លោកពេជ្រ ស្រស់នឹងពិចារណាចាកចេញពីឧត្ដមក្រុមប្រឹក្សា បើគ្មានចំណាត់ការលើលោកទុនដៀត

18-12-2019 1:03 pm 1298

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ បានព្រមានថា រូបលោកនឹងពិចារណាចាកចេញពីស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បើរដ្ឋាភិ បាលគ្មានចំណាត់ការដណ្តើមដែនសមុទ្រ ពីលោក២ទុន ដៀតមកធ្វើជាសម្បត្តិរដ្ឋវិញទេនោះ។

លោកពេជ្រ ស្រស់ បានសរសេរនៅលើហ្វេសប៊ុករបស់លោក នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ថា ក្រោយពីរូបលោកដាក់របាយការណ៍ ទៅរដ្ឋាភិបាលជុំវិញលោកផ្កាយ២ទុន ដៀត ចាក់ដីលុបសមុទ្រ ដែលរូបលោកមានទាំងភស្តុតាងគ្រប់គ្រាន់ ហើយបើសិនជារដ្ឋាភិបាលមិនមានចំណាត់ការ ដើម្បីដណ្តើមដែនសមុទ្រពីលោកផ្កាយ២ទុន ដៀត មកធ្វើជាសម្បត្តិរដ្ឋវិញទេ គឺរូបលោកនឹងសម្រេចចិត្តចុងក្រោយគួរតែបន្ត ឬចាក់ចេញពី ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ លោកពេជ្រ ស្រស់ និងក្រុមការងារ បានចុះពិនិត្យមើលករណីបុគ្គលមានអំណាចម្នាក់ បោះបង្គោលក្នុងដែនទឹកសមុទ្រនៅខេត្តកោះកុង។ លោកថា ក្រោយពីរូបលោកបានចុះទៅសិក្សាដល់ទីតាំងផ្ទាល់ គឺរូបលោកបានមើលឃើញថា លោកផ្កាយ២ទុន ដៀត ពិតជាបានចាក់ដីទន្រ្ទានយកដែនសមុទ្រពិតមែន ដោយបុគ្គលរូបបានបោះបង្គោលធ្វើជាតម្រុយ ក្នុងការចាក់ដីវាត ទីយកដែនសមុទ្រ មានទំហំតាមតម្រុយជាក់ស្តែង គឺជិត២ហិកតាចូលក្នុងដែនសមុទ្រ។ 

លោកពេជ្រ ស្រស់ បានឲ្យដឹងបន្ត ថា បើយោងតាមព័ត៌មានផ្លូវការមួយ ពីលោកចៅសង្កាត់រងម្នាក់នៅខេត្តកោះកុង គឺថាលោកទុន ដៀត បានធ្វើសហគ្រាសនៅលើដីរដ្ឋថែមទៀតផង ដោយដីធ្វើអាជីវកម្មសហគ្រាសរបស់បុគ្គលនេះ គឺមានអនុក្រឹត្យលេខ៨០កំណត់ជាដីរបស់រដ្ឋ ដោយមិនទាន់កាត់ចេញទៅជាដីកម្មសិទ្ធិរបស់ឯកជននោះទេ៕ 

ព័ត៌មានផ្សេងទៀត