ក្រសួង​កសិកម្ម ឆ្លើយតប​នឹង​ការរិះគន់​ពាក់ព័ន្ធការធ្លាក់​ចុះ​តម្លៃ​ស្រូវ​

18-12-2019 8:36 am 358

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីប្រកាស ឆ្លើយ​បត​នឹង​ការរិះគន់​លើក​បណ្តាញ​សង្គម Facebook មួយចំនួន ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ និង​បាន​បញ្ជាក់ថា នៅពេល​នេះ​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ នៅតាម​បណ្តាល​ខេត្ត ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ មាន​តម្លៃ​សមរម្យ​ហើយ លើកលែង​តែ​ស្រូវ​អន់​គុណភាព​ប៉ុណ្ណោះ​។ 

​តាមរយៈ​សេចក្តីប្រកាស ក្រសួង​កសិកម្ម បានបញ្ជាក់​ថា កន្លង​ទៅ​ថ្មីៗ​នេះ មាន​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុក​មួយចំនួន បាន​ផ្តល់​យោបល់ ក៏​ដូចជា​ធ្វើ​ការរិះគន់ មក​លើ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពាក់ព័ន្ធ​នឹង​តម្លៃ​ស្រូវ​គ្រប់​ប្រភេទ មាន​ការធ្លាក់​ចុះ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ មានដូចជា ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ ដោយ​ពុំ​មាន​មន្ត្រី​បច្ចេកទេស របស់​

ក្រសួង​កសិកម្ម ចុះជួយ​ស្វែងរក​ទីផ្សារ និង​រក្សា​តម្លៃ​ឱ្យ​សមស្រប​ទៅនឹង​តម្លៃ​នៃ​វត្ថុធាតុដើម និង​ថ្លៃ​ពលកម្ម​សម្រាប់​ប្រជាកសិករ​។​
​ក្រសួង​បាន​បន្តថា តាមរយៈ​ការស្រាវជ្រាវ​ព័ត៌មាន ពី​បណ្តា​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានបង្ហាញ​ថា នៅតាម​បណ្តា​ខេត្ត​ដែល​បាន នឹង​កំពុង​មមាញឹក ក្នុង​ការប្រមូល​ផល គឺ​ស្រូវ​នៅ​មាន​តម្លៃ​សមរម្យ​នៅឡើយ លើកលែង​តែ​ស្រូវ​ដែល​មាន​គុណភាព​អន់​។ ​ជាមួយគ្នានេះ ក៏​មាន​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ​មួយចំនួន បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ ចុះ​ប្រមូល​ទិញ​ដោយ​ផ្ទាល់ និង​ប្រមូល​ទិញ​តាម​កិច្ចសន្យា យ៉ាង​សស្រាក់សស្រាំ​ផងដែរ​។ 

​ក្រសួង​កសិកម្ម បញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការជួយ​អន្តរាគមន៍​ដល់​កសិករ ដោយ​បាន​បញ្ចេញ​ថវិកា​បន្ថែម ចំនួន​៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​គោលដៅ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ហើយ​ស្តុក​ទុក កិន​កែច្នៃ និង​នាំចេញ​៕
 

ព័ត៌មានផ្សេងទៀត