អាជ្ញាធរ​ជាតិ​អប្សរា​​បន្ត​រៀបចំ​សណ្តាប់ធ្នាប់​ និង​បរិស្ថាន​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​​

18-12-2019 8:47 am 270

យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា ក្នុង​កិច្ចការ​ដើម្បី​បរិស្ថាន និង​ភាព​បៃតង​ក្នុង​រមណីយដ្ឋាន​អង្គរ នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ដាំ​ស្មៅ និង​ដើមឈើ​នៅ​បរិវេណ​ត​អង្គរវត្ត​​​ខាងត្បូង ក្នុងន័យ​ធ្វើយ៉ាងណា​បង្កើន​ភាពស្រស់​ស្អាត​នៅ​តំបន់​ជុំវិញ​នោះ​។ ក្នុង​កិច្ចការ​នេះ ក្រុមការងារ​ចម្រុះ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្នើឱ្យ​អ្នកលក់ដូរ​នៅក្បែរ​បន្ទប់ទឹក​ខាងត្បូង​ប្រាសាទអង្គរវត្ត រុះរើ​រោង​លក់ដូរ​ចេញ ហើយ​ធ្វើ​ការកាយ​ថ្ម និង​ដី​គ្រួស​ចេញពី​បរិវេណ​ទាំងនោះ ដើម្បី​ចាក់​បំពេញ​ដី​មាន​ជីជាតិ​សម្រាប់​ដាំ​ដុះ​។

សូមបញ្ជាក់ថា ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​ធ្វើ​កិច្ចការ​ជាច្រើន ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​បរិស្ថាន​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ ការចុះ​រៀបចំ​ដាំ​ស្មៅ និង​ដើមឈើ​ឡើងវិញ​នៅ​ជុំវិញ​បរិវេណ​វត្ត​អង្គរ​ខាងត្បូង​នេះ ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការប្ដេជ្ញាចិត្ត​ខ្ពស់​លើ​ការរៀបចំ​បរិស្ថាន ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​ស័ក្ដិសម​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក​របស់​មនុស្ស​ជាតិ​។​

​ក្នុងនោះដែរ លោក​យិត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចុះទៅ​ដឹកនាំ​ការរៀបចំ​ដោយផ្ទាល់ បាន​សម្ដែង​ការ​អរគុណ និង​អារម្មណ៍​រីករាយ នៅពេល​ឃើញ​អាជីវករ​ដែល​លក់ដូរ​នៅ​ជុំវិញ​នោះ មាន​ការយល់ដឹង​អំពី​តម្លៃ​នៃ​បរិស្ថាន បាន​សហការ​ចូលរួម និង​បាន​សម្រួល​ដល់​ការអនុវត្ត​ការងារ​នេះ បើទោះជា​មាន​ផលប៉ះពាល់​ដល់​ការលក់ដូរ​របស់ខ្លួន​យ៉ាងណាក្ដី​។​

​តាម​ការបញ្ជាក់​ពី​លោក​យិត ចាន់​ដា​រដ្ឋ បានឲ្យដឹងថា ទាក់ទង​នឹង​ការរៀបចំ​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​គ្រោង​នឹង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​ក្នុង​បរិវេណ​អង្គរវត្ត នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ ផងដែរ ដើម្បីឱ្យ​វាលស្មៅ​មាន​ភាព​បៃតង​ទាំង​ខួប​ប្រាំង និង​ខួប​វស្សា​៕

 

ព័ត៌មានផ្សេងទៀត