បុរី​កីឡា បានបញ្ជាក់​ប្រាប់ថា ញ​តិ្ត​ដែល​ពួកគេ​យកមក​ដាក់​នៅ​ខុ​ទ្ធ​ការល័យ​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន គឺ​ដើម្បី​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឱ្យជួយ​អន្តរាគមន៍​ដោះលែង​លោក​រ៉ាត់ រ័ត្ន​មុនី ដោយ​អ្នកស្រី​អះអាងថា លោក​រ៉ាត់ រ័ត្ន​មុនី ជា​មនុស្ស​ល្អ​ចេះ​ជួយ​អ្នកដទៃ​ពេល​ជួប​ទុក្ខលំបាក ជាពិសេស​រឿង​ទំនាស់​ដីធ្លី លោក​រ៉ាត់ រ័ត្ន​មុនី តែងតែ​ពន្យល់​ឱ្យ​ប្រជាពលរដ្ឋ​តវ៉ា​ដោយ​សន្តិវិធី ដូចជា​រឿង​សហគមន៍​បុរី​កីឡា និង​រឿង​សហគមន៍​បឹងកក​ជាដើម​………

​សំឡេង​៖

​សូមបញ្ជាក់ថា លោក​រ៉ាត់ រ័ត្ន​មុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​កម្ពុជា ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ រយៈពេល​២​ឆ្នាំ និង​តម្រូវឲ្យ​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ២​នាក់ សរុប​៧០​លាន​រៀល​។ លោក រ៉ាត់ រ័ត្ន​មុនី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​ការរើសអើង តាម​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​ការផលិត​វីដេអូ​ឯកសារ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ឲ្យ​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​ប្រទេស​រុស្ស៊ី​។​

​ជា​ការកត់សម្គាល់​លោក​រ៉ាត់ រ័ត្ន​មុនី តែង​ច្រានចោល​ការចោទប្រកាន់រ​បស់​តុលាការ និង​អះអាងថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ការផលិត​វីដេអូរ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» នោះទេ ដោយ​លោក​គ្រាន់តែ​អ្នកបកប្រែ​ភាសារ​ឲ្យ​អ្នកសារព័ត៌មាន​ចំនួន​៤​នាក់ របស់​សារព័ត៌មាន RT (Russia Today) តែប៉ុណ្ណោះ​។ លោក​រ៉ាត់ រ័ត្ន​មុនី បន្តថា «​ខ្ញុំ​គ្រាន់តែ​ជា​អ្នកបកប្រែ​ឲ្យគេ ចំណែក​រឿង​ថត​និង​កាត់ត​វីដេអូ យកទៅ​ផ្សាយ ខ្ញុំ​អត់​បានដឹង​ទេ​។​

​សូម​ជម្រាបជូន​ថា លោក រ៉ាត់ រ័ត្ន​មុនី ត្រូវ​ប​អាជ្ញាធរ​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៨ តាម​សំណើរ​របស់​អាជ្ញាធ​រ​កម្ពុជា ពាក់ព័ន្ធ​បទល្មើស​ផលិត​វីដេអូរ​ឯកសារ​ស្ដីពី ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា «​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​» ឲ្យ​សារព័ត៌មាន RT (Russia Today) របស់​ប្រទេស​រុស្ស៊ី និង​បាន​ចាក់ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​១៤ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ​៕

ព័ត៌មានផ្សេងទៀត