រុស្ស៊ី​និង​ចិន​អន្តរាគមន៍ឲ្យ​ក្រុមប្រឹ​ក្សាស​ន្តិ​សុខ​UN លើកលែង​ទណ្ឌកម្ម​ខ្លះ​លើ​កូរ៉េខាងជើង​

17-12-2019 5:46 pm 295

​រុស្ស៊ី​និង​ចិន ដែលជា​សមាជិក​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចាប់ផ្តើម​អន្តរាគមន៍​ទៅ​ក្រុមប្រឹក្សាសន្តិសុខ ឲ្យមាន​ការលើកលែងប​ម្រាមហា​ម កូរ៉េខាងជើង​នាំចេញ​អាហារ​សមុទ្រ​និង​វាយ​ន​ភណ្ឌ​ទៅ​ក្រៅប្រទេស​។ យោងទៅតាម​សេចក្តីព្រាង​សេចក្តីសម្រេច សម​ភាគី​របស់​កូរ៉េខាងជើង​មួយគូ​នេះ ក៏​បាន​ស្នើឲ្យ​ដក​បម្រាម ដែល​រារាំង​មិនឲ្យ​ជនជាតិ​កូរ៉េខាងជើង ចេញទៅ​ធ្វើការ​នៅ​ក្រៅប្រទេស និង​ទុកជា​អសា​បង់​ទៅ​នូវ​ផែនការ​បញ្ជូន​ពលករ​កូរ៉េខាងជើង ដែល​កំពុងធ្វើការ​នៅ​ក្រៅប្រទេស ឲ្យ​ត្រឡប់​មកស្រុក​វិញ​នៅ​ចុង​ឆ្នាំនេះ​។ សេចក្តីព្រាង​ក៏​បាន​ស្នើឲ្យ​លើកលែង​ពន្ធ លើ​គម្រោង​កិច្ចសហប្រតិបត្តិការ សាងសង់​ផ្លូវដែក​និង​ផ្លូវជាតិ​អន្តរ​កូរ៉េ​ផងដែរ​។​

​ភ្លាមៗ​មិនទាន់​ដឹងថា សេចក្តីព្រាង​សេចក្តីសម្រេច នឹង​ដាក់ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុ​ខ​ចំនួន​១៥​ប្រទេស ដើម្បី​បោះឆ្នោត​គាំទ្រ​ពេលណា​នៅឡើយ​ទេ​។ អ្វីដែល​ដឹង​នោះ​គឺ សេចក្តីព្រាង​សេចក្តីសម្រេច​មួយ ត្រូវការ​សំឡេងគាំទ្រ​ពី​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន​៩ តែបើ​មានការ​វេតូ​ពី​សមាជិក​អចិន្ត្រៃយ៍​ណាមួយ ក្នុងចំណោម​៥​ប្រទេស  សេចក្តីព្រាង​សេចក្តីសម្រេច​មួយ​នោះ នៅតែ​គ្មាន​ប្រសិទ្ធភាព​ដដែល​។ ដូច្នេះ គេ​សន្នដ្ឋានថា ចិន​និង​រុស្ស៊ី​នឹង​បរាជ័យ​នៅក្នុង​ការសង្គ្រោះ​កូរ៉េខាងជើង​ចេញពី​អន្លង់​ទណ្ឌកម្ម ដោយសារតែ​អាមេរិក អង់គ្លេស​និង​បារាំង ដែលជា​សមាជិក​អចិន្ត្រៃយ៍ នឹង​ប្រើ​សិទ្ធិ​វេតូ មិនឲ្យ​សេចក្តីព្រាង​សេចក្តីសម្រេច​នោះ​ចេញរួ​ចឡើយ​។​

​អាមេរិក អង់គ្លេស​និង​បារាំង បាន​ទទូច​ម្តង​ហើយ​ម្តង​ទៀតថា គ្មាន​ទណ្ឌកម្ម​ណាមួយ​របស់​អង្គការសហប្រជាជាតិ គួរតែ​ត្រូវបាន​លើកលែង​នោះទេ រហូតដល់​កូរ៉េខាងជើង បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់គេ​ជាមុនសិន​។ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ថ្លែងថា នេះ​មិនមែនជា​ពេលដែល​ក្រុមប្រឹក្សាសន្តិសុខ ត្រូវធ្វើ​សេចក្តីសម្រេច​លើកលែង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដែល​កំពុងតែ​គំរាមកំហែង ពង្រីក​ភាព​តានតឹង បដិសេធ​ការចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ និង​បន្ត​រក្សា​អាវុធ​ដែល​ហាមឃាត់​នោះទេ​។​

​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ថ្លែងថា ទណ្ឌកម្ម​ដែល​បាន​ស្នើឲ្យ​លើក​លែងមិន​ទាក់ទង​ដោយផ្ទាល់​ជាមួយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​មនុស្សធម៌ ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កូរ៉េខាងជើង​។ លោក​Vassily Nebenzia​ថ្លែងបន្តថា គោលបំណង​នៃ​ការស្នើ​នេះ ក៏​ដើម្បី​លើកទឹកចិត្ត ដល់​ការចរចា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​ដែរ​។ ពាក់ព័ន្ធ​នឹង​ការចរចា លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក នៅតែ​រក្សា​មធ្យោបាយ​ការទូត ដើម្បី​រុញ​ដំណើរការ​ពិភាក្សា​ឲ្យ​ជឿនលឿន​ទៅមុខ​។​

​គួរ​ជម្រាបជូន​ដែរថា ខ្នោះ​ទណ្ឌកម្ម​លើ​ឧស្សាហកម្ម ដែល​រុស្ស៊ី​និង​ចិន ស្នើឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដកចេញ​នោះ បានដាក់​លើ​ប្រទេស​កូរ៉េខាងជើង​អំឡុង​ឆ្នាំ ២០១៦ និង ២០១៧ ហើយ​តាមរយៈ​សម្ពាធ​ទណ្ឌកម្ម​នេះ ធ្វើឲ្យ​កូរ៉េខាងជើង​ខាតបង់​ប្រាក់​រាប់រយ​លាន​ដុល្លារ​។ អ្នកការទូត​របស់​អង្គការសហប្រជាជាតិ​និយាយថា កាលពី​ឆ្នាំ​២០១៧​កូរ៉ខាងជើង រកបាន​ចំណូល​ពី​ការនាំចេញ​អាហារ​សមុទ្រ​ចំនួន​២៩៥​លាន​ដុល្លារ​។ ចំណែក​វាយ​ន​ភ​ណ្ឌ គឺជា​ការនាំចេញ​ធំជាងគេ​ទី ២ របស់​កូរ៉េខាងជើង បន្ទាប់ពី​ធ្យូងថ្ម​និង​រ៉ែ​ផ្សេងទៀត​ក្នុង​ឆ្នាំ ២០១៦ សរុប​ជា​ទឹកប្រាក់​ចំនួន ៧៥២ លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទិន្នន័យ ពី​ទីភ្នាក់ងារ​លើកកម្ពស់​កា​រ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ​។ 

​យោងតាម​ទិន្នន័យ​គយ​ចិន ឲ្យដឹងថា​វាយនភណ្ឌ​ជិត ៨០ ភាគរយ គឺ​កូរ៉េខាងជើង​បាន​នាំចូល​ទៅកាន់​ប្រទេស​ចិន​។ ប្រាក់​ឈ្នួល​របស់​កម្មករ​ដែល​បាន​បញ្ជូនទៅ​ក្រៅប្រទេស ក៏បានផ្តល់​ជា​រូបិយប័ណ្ណ​បរទេស សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ផងដែរ​។ អ្នក​ស៊ើបអង្កេត​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ និយាយ​នៅក្នុង​ឆ្នាំ ២០១៥ ថា កូរ៉េខាងជើង​បង្ខំ​ឲ្យ​មនុស្សជាង ៥ ម៉ឺន​នាក់ ធ្វើការ​នៅ​បរទេស ជាពិសេស​នៅ​ក្នុងប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន ដែល​រកប្រាក់​បាន​ចន្លោះ​ពី ១,២ ពាន់​លាន​ដុល្លារ​ទៅ ២,៣ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹង​កូរ៉េខាងជើង​តាំងពី​ឆ្នាំ ២០០៦ ដើម្បី​ព្យាយាម​កាត់ផ្តាច់​មូលនិធិ សម្រាប់​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត