នាយករដ្ឋមន្ដ្រី​​កូរ៉េខាងត្បូង​​ប្រកាស​នឹង​ចុះ​ចេញ​ពី​តំណែង​

17-12-2019 6:06 pm 351
នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូងលោកលី ណាក់​យ៉ុន

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន បានប្រកាស​ពី​ការចុះ​ចេញពី​តំណែង​របស់​លោកនាយក​រដ្ឋមន្ដ្រី​លី ណាក់​យ៉ុន ដោយ​បញ្ជាក់ថា​នឹង​តែងតាំង​លោក​ជុង ស្យេ​គ្យុន​ជំនួស​វិញ​។ លោក​ជុង​បាន​បម្រើការ​៦​អាណត្ដិជា​សមាជិកសភា បច្ចុប្បន្ន​មាន​វ័យ​៦៩​ឆ្នាំ និង​ត្រូវបាន​គេ​និយាយថា​ពូកែ​ខាង​កិច្ចការ​សេដ្ឋកិច្ច​។ ការតែងតាំង​លោក​ជា​នាយករដ្ឋមន្ដ្រី​ថ្មី​នឹង​ក្លាយជា​ផ្លូវការ បន្ទាប់ពី​ទទួលបាន​ការឯកភាព​ពី​សភា​។​

​ចំណែក​លោក​លី​ដែល​នឹងត្រូវ​ចុះ​ចេញពី​តំណែង ត្រូវបាន​គេ​ស្គាល់​ផងដែ​រថា​លោក​មាន​ជំនាញ​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ជប៉ុន​។ លោក​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ដ្រី​ក្នុង​ឆ្នាំ​២០១៧ នៅពេល​រដ្ឋាភិបាល​លោក​ប្រធានាធិបតីមូន​ស្បថ​ចូលដឹ​កនាំប្រទេស ហើយ​លោក​ជា​នាយករដ្ឋមន្ដ្រី​កាន់តំណែង​បានយូរ​ជាងគេ​។ ការស្ទង់មតិ​ជាច្រើន​បង្ហាញថា សាធារណជន​មើលឃើញ​លោក​លី​ជា​មនុស្ស​មានបទពិសោធន៍​ច្រើន ហើយ​លោក​ទំនង​នឹង​ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក្នុង​អាណត្ដិ​ក្រោយ​។ លោក​ក៏​នឹង​អាច​ចូល​ដឹកនាំ​ក្នុង​គណបក្ស​មួយ​ដើម្បី​ត្រៀម​បោះឆ្នោត​នៅ​ខែមេសា​ឆ្នាំក្រោយ​ផងដែរ​។​

​លោក​ប្រធានាធិបតីមូន ជែ​អ៊ីន​និយាយថា លោក​ពិតជា​សោកស្ដាយ​ដែល​លោក​លី​ចុះ​ចេញពី​តំណែង​។ ប៉ុន្ដែ​លោក​ជា​មនុស្ស​មាន​សមត្ថភាព មាន​ជំនាញ​ទំនាក់ទំនង​សាធារណៈ និង​ជា​មនុស្ស​ទទួល​បានការ​ទុកចិត្ដ​ខ្លាំង​ពី​សាធារណជន ដូច្នេះ​ការអនុញ្ញាតឲ្យ​លោកទៅ​បន្ដ​អាជីព​នយោបា​យ​ផ្ទាល់ខ្លួន​ពិតជា​ការសម្រេចចិត្ដ​ដ៏ត្រឹមត្រូ​វ​៕

ព័ត៌មានផ្សេងទៀត